កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត​របូត​ពីរ​គ្រាប់​ត្រឹម​៦​នាទី ក្រោយ Gbenga រង​ពិន័យ​កាត​ក្រហម​
15, Mar 2018 , 11:13 am        
រូបភាព
កីឡាករ Shahril Ishak អបអរ ក្រោយ រកគ្រាប់បាល់បានឲ្យក្រុម Home United
កីឡាករ Shahril Ishak អបអរ ក្រោយ រកគ្រាប់បាល់បានឲ្យក្រុម Home United
ដោយ:
​ក្រុម​បឹងកេត​បាន​រង​ការខកចិត្ត​យ៉ាងធ្ងន់ធ្ងរ​ក្រោយ​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី Home United ក្នុង​លទ្ធផល ៦-០ នា​ជំនួប​ជើង​ទី​២​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2018 កាលពី​ល្ងាច​ថ្ងៃទី​១៤ មីនា នៅ​កីឡដ្ឋាន Jalan Besar Stadium​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Samuel Ajayi រង​ពិន័យ​កាត​ក្រហម​ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ Juma'at Jantan​។ ក្នុង​ពូ​ល F នេះដែរ​ក្រុម Ceres Negros របស់​ហ្វីលីពីន​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា Shan United ក្នុង​លទ្ធផល ១-០​។



​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Samuel Ajayi ត្រូវបាន​អាជ្ញាកណ្តាល​កាត់សេចក្តី​ឆាយ​នី​ស​តៃប៉ិ Yu Ming-hsun ពិន័យ​កាត​ក្រហម ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ Juma'at Jantan របស់​ក្រុម Home United នៅ​នាទី​ទី​៨១​។ ក្រោយ​ការពិន័យ​កាត​ក្រហម​របស់ Gbenga បឹងកេត​បាន​របូត​គ្រាប់​បាល់​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​ត្រឹម​រយៈពេល​៦​នាទី​។ គ្រាប់​បាល់​ទាំងពីរ​នេះ​សម្រេច​ដោយ​កីឡាករ Anumanthan Kumar មួយ​គ្រាប់​នៅ​នាទី​ទី​៨៣ មុន​ខ្សែបម្រើ Izzdin Shafiq បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៨៧​។


កីឡាករ Gbenga Samuel Ajayi ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម

​មុន​គ្រាប់​បាល់​របស់​កីឡាករ​ទាំងពីរ​ខាងលើ​កើតឡើង នា​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា នៅ​កីឡដ្ឋាន Jalan Besar Stadium ខ្សែបម្រើ​ប្រយុទ្ធ Shahril Ishak បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់ Home United នៅ​នាទី​ទី​៣៧ មុន​ខ្សែបម្រើ​កូរ៉េខាងត្បូង Song Ui-young បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៤៤ ដើម្បី​បង្កើន​ការនាំ​មុខ ២-០ ក្នុង​វគ្គ​ទី​១​។

​ការប្រកួត​វគ្គ​ទី​២​ដំណើរការបាន​១០​នាទី​ខ្សែការពារ Faritz Abdul Hameed បានសម្រេច​គ្រាប់​ទី​៣​សម្រាប់ Home United មុន​ខ្សែការពារ Anumanthan Kumar សម្រេច​គ្រាប់​ទី​៤ ដើម្បី​បង្កើន​ការនាំ​មុខ ៤-០ សម្រាប់ Home United នៅ​នាទី​៧២​។ ក្រោយ​ចប់​ការប្រកួត​៩០​នាទី ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី Home United បាន​យកឈ្នះ​ក្រុម​បឹងកេត​ក្នុង​លទ្ធផល ៦-០ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល F ជា​បណ្តោះអាសន្ន​ដោយមាន​៧​ពិន្ទុ​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Thuwunna Stadium ក្រុម​ភ្ញៀវ Ceres Negros របស់​ហ្វីលីពីន​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ១-០ ដែល​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​សម្រេច​ដោយ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Bienvenido Maranon​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រុម​ហ្វីលីពីន​មួយ​នេះ​ឈរ​កំពូល​តារាង​ពូ​ល F នៃ AFC Cup 2018 ជា​បណ្តោះអាសន្ន​ដោយមាន​១០​ពិន្ទុ​។​

​ចំណែក​ក្រុម​បឹងកេត​ឈរ​បាត​តារាង​ដោយមាន​៣​ពិន្ទុ​ក្រោយ​៤​ប្រកួត​ឈ្នះ​១ និង​ចាញ់​៣​ប្រកួត​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​បឹងកេត​ត្រូវ​ទទួល​ក្រុម​ភ្ញៀវ Ceres Negros របស់​ហ្វីលីពីន​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រោយមក​នៅ​ថ្ងៃទី​២៥ មេសា បឹងកេត​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា Shan United នៅ​កីឡដ្ឋាន Thuwunna Stadium


Tag:
 AFC Cup 2018
  បឹងកេត​
  Home United
© រក្សាសិទ្ធិដោយ thmeythmey.com