ចុងក្រោយ លោក ត្រាំ បណ្តេញលោក ធីល័រសិន ពីតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក

អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចុងក្រោយ លោក ត្រាំ បណ្តេញលោក ធីល័រសិន ពីតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក
13, Mar 2018 , 8:56 pm         6653
រូបភាព
ដោយ: ថ្មីៗ
 ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​បណ្តេញ​រដ្ឋ​មន្ត្រី​ការបរទេស​រប​ស់​ខ្លួន​លោក រិច ធី​ល័​រ​សិន ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​ទី ១៣ ខែមីនា​នេះ​។ ពេលនេះ​លោក ត្រាំ ត្រៀម​តែងតាំង​ប្រធាន​ភ្នាក់ងារ​ចារកម្ម​ស៊ី​អាយ​អេ លោក Mike Pompeo ឲ្យ​កាន់តំណែង​រដ្ឋមន្ត្រីការបរទេស​ម្តង​។​


 ចុងក្រោយ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ដែលថា លោក ត្រាំ ចង់​ដកហូត​តំណែង​រដ្ឋមន្ត្រីការបរទេស​ខ្លួន​លោក រិច ធី​ល័​រ​សិន នោះបាន​ក្លាយជា​ការពិត​ហើយ​។ ប្រធានាធិបតី​រូបនេះ​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ពី​ការប្តូរ​តំណែង​នេះ ហើយ​លោក​ក៏​ត្រៀម​ស្នើ​តែងតាំង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​មជ្ឈិម​ស៊ី​អាយ​អេ លោក Mike Pompeo ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​ដែរ​។​
 
​លោក ត្រាំ បាន​សរសេរ​បង្ហោះ​ក្នុង​គណនី Twitter ផ្លូវការ​របស់ខ្លួន​ដូច្នេះ​ថា​៖« លោក Mike Pompeo ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​មជ្ឈិម ស៊ី​អាយ​អេ នឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​យើង​។ លោក​នឹងធ្វើ​ការងារ​បានល្អ​អស្ចារ្យ​។ អរគុណ​លោក រិច ធី​ល័​រ​សិន​សម្រាប់​ការបម្រើ​ការងារ​កន្លង​មក​។ ចំណែក​អ្នកស្រី Gina Haspel នឹង​ក្លាយជា​ប្រធាន​ស្ថាប័ន​ស៊ី​អាយ​អេ​ថ្មី ហើយ​គាត់​ក្លាយជា​ស្ត្រី ដំបូងបង្អស់​ដែល​កាន់តំណែង​នេះ​។ អបអរសាទរ​អ្នក​ទាំងអស់គ្នា​»​។ 
 
​តាមពិតទៅ ព័ត៌មាន​ពាក់ព័ន្ធ​ការដកតំណែង​លោក ធី​ល័​រ​សិន នេះ​មិនមាន​ជា​រឿង​ថ្មី​ឡើយ​។ កន្លងមក​គេ​បាន​លេចលឺ​ពាក្យ​ចរចា​អា​រ៉ា​ម​ច្រើន​មកហើយ តែ​ខាង​សេត​វិមាន​ច្រានចោល​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​នោះ​។ នេះ​ក៏ដោយ ដោយសារ​លោក​ធ្លាប់មាន​ការទាស់ទែង​ខ្វែងគំនិត​គ្នាច្រើន​ដង ហើយ​អ្វីដែល​សំខាន់​នោះ​លោក ធី​ល័​រ​សិន ធ្លាប់​ហៅចៅហ្វាយ​នាយរបស់ខ្លួនគឺ​លោក ត្រាំ នោះថាជា «​មនុស្ស​ជា​ឆ្កួត​ឡប់» ទៀត​ផង​។ កាលនោះ​លោក ត្រាំ ខឹង​នឹងលោក ធី​ល័​រ​សិន ដាច់ក្បាលដាច់កន្ទុយរហូតប្រកាស​ហៅ​លោក ធី​ល័​រ​សិន​មក​ប្រកួត​ល្បងប្រាជ្ញា​ជាមួយគ្នា​ទៀតផង​។ 
 
​សារព័ត៌មាន CNN ស្រង់​សម្តី​អ្នក​នៅក្បែរ​ប្រធានាធិបតី​ថា លោក ធី​ល័​រ​សិន មិនដែល​ត្រូវ​គ្នា​ជាមួយ​លោក ត្រាំ ហើយ​លោក​ក៏​មិន​គាំទ្រ​ជំហរ​ក្នុង​នយោបាយ​ការបរទេស​របស់លោក ត្រាំ ដែរ​។ លោក ធី​ល័​រ​សិន ចង់​ដឹកនាំ​នយោបាយ​ការបរទេស​តាម​ជំហរ​របស់ខ្លួន ដោយ​មិនចាំបាច់​មានការ​លូកលាន់​ពី​លោក ត្រាំ​។ ដូច្នេះហើយ​លោក ត្រាំ ដឹង​ច្បាស់​ថា ខ្លួន​មិនអាច​បន្ត​ទុក​លោក ធី​ល័​រ​សិន ឲ្យ​កាន់តំណែង​ប្រមុខ​ការទូត​ឡើយ​។ 
 
​ត្រឡប់មកវិញ​ទាក់ទិន​នឹង​ការបណ្តេញ​លោក ធី​ល័​រ​សិន ពី​តំណែង​នេះ លោកស្រី Sarah Sander ដែលជា​អ្នកនាំពាក្យ​សេត​វិមាន​បាន​អះអាងថា លោក ត្រាំ ជា​អ្នកស្នើសុំ​ផ្ទាល់​ទៅកាន់​លោក ធី​ល័​រ​សិន​ឲ្យ​ចុះ​ពី​តំណែង​។ លោកស្រី​បានបញ្ជាក់​ដូច្នេះ​ថា លោក​ត្រាំ គិតថា វា​ជា​ពេលវេលា​សមរម្យ​ដែល​ត្រូវមាន​ការផ្លាស់ប្តូរ ដោយពេល​ខាងមុខនេះ​វា​នឹងមាន​ការចរចា​ជាមួយ​កូរ៉េខាងជើង និង​ការចរចា​ពាណិជ្ជកម្ម​ច្រើន​ផង​។​
 
​យ៉ាងណាក៏ដោយ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន CNN ដែល​ស្រង់​សម្តី​របស់លោក Steve Goldstein ដែលជា​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​នយោបាយ​ការទូត​សាធារណៈ  លោក ធី​ល័​រ​សិន​មិនបាន​និយាយ​ជាមួយ​លោក ត្រាំ នៅឡើយ​ទេ ហើយ​លោក​ក៏​មិន​បានដឹង​ដែរ​ថា លោក​ត្រាំ ពិតជា​បណ្តេញ​លោក​ពី​តំណែង​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com