​អូស្ត្រាលី​៖ ជំនួប​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នឹង​រក្សា​ស្ថិរភាព និង​វិបុលភាព​តំបន់​
អន្តរជាតិ
​អូស្ត្រាលី​៖ ជំនួប​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នឹង​រក្សា​ស្ថិរភាព និង​វិបុលភាព​តំបន់​
13, Mar 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល (Malcolm Turnbull) បានលើកឡើង​ពី​សារសំខាន់​នៃ​ចំណងមិត្តភាព និង​ភាពជា​ដៃគូ​រវាង​អូស្ត្រាលី និង​អាស៊ាន ខណៈដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អូស្ត្រាលី​ចូលមក​ដល់​។ លោក​សង្កត់ធ្ងន់ថា ជំនួប​ប្រវត្តិសាស្ត្រ​ខាងមុខ​បង្ហាញ​ពី​ជំហរ​របស់​អូស្ត្រាលី​ផង និង​ជា​វេ​ទិ​ក​នៃ​ស្ថិរភាព និង​វិបុលភាព​ផង​។



​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទីមួយ​ដែល​រៀបចំ​កិច្ចប្រជុំ​ពិសេស​អាស៊ាន អូស្ត្រាលី​នេះ លោក ធើ​ន​ប៊ូល បាន​ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ដែល​ត្រូវ​រៀបចំឡើង​ពីថ្ងៃ ១៧ ដល់​ថ្ងៃ ១៨ ខែមីនា​នេះ​នឹង​ផ្តល់ឱកាស​សំខាន់​សម្រាប់​គូរ​ភាគី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​។

​បើតាម​បទ​វិចារណកថា​ផ្ទាល់ខ្លួន​មួយ​ដែល​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន​អូស្ត្រាលី Canberra Times លោក ធើ​ន​ប៊ូល បានកត់សម្គាល់​ពីសារ​សំខាន់​នៃ​អាស៊ាន​ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អូស្ត្រាលី​ជាពិសេស​សេដ្ឋកិច្ច​និង​ការផ្សាភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ស្រប​ពេលដែល​ចរន្ត​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​បន្ត​ប្រែប្រួល និង​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​នោះ​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រូបនេះ  សង្កត់ធ្ងន់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អូស្ត្រាលី​នឹង​បន្ត​ស្វែងរក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ដែរ បើទោះជា​អូស្ត្រាលី​មាន​សេដ្ឋកិច្ច​ខ្លាំង និង​មានលទ្ធភាព​កំណត់​អនាគត​ខ្លួន​ក្តី​។

​លោក​បញ្ជាក់​ដូច្នេះ​៖«​យើង​ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​សន្តិសុខ និង​វិបុលភាព​របស់​យើង ស្របពេល​ដែល​យើង​ទទួលស្គាល់ថា យើង​អាច​ខ្លាំង​បាន​នៅពេលដែល​យើង​ចេះ​ចែករម្លែក​បន្ទុក​ក្នុងការ​ដឹកនាំ​ជាមួយ​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​នោះ​»​។​

«​អាស៊ាន​មាន​សារសំខាន់​ណាស់​សម្រាប់​ការសម្រេច​មហិច្ឆតា​រប​ស់​អូស្ត្រាលី​។ អាស៊ាន​ជាស​រសរ​នៃ​ស្ស្ថិរភាព និង​ជា​តួអង្គ​មួយ​ដែល​គួរ​ឲ្យ​ទុកចិត្ត​ក្នុង​រយៈពេល ៥០ ឆ្នាំ​មកនេះ​។ អាស៊ាន​ឈរ​នឹង​ទោះជា​ពេលវេលា​បន្ត​ដើរទៅ​មុខ ក្នុងនាម​ជា​អង្គការ​យុទ្ធសាស្ត្រ​ក្នុង​តំបន់ និង​មាន​សំឡេង​លើ​ឆាក​អន្តរជាតិ​។ ការប្តេជ្ញាចិត្ត​របស់​អា​ស៊ាន​ក្នុង​ការបន្ត​ការសន្ទនា និង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​បានរួម​ចំណែក​បង្កើត​វិបុលភាព និង សន្តិភាព​សម្រាប់​តំបន់​ទាំងមូល​ផង​»​។ នេះ​ជាករ​បន្ថែម​របស់លោក ធើ​ន​ប៊ូល​។

