១២​ចំណុច​ដែល​អ្នកបើកបរ​មិនត្រូវ​ទុកចោល​ក្នុង​រថយន្ត​ក្តៅ​
រថយន្ត
អន្តរជាតិ
១២​ចំណុច​ដែល​អ្នកបើកបរ​មិនត្រូវ​ទុកចោល​ក្នុង​រថយន្ត​ក្តៅ​
16, Apr 2018 , 10:39 pm        
រូបភាព
ដោយ: ធីតា
​ការ​ទុក​រថយន្ត​ចោល​ក្រោម​កំដៅថ្ងៃ ឬ​ក្នុងស្ថានភាព​ក្តៅ​ស្រាប់ មិនមែនជា​រឿង​ល្អ​នោះឡើយ​សម្រាប់​អ្នកបើកបរ ជាពិសេស​ម្ចាស់​យានយន្ត​។ សារព័ត៌មាន The Sunday Times បាន​លើកយក​ចំណុច​ចំនួន​១២​ដែល​អ្នកជំនាញ​មើលឃើញ​ពី​ហា​នី​ភ័យ​នៅពេល​ទុកចោល​ជាមួយ​រថយន្ត​មាន​កំដៅ​។​



​ចំណុច​ទាំង​១២​នោះ រួមមាន​៖


១. សត្វ​ចិញ្ចឹម​៖



​ការ​ទុក​សត្វ​ឆ្កែ និង​សត្វ​ចិញ្ចឹម​ផ្សេងទៀត​ចោល​នៅក្នុង​រថយន្ត មិនមែនជា​រឿង​ប្រសើរ​នោះឡើយ​។ ការសិក្សា​មួយ​កាលពី​ឆ្នាំ​២០១៤ របស់​អង្គការ​អង់គ្លេស Dogs Trust បាន​បង្ហាញថា មនុស្ស​តែ​ជាង​មួយ​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​១០​នាក់ ដែល​បានដឹងថា ការ​ទុក​ឆ្កែ​ចោល​ក្នុង​រថយន្ត​គឺជា​រឿង​គ្រោះថ្នាក់ ពោលគឺ​វា​អាច​ស្លាប់​បាន​ដោយ​ងាយ​។ ឆ្កែ​ដែល​ស្ថិតក្នុង​រថយន្ត​ក្តៅ​មួយ កំដៅ​ក្នុង​ខ្លួន​របស់​វា​អាច​ឡើងដល់​ទៅ​៤១​អង្សារ​សេ​។ អង្គការ RSPCA បានលើកឡើង ប្រសិនបើ​កំដៅ​ខាងក្រៅ​២២​អង្សារ ក្នុង​រថយន្ត​អាច​កើន​ដល់​៤៧​អង្សា​ក្នុង​រយៈពេល​១​ម៉ោង ដូច្នេះ ជីវិត​សត្វ​ឆ្កែ កាន់​តែមាន​គ្រោះថ្នាក់​។​

២. កូនក្មេង​៖



 ករណីនេះ មិនចាំបាច់​អ្នកជំនាញ​ប្រាប់​នោះឡើយ​។ របាយការណ៍ បានបង្ហាញ​ផងដែរ​ថា កុមារ​ស្លាប់​ក្នុង​រថយន្ត​ដែលមាន​កំដៅ​ក្តៅ មាន​ប្រមាណ​៣៨​ករណី​ជា​រៀងរាល់ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​។ អ្នកជំនាញ​បាន​ពិសោធន៍​រួចហើយ​ថា ការ​ទុក​រថយន្ត​ចោល​ដោយ​មិន​បើក​ម៉ាស៊ីនត្រជាក់ វា​ចាប់ផ្តើម​ឡើង​កំដៅ​ក្នុង​រង្វង់​១០​នាទី​។ កុមារ​មិនអាច​ទ្រាំទ្រ​បាន​នោះឡើយ ដូច្នេះ​ឪពុកម្តាយ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ​។​

