សេដ្ឋកិច្ច
អន្តរជាតិ
លទ្ធផលស្ទង់មតិមួយ បង្ហាញពីចំនួនទឹកប្រាក់ដែលអាចរស់នៅដោយសប្បាយចិត្ត
× លុយមិនមែនជាប្រភពនៃសុភមង្គលនោះឡើយ ប៉ុន្តែចំនួនកំណត់ជាក់លាក់ណាមួយ ពិតជានាំមកភាពសប្បាយរីករាយដល់អ្នក។ នេះបើតាមការស្ទង់មតិរបស់អ្នកជំនាញចិត្តវិទ្យានៃសាកលវិទ្យាល័យ Purdue University និង University of Virginia (https://goo.gl/Vrcafx) សហរដ្ឋអាមេរិក។
តាមរយៈការស្ទង់មតិ Gallup World Poll លើមនុស្សប្រមាណ១.៧លាននាក់នៅក្នុងប្រទេសចំនួន១៦៤ អ្នកជំនាញចិត្តវិទ្យានៃសាកលវិទ្យាល័យ Purdue University និង University of Virginia បានរកឃើញថា ចំនួន៩៥ ០០០ដុល្លារអាមេរិក ក្នុង១ឆ្នាំ ជាចំនួនដែលមនុស្សទូទៅមានភាពសប្បាយរីករាយ។
ក្រុមអ្នកស្រាវជ្រាវ បានសិក្សាលើចំនួនផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ និងភាពរីករាយក្នុងជីវិតរបស់ពួកគេ។ ភាពសប្បាយរីករាយ មិនសុទ្ធតែជាប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិទាំងអស់នោះឡើយ ដោយមនុស្សពេញចិត្តនូវអ្វីដែលខ្លួនមានសមរម្យ ប៉ុន្តែប្រសិនពួកគេមានលុយកាន់តែ ពួកគេក៏ជួបបញ្ហាស្មុគស្មាញកាន់តែច្រើនផងដែរ។
បុគ្គលដែលរកចំណូលបានច្រើនជាង៩៥ ០០០ដុល្លារអាមេរិកក្នុង១ឆ្នាំ ត្រូវបានគណនាឃើញថា ភាពរីករាយក្នុងជីវិតរបស់ពួកគេស្ថិតនៅកម្រិតទាបទៅវិញ។ បើតាមការសិក្សា លុយកាក់ច្រើន តម្រូវការកាន់តែច្រើន ជាពិសេសការអូសទាញដោយសម្ភារនិយម បានធ្វើឲ្យភាពរីករាយក្នុងជីវិត មិនបានរលូន។
ជាមួយគ្នានេះ អ្នកដែលមានលុយមិនតាមកម្រិតដែលពួកគេចង់បាននោះ ក៏មិនអាចរស់នៅដោយរីករាយនោះដែរ ពីព្រោះពួកគេត្រូវខ្វល់ខ្វាយលើការដោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃ។ អ្នកដែលរកចំណូលបានតិច ពោលគឺចន្លោះពី៦០ ០០០ ទៅ៧៥ ០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ពិតជាមិនសូវសប្បាយរីករាយមែន ប៉ុន្តែពេលខ្លះពួកគេរស់នៅស្រណុកចិត្តជាងមហាសេដ្ឋីប្រាក់វាល់លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com