​លោក​បាន​បន្ថែមទៀតថា អូស្ត្រាលី​បានក្លាយ​ជា​ដៃគូ​សន្ទនា និង​ជា​ប្រទេស​ផ្តល់ជំនួយ​អភិវឌ្ឍន៍​សម្រាប់​អាស៊ាន​នៅក្នុង​ឆ្នាំ ១៩៧៤  ប៉ុន្តែ​បច្ចុប្បន្ន​អូស្ត្រាលី និង​អាស៊ាន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ពឹង​ផ្អែ​លើ​គ្នា​ទៅវិញទៅមក​។

 ចំណែក​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី​នេះ​វិញ បើតាម​លោក ធើ​ន​ប៊ូល ក៏​វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ជំហរ​ជាក់លាក់​របស់​អូ​ស្ត្រី​លី​នៅក្នុង​តំបន់ និង ជា​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ភាគី​ទាំងពីរ​ដែរ​។ ប្រាកដ​ណាស់ ជំនួប​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​ឲ្យ អាស៊ាន និង​អូស្ត្រាលី​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​ធានា​ស្ថិរភាព និង​សន្តិភាព និង​វិបុលភាព​តំបន់​បាន​ផងដែរ​។​

​គេ​រំពឹងថា កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នឹងត្រូវ​ចុះ​រួមគ្នា ហើយ​មេដឹកនាំ​អាស៊ាន​នឹងមាន​ឱកាស​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ធុរកិច្ច ដែល​វា​វេទិកា​ស្វែងរក​ឱកាស​ថ្មី​ដែល​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក​រវាង​អាស៊ាន​និង​អូស្ត្រាលី​ដូចគ្នា​។​

​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អូស្ត្រាលី និង​អាស៊ាន​កើន​ជិត​ដល់ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ ២០១៦​ដល់​ឆ្នាំ ២០១៧ ស្រប​ពេលដែល​សេដ្ឋកិច្ច​អាស៊ាន​បន្ត​រីកលូតលាស់​ជា​លំដាប់​នោះ​។  ក្រៅពី​ពាណិជ្ជកម្ម ប្រជាជន​អូស្ត្រាលី​ប្រហែល​ជិត​បី​លាន​នាក់​ធ្វើដំណើរ​ទៅ​ទស្សនា​ប្រទេស​អាស៊ាន ខណៈដែល​ទេសចរ​អាស៊ាន​ច្រើនជាង ១,៣​លាន​នាក់​ដែរ ដែល​បានមក​ទស្សនកិច្ច​នៅ​អូស្ត្រាលី​នោះ​ក្នុង​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៧​។ អ្វីដែល​សំខាន់ អាស៊ាន​ដែលជា​ទីផ្សារ​ដ៏​ជាធំ​ដែលមាន​ប្រជាជន​សរុប​ជាង ៦០០​លាន​នាក់ ហើយ​ត្រឹម​ឆ្នាំ ២០៣០ ប្រជាជន​អាស៊ាន​ជាង ១៦០ លាន​នាក់​នឹង​ក្លាយជា​ប្រជាជន​ជីវភាព​កម្រិត​មធ្យម​ផង ដែល​វា​ជា​រឿង​អំណោយផល​សម្រាប់​អូស្ត្រាលី​ផងដែរ​៕



Tag:
 អូស្ត្រាលី​
  ម៉ា​ល់​ខុម ធើ​ន​ប៊ូល​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com