អន្តរជាតិ
កូរ៉េខាងត្បូង៖ រដ្ឋអាជ្ញាស្នើតុលាការចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី លី ម្យុងបាក់
× រដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែមីនា បានស្នើសុំតុលាការចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី លី ម្យុងបាក់ ពាក់ព័ន្ធសំណុំរឿងពុករលួយទទួលសំណូក។ ការស្នើសុំនេះ ធ្វើឡើងក្រោយការសួរចម្លើយ២១ម៉ោងកាលពីសប្ដាហ៍មុនរួចមក។ លោកលី ម្យុងបាក់ បានទាត់ចោលការសង្ស័យទាំងអស់លើរូបលោក និងចាត់ទុកករណីនេះ ជាការសងសឹកនយោបាយដែលរៀបចំដោយរដ្ឋាភិបាលប្រធានាធិបតី មូន ចេអ៊ីន ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ ត្រូវជាប់សង្ស័យក្នុងសំណុំរឿងពុករលួយចំនួន១៨ករណីដូចជា ការទទួលសំណូក ការលួចបន្លំ និងការបំពានអំណាចរដ្ឋអំឡុងពេលលោកកាន់អំណាចចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ។ លោក លី ត្រូវបានរដ្ឋអាជ្ញាកោះហៅកាលពីសប្ដាហ៍មុន និងប្រើប្រាស់ពេលដល់ទៅ២១ម៉ោងដើម្បីសួរចម្លើយលោក។
មកដល់ថ្ងៃទី១៩ ខែមីនាដើមសប្ដាហ៍នេះ រដ្ឋអាជ្ញាតំបន់សេអ៊ូលកណ្ដាល ក៏ស្នើតុលាការចេញដីកាចាប់ខ្លួនអតីតប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះតែម្ដង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ ក្នុងករណីតុលាការចេញដីកាមែននោះ លោក លី នឹងក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងទីបួន ដែលត្រូវចាប់ខ្លួនលើករណីឧក្រិដ្ឋបែបនេះ។
ការចោទប្រកាន់ទាំងអស់លើលោក លី មានដូចជាការបានទទួលលុយចំនួនជាង១០លានដុល្លារពីអង្គភាពចារកម្មជាតិ ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុនជាច្រើនទៀតនៅដើមអាណត្តិរបស់លោក។ លើសពីនោះ លោកក៏ជាប់សង្ស័យក្នុងការបង្កើតមូលនិធិមានទឹកប្រាក់រាប់សិបលានដុល្លារក្រោមរូបភាពក្រុមហ៊ុនផលិតសម្ភាររថយន្តឈ្មោះ DAS របស់បងប្រុសរបស់លោក។ រដ្ឋអាជ្ញាកូរ៉េខាងត្បូងជឿថា លោក លី ទើបជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុននេះ។
ជាការកត់សម្គាល់ អតីតប្រធានាធិបតីកូរ៉េខាងត្បូងតែងទទួលរកការចោទប្រកាន់ ឬកាត់ទោសពាក់ព័ន្ធករណីពុករលួយ ហើយការចោទប្រកាន់តែងធ្វើឡើងក្នុងអាណត្តិប្រធានាធិបតីដែលកាន់តំណែងបន្ត។ ឧទាហរណ៍ជាក់ស្ដែងមានដូចជាករណីពុករលួយរបស់លោក រ៉ូ មូយុន ដែលត្រូវចោទប្រកាន់ក្នុងសម័យលោក លី ដឹកនាំប្រទេស បន្ទាប់មកករណីលោកស្រី ប៉ាក ហ្គឺនហេ និងចុងក្រោយករណីលោក លី ផ្ទាល់ក្នុងអាណត្តិលោក មូន ចេអ៊ីន។
សម្រាប់លោក លី សំណុំរឿងនេះ ជាការសងសឹកនយោបាយរបស់រដ្ឋបាលប្រធានាធិបតី មូន ចេអ៊ីន ។ នេះក៏ព្រោះតែលោក មូន ជាមន្ត្រីរបស់លោក រ៉ូ មូយុន ដែលជាប្រធានាធិបតីចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ ។ លោក រ៉ូ បានធ្វើអត្តឃាតនៅឆ្នាំ២០០៩ ក្រោយរងការចោទប្រកាន់ករណីពុករលួយនេះ។ ដោយសាររឿងនេះ ទើបលោក លី យល់ថា លោក មូន កំពុងប៉ុនប៉ងសងសឹករូបលោកឲ្យអតីតមេកើយរបស់ខ្លួន៕
Tag:
កូរ៉េខាងត្បូង
លី ម្យុងបាក់
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com