ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បាន​ជនល្មើស​ពីរ​នាក់ ដែល​វាយ​លោក ស៊ុយ សារ៉េត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
14, Mar 2018 , 7:41 pm        
រូបភាព
សកម្មភាពដែលពលរដ្ឋ ព្រួតគ្នាវាយលោក ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
សកម្មភាពដែលពលរដ្ឋ ព្រួតគ្នាវាយលោក ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ​ជនសង្ស័យ​ពីរ​នាក់ ក្នុងចំណោម​ជនសង្ស័យ​ផ្សេងទៀត ដែល​ព្រួត​គ្នា​វាយដំ​លោក​បណ្ឌិត ស៊ុយ សារ៉េត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​របួស​យ៉ាង​ធ្ងន់​ធរ ត្រូវបាន​ចាប់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២0១៨​នេះ​។ នេះបើតាម Fresh News ដែលស្រង់ប្រសាសន៍របស់លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ ទៅចុះផ្សាយ​។

 
​លោក ជួន សុវណ្ណ មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ និង​ឈ្មោះ​របស់​ជនល្មើស​ទាំងពី​រនា​ក់ ដែល​ត្រូវបាន​ចាប់​ខ្លួននោះទេ​។ ប៉ុន្តែ សមត្ថកិច្ច ធ្លាប់​បង្ហាញ​ពីមុន​ថា ជនសង្ស័យ​ម្នាក់ ឈ្មោះ ភា​ជ គឺ​មហា​ក់ ដែលជា​អតីត​សន្តិសុខ​ខណ្ឌដូនពេញ ស្ថិតនៅក្រោម​ការ​តាម​ចាប់ខ្លួន​។ 
 
​សារព័ត៌មាន​ថ្មីៗ​មិនអាច​ទាក់ទង​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ដើម្បី​សុំ​ការបំភ្លឺ​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ លោក សុខ ពេញ​វុ​ធ បាន​គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុង​តាម​ចាប់​ជនសង្ស័យ​ជា​អតីតសន្តិសុខ​អភិបាល​ខណ្ឌដូនពេញ យកទៅ​ផ្តន្ទាទោស​។ 
 
​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២0១៨ លោក ស៊ុយ សារ៉េត ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ចោមរោម​វាយ រហូតដល់​បែកក្បាល បែក​មុខមាត់ និង​ទ្រោម​ខ្លួន ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ចំណែក រថយន្ត​របស់លោក ក៏ត្រូវ​បាន​ពលរដ្ឋ​វាយកម្ទេច​ខូចខាត​ទាំងស្រុង មុនពេល​សមត្ថកិច្ច ចុះទៅ​ធ្វើ​អន្តរាគមន៍ នៅ​កន្លែងកើតហេតុ​។ ប្រជាពលរដ្ឋ​មួយចំនួន អះអាងថា លោក ស៊ុយ សារ៉េត បាន​បើករថយន្ត បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ចាប់ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រហូតដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ​។​
 
​កូនស្រី​របស់លោក ស៊ុយ សារ៉េត បាន​ពឹងពាក់​លោក​មេធាវី ឈី សម្បត្តិ ឲ្យ​ដាក់​បណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​តាម​ចាប់​ជនល្មើស​យកទៅ​ផ្តន្ទាទោស​។ ក្រោយ​ទទួល​ការពឹង​ពាក់ លោក​មេធាវី ឈី សម្បត្តិ ក៏បាន​ដាក់​បណ្តឹង​ទៅកាន់​លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ ដោយ​ទាមទារ​សំណង​៣​សែន​ដុ​លា្ល​រ​ពី​ជនល្មើស ដើម្បី​យក​ជូន​កូនក្តី​របស់ខ្លួន​។  
 
​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២0១៨​នេះ ស្នងការ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​អ្នកបើកបរ និង​យានយន្ដ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​។ តាមរយៈ​សេចក្តីអំពាវនាវ ស្នងការ​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ចាប់​ឬ​ឃាត់​ជនបង្ក​គ្រោះថ្នាក់​ច​រារ​ចារ​ណ៍ ហើយ​ប្រគល់ជូន​សមត្ថកិច្ច​បាន​ហើយ ដោយ​មិនត្រូវ​ប្រើ​អំពើហិង្សា​ឡើយ​៕ 

Tag:
 ស៊ុយ សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com