ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​ល្អ​តែ​ចំណាយ​របស់​រដ្ឋ​កាន់តែ​ធំ​
21, Mar 2018 , 7:59 pm        
រូបភាព
ទិដ្ឋភាព​នៃ​ការលូតលាស់​ផ្នែក​សំណង់​ក្នុង​ក្រុងភ្នំពេញ​ ប្រទេសកម្ពុជា ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៧។​ (រ៉ាវី សុភារ័ត្ន/VOA)
ទិដ្ឋភាព​នៃ​ការលូតលាស់​ផ្នែក​សំណង់​ក្នុង​ក្រុងភ្នំពេញ​ ប្រទេសកម្ពុជា ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៧។​ (រ៉ាវី សុភារ័ត្ន/VOA)
ដោយ:
 វ៉ាស៊ីនតោន ៖ សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​រីកចម្រើន​ក្នុង​រង្វង់​៧​ភាគរយ ប៉ុន្តែ​ក៏​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)។​



​ការរីកចម្រើន​នេះ​ដោយសារតែ​មានការ​ចំណាយ​សាធារណៈ​ខ្ពស់​និង​សកម្មភាព​ទេសចរណ៍​ក៏ដូចជា​វិស័យ​សំណង់​រីកដុះដាល​។​

​លោក Jarkko Turunen ប្រធាន​បេសកកម្ម​របស់ IMF ប្រចាំ​កម្ពុជា​បានបញ្ជាក់​ក្រោយពី​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​ថា ហានិភ័យ​ទាំងនេះ​មាន​កត្តា​ម៉ាក្រូសេដ្ឋកិច្ច​និង​ពី​ខាងក្រៅ​ស្រុក​និង​កត្តានយោបាយ​ផងដែរ​។​

​លោក Turunen បាន​បន្ថែមថា​៖

«​ភាពមិនច្បាស់លាស់​ខាង​នយោបាយ​អាចធ្វើឱ្យ​កាត់បន្ថយ​ទំនុកចិត្ត​អ្នកប្រើប្រាស់​និង​អ្នកវិនិយោគ​ក្នុងខណៈ​ពេលដែល​ការរីកលូតលាស់​នៅ​ទូទាំង​ពិភពលោក​អាច​បង្កើន​ការបញ្ជាទិញ​ទំនិញ​នាំចេញ​និង​សកម្មភាព​ទេសចរណ៍​»​។​

​កម្ពុ​ជាមាន​ទុនបម្រុង​បរទេស​ចំនួន​៨,៩​ពាន់​លាន​ដុល្លារ​ត្រឹម​ខែមករា​ឆ្នាំ​២០១៨​ស្របពេល​ដែលមាន​បំណុល​សាធារណៈ​ចំនួន​៦,៦​ពាន់​លាន​ដុល្លារ​ដែល​ត្រូវជា​៣០​ភាគរយ​នៃ​ផលទុន​សរុប​ក្នុងស្រុក​។ នេះ​បើតាម​ការបញ្ជាក់​របស់ IMF​។​

​ថវិកា​ឆ្នាំ​២០១៨​របស់​កម្ពុជា​នៅតែ​បង្កើន​លើ​ការចំណាយ​លើ​ប្រាក់ខែ​មន្ត្រីរាជការ​និង​ទំនើបកម្ម​អគារ​រដ្ឋ​។​

​លោក Turunen បាន​បន្ថែមថា​៖ «​ឱនភាព​ទូទៅ​របស់​រដ្ឋាភិបាល​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​បាន​រីកធំឡើង​រហូតដល់​២,៦​ភាគរយ​នៃ​ផលទុន​សរុប​ក្នុង​ឆ្នាំ​២០១៧ ដោយសារតែ​កំណើន​នៃ​ប្រាក់ចំណូល​មិនអាច​ទប់ទល់​បាន​នឹង​ការចំណាយ​ដ៏​ខ្ព​ស‍់​»​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​ដែល​ផ្តោតលើ​ការគ្រប់គ្រង​ហានិភ័យ​ម៉ាក្រូ​ហិរញ្ញវត្ថុ ការពារ​ស្ថិរភាព​សារពើពន្ធ និង​ធ្វើការ​កែទម្រង់​នានា​ដើម្បី​ទ្រទ្រង់​ការរីកលូតលាស់​ជាដើម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com