៣. ទឹក​ច្រក​ក្នុង​ដប​ប្លា​ស្ទិ​ក​៖



​ទុក​ទឹក​ក្នុង​រថយន្ត​មិន​ដែលមាន​បញ្ហា​ចោទ​អ្វី​ឡើយ ប៉ុន្តែ​អ្នកជំនាញ​បាន​ព្រមាន​ពី​ហា​នី​ភ័យ​ផ្នែក​សុខភាព បង្កឡើង​ដោយ​ផលិតផល​គីមីសំយោគ Bisphenol A និង​សារធាតុ Phthalates ដែលមាន​នៅក្នុង​ផ្លា​ស្ទិ​ក​។ ការ​ទុក​ទឹក​ក្នុង​រថយន្ត​ក្តៅ​អាច​ឲ្យ​សារ​ធាតុគីមី​ទាំងនោះ ជ្រាបចូល​លាយឡំ​ទៅក្នុង​ទឹក ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​គ្រប់ពេល​។​

៤. ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ថាមពល​អេឡិចត្រូនិក​ផ្សេងៗ​៖



​ស្មា​ត​ហ្វូ​ន​ទំនើប​តែងតែ​រំលឹក​អ្នក​នៅពេលដែល​អ្នកលេង​វា និង​ទុក​វា​ក្នុង​បរិយាកាស​ក្តៅ​ខ្លាំងពេក​។ ឧបករណ៍​អេឡិចត្រូនិក និង​ថ្ម​ផ្សេងៗ ត្រូវតែ​ស្ថិតនៅក្នុង​កំដៅ​សមរម្យ មិនគួរ​លើ​ពី​៤០​អង្សារ​សេ​នោះឡើយ​។ កុំព្យូទ័រ DVD, MP3 Players ឬ​កា​ម៉េ​រ៉ា ជាដើម មិនត្រូវ​ស្ថិតនៅក្នុង​រថយន្ត​ដែលមាន​កំដៅ​នោះឡើយ​។​

៥. ក្រែ​ម​ការពារ​កំដៅថ្ងៃ ឬ​ផលិតផល​ជំនួយ​ស្បែក​៖



​ផលិតផល​ដែល​ប្រើប្រាស់​ដើម្បី​ការពារ​កំដៅថ្ងៃ ប៉ុន្តែ​មិនអាច​ទុក​ក្នុង​រថយន្ត​ដែលមាន​កំដៅ ជា​រឿង​អស់សំណើច​មួយ​។ ទោះបីជា​យ៉ាង​ក៏ដោយ ករណី​ជាច្រើន​បាន​កើតឡើង​រួចទៅហើយ ដូច​វត្ថុ​ធាតុ​នៃ​ផលិតផល​ទាំងនោះ បាន​រលាយ ហើយ​ករណីខ្លះ មានការ​ផ្ទុះ​ដប​ក្រែ​ម​ទៀតផង​ដែរ​។​

៦. សារធាតុ​អាអេរ៉ូសូល (Aerosol)៖



​អាអេរ៉ូសូល​ដែលជា​សារធាតុ​ផ្ទុក​ក្នុង​កំប៉ុង​ដែល​បាញ់​ទៅ​ចេញ​ជា​ផ្សែង ឬ​អ័ព្ទ មានដូចជា​ស្ប្រា​យ​បំបាត់​ក្លិន និង​បាញ់​សក់​ជាដើម​។ អ្នកជំនាញ​បាន​ណែនាំ​ថា ការ​ទុក​វា​ក្នុង​រថយន្ត ហើយ​ឡើង​កំដៅ​រហូតដល់​ទៅ​៤៨​អង្សារ​សេ និង​បណ្តាល​ឲ្យ​ផ្ទុះ​។​

៧. ស្រា​៖



​បើ​ទិញ​ស្រា​ពី​ព្រឹក សូមកុំ​ទុកចោល​ក្នុង​រថយន្ត​យូរពេក​។ ពិតណាស់ ស្រា​ត្រូវ​កំដៅ នឹងធ្វើ​ឲ្យ​គុណភាព​វា​ធ្លាក់ចុះ ហើយ​បន្ថែម​ពីលើ​នេះ ការសិក្សា​មួយ​បង្ហាញថា កំដៅ​វា​អាច​បង្ក​ឲ្យ​មាន​សមាស​អេ​ទីល កា​បា​ម៉ា​ត (ethyl carbamat/EC) ដែល​អាច​បង្ក​ទៅជា​ជំងឺមហារីក​។​

