ជាតិ
កូនស្រីលោក ស៊ុយ សារ៉េត ប្តឹងក្រុមជនដែលវាយឪពុកក្នុងគ្រោះថ្នាក់ចរាចរណ៍ សកម្មភាពដែលពលរដ្ឋ ព្រួតគ្នាវាយលោក ស៊ុយ សារ៉េត
× លោក ឈី សម្បត្តិ មេធាវីរបស់លោកបណ្ឌិត ស៊ុយ សារ៉េត ដែលរងនូវការវាយដំយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលថ្មីៗនេះ បានដាក់បណ្តឹងទៅកាន់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្នើឲ្យស្វែងរកជនដៃដល់ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ តាមរយៈបណ្តឹង លោកមេធាវី សុំទាមទារសំណងពីជនដៃដល់ទាំងនោះ ចំនួន៣សែនដុល្លារ យកទៅឲ្យកូនក្តីរបស់លោក។
លោកមេធាវី ឈី សម្បតិ្ត បានអះអាងក្នុងបណ្តឹងថា ជនល្មើសទាំងនោះ បានប្រព្រឹត្តអំពើប៉ុនប៉ងមនុស្សឃាត អំពើហិង្សាមានស្ថានទម្ងន់ទោស និងបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ (រថយន្ត) របស់លោក ស៊ុយ សារ៉េត។ កូនស្រីរបស់លោក ស៊ុយ សារ៉េត ឈ្មោះ សារ៉េត សុផាធិតាពេជ្រ ជាអ្នកពឹងពាក់មេធាវី ឲ្យដាក់បណ្តឹងនេះទៅសមត្ថកិច្ច។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២0១៨ លោក ស៊ុយ សារ៉េត ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមវាយ រហូតដល់បែកក្បាល បែកមុខមាត់ និងទ្រោមខ្លួន ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែករថយន្តរបស់លោក ក៏ត្រូវបានពលរដ្ឋវាយកម្ទេចខូចខាតទាំងស្រុង មុនពេលសមត្ថកិច្ច ចុះទៅធ្វើអន្តរាគមន៍ នៅកន្លែងកើតហេតុ។ ប្រជាពលរដ្ឋមួយចំនួន អះអាងថា លោក ស៊ុយ សារ៉េត បានបើករថយន្ត បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ។
បន្ទាប់មក លោក ជួន សុវណ្ណ បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនបង្កហិង្សាខាងលើ។ លោក ជួន សុវណ្ណ បានប្រាប់ Fresh News ថា ច្បាប់ ត្រូវអនុវត្តលើអ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចពីកន្លែងកើតហេតុ។ ប៉ុន្តែលោក បញ្ជាក់ថា អ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម៕
© រក្សាសិទ្ធិដោយ thmeythmey.com