ជាតិ
សេដ្ឋកិច្ច
ស្ពានអាកាសថ្មី, កាណូត, រថភ្លើងប៉ោយប៉ែត-ភ្នំពេញ, ភ្នំពេញ-ព្រលានយន្តហោះ ដាក់ឱ្យប្រើមុនចូលឆ្នាំខ្មែរ
× សៀមរាប៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ពីមធ្យោបាយដឹកអ្នកដំណើរចំនួន៤ ដែលគ្រោងនឹងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរនេះ។
សូមស្តាប់ប្រសាសន៍របស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដូចតទៅ៖
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលរៀបចំឡើងក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅសណ្ឋាគារ មហាសណ្ឋាគារអង្គរ នៅព្រឹកថ្ងៃទី១៩ ខែមីនា លោក ស៊ុន ចាន់ថុល បានថ្លែងថា រដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការសាកល្បងនូវមធ្យោបាយដឹកជញ្ជូនចំនួន៤ នៅមុនចូលឆ្នាំនេះ។ មធ្យោបាយទាំង៤នោះ រួមមាន ផ្លូវរថភ្លើងពីប៉ោយប៉ែត-ភ្នំពេញ ដែលនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅថ្ងៃទី៤ ខែមេសា។ ផ្លូវរថភ្លើងនេះ ឆ្លងកាត់ប៉ោយប៉ែត ស្វាយស៊ីសុផុន បាត់ដំបង ពោធិ៍សាត់ និងភ្នំពេញ។ ទី២ កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ ទៅតាខ្មៅ គ្រោងបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី ៦ ខែមេសា។ ទី៣ ខ្សែរថភ្លើងពីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងទី៤ គឺបើកដំណើរជាបណ្តោះអាសន្ន ស្ពានអាកាសផ្សារដីហុយ នៅថ្ងៃទី១២ ខែមេសា។
តាមលោករដ្ឋមន្ត្រីក្រសួងសាធារណការ ការបើកដំណើរការបណ្តោះអាសន្ននូវគម្រោងខាងលើ គឺដើម្បីសម្រួលការធ្វើដំណើរ ក៏ដូចជាកាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។
© រក្សាសិទ្ធិដោយ thmeythmey.com