៨. វែ​នតា​ការពារ​ពន្លឺ​ថ្ងៃ​៖



​ភ័យខ្លាច​បាត់​វែ​នតា​ការពារ​ពន្លឺ​ថ្ងៃ គឺជា​រឿង​មួយ ប៉ុន្តែ​ទុក​វា​ចោល​ក្នុង​រថយន្ត​ដែលមាន​កំដៅ នឹង​បង្ក​ឲ្យ​មានរឿង​ដ៏​អវិជ្ជមាន​មួយទៀត​។ ដង​វែ​នតា​ដែល​ធ្វើ​ពី​ប្លា​ស្ទិ​ក មិនអាច​ស៊ាំ​នឹង​កំដៅ​ពេក​នោះ ទេ វា​នឹង​ដូរ​ពណ៌ ហើយ​កញ្ចប់​កាន់តែ​ស្រអាប់​។​

៩. ថ្នាំពេទ្យ​៖



​រាល់​ថ្នាំពេទ្យ ត្រូវតែ​ស្ថិតក្រោម​កំដៅ​ដែលមាន​ការណែនាំ​ច្បាស់លាស់ ពិសេស​ប្រភេទ​ថ្នាំ​ព្យាបាល​កុមារ ដូចជា Calpol និង Nurofen ជាដើម​។ ការដាក់​ថ្នាំពេទ្យ​ក្រោម​កំដៅ​លើសពី​២៥​អង្សារ​សេ អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេល ដោយ​ថ្នាំពេទ្យ​នឹង​ខូចគុណភាព ហើយ​អ្នក​លេប​ប្រឈម​គ្រោះ​ដល់​ជីវិត​។​

 ១០. ក្រែ​ម​លាប​បបូរមាត់​៖



​សុភាពនារី កុំ​ខ្ជិល​ឲ្យ​សោះ​ក្នុងការ​ដាក់​ក្រែ​ម​លាប​បបូរមាត់​តាម​ខ្លួន ជំនួស​ឲ្យ​ការ​ទុកចោល​ក្នុង​រថយន្ត​។ មិនមាន​ការបង្ហាញ​ល​ទ្ធ​ផល​វិទ្យាសាស្ត្រ​អ្វី​ជាក់ស្តែង​ឡើយ តែ​អ្នក​ទាំងអស់គ្នា​ដឹង​ហើយ​ថា កំដៅ​ខ្លាំង​នឹង​បណ្តាល​ឲ្យ​វារ​លាយ​។​

១១. ភេសជ្ជៈ​កំប៉ុង​ដែលមាន​ជាតិ​ហ្គាស​៖



​មនុស្ស​តិច​បំផុត​ដែល​មិន​ធ្លាប់​គាស់​ភេសជ្ជៈ​ផឹក​នៅក្នុង​រថយន្ត​។ ករណីនេះ មិនជា​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​ការ​ទុក​វា​ចោល​ក្រោម​កំដៅ​ក្តៅ អាច​បង្ក​ឲ្យ​មានការ​ផ្ទុះ​ហ្គាស​ចេញពី​កំប៉ុង ជាពិសេស​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​។​

១២. ដែកកេះ​៖



​បើ​មិន​កេះ ធ្វើ​ម៉េច​បាន​ឆេះ​? កុំ​ឆ្ងល់​នឹង​សំណួរ​នេះ​ឲ្យ​សោះ​។ ដែកកេះ គឺជា​ឧបករណ៍​មួយ​ដែល​អាច​ផ្ទុះ​គ្រប់ពេល ជាពិសេស​នៅពេល​ទុកចោល​វា​ក្នុង​រថយន្ត​ក្តៅ​ខ្លាំង ទោះបីជា​មិនមាន​ភ្លើង​ក៏ដោយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com