កូនស្រី​លោក ស៊ុយ សារ៉េត ប្តឹង​ក្រុម​ជន​ដែល​វាយ​ឪពុក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
ជាតិ
កូនស្រី​លោក ស៊ុយ សារ៉េត ប្តឹង​ក្រុម​ជន​ដែល​វាយ​ឪពុក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
13, Mar 2018 , 5:11 pm        
រូបភាព
សកម្មភាពដែលពលរដ្ឋ ព្រួតគ្នាវាយលោក ស៊ុយ សារ៉េត
សកម្មភាពដែលពលរដ្ឋ ព្រួតគ្នាវាយលោក ស៊ុយ សារ៉េត
ដោយ: ថ្មីៗ
​លោក ឈី សម្បត្តិ មេធាវី​របស់លោក​បណ្ឌិត ស៊ុយ សារ៉េត ដែល​រង​នូវ​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពីពេល​ថ្មីៗ​នេះ បានដាក់​បណ្តឹង​ទៅកាន់​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​ស្វែងរក​ជនដៃដល់ យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ តាមរយៈ​បណ្តឹង លោក​មេធាវី សុំ​ទាមទារ​សំណង​ពី​ជនដៃដល់​ទាំងនោះ ចំនួន​៣​សែន​ដុល្លារ យកទៅ​ឲ្យ​កូនក្តី​របស់លោក​។



​លោក​មេធាវី ឈី ស​ម្ប​តិ្ត បាន​អះអាង​ក្នុង​បណ្តឹង​ថា ជនល្មើស​ទាំងនោះ បាន​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​មនុស្សឃាត អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​បានធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ (​រថយន្ត​) របស់លោក ស៊ុយ សារ៉េត​។ កូនស្រី​របស់លោក ស៊ុយ សារ៉េត ឈ្មោះ សារ៉េត សុ​ផា​ធិ​តា​ពេជ្រ ជា​អ្នក​ពឹងពាក់​មេធាវី ឲ្យ​ដាក់​បណ្តឹង​នេះ​ទៅ​សមត្ថកិច្ច​។

​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២0១៨ លោក ស៊ុយ សារ៉េត ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ចោមរោម​វាយ រហូតដល់​បែកក្បាល បែក​មុខមាត់ និង​ទ្រោម​ខ្លួន ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ចំណែក​រថយន្ត​របស់​លោក ក៏ត្រូវ​បាន​ពលរដ្ឋ​វាយកម្ទេច​ខូចខាត​ទាំងស្រុង មុនពេល​សមត្ថកិច្ច ចុះទៅ​ធ្វើ​អន្តរាគមន៍ នៅ​កន្លែងកើតហេតុ​។ ប្រជាពលរដ្ឋ​មួយចំនួន អះអាងថា លោក ស៊ុយ សារ៉េត បាន​បើករថយន្ត បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ចាប់ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រហូតដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ​។

​បន្ទាប់មក លោក ជួន សុវណ្ណ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនបង្ក​ហិង្សា​ខាងលើ​។ លោក ជួន សុវណ្ណ បាន​ប្រាប់ Fresh News ថា ច្បាប់ ត្រូវអនុវត្ត​លើ​អ្នកបើកបរ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​រត់គេច​ពី​កន្លែងកើតហេតុ​។ ប៉ុន្តែ​លោក បញ្ជាក់ថា អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម​៕



Tag:
 ស៊ុយ សារ៉េត​
© រក្សាសិទ្ធិដោយ thmeythmey.com