ជាតិ
សង្គមជាតិ
កម្ពុជា​ប្រារព្ធ​ទិវា​«​មួយ​ម៉ោង​សម្រាប់​ភពផែនដី​»​ដើម្បី​បង្ហាញ​ពី​ការស្រឡាញ់​ទៅ​បរិស្ថាន​
21, Mar 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី នឹងត្រូវ​រៀបចំឡើង​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ ដើម្បី​បំផុសស្មារតី​ឲ្យ​ប្រជាជន​ទាំងអស់​ចូលរួម​កាត់បន្ថយ​ការកើនឡើង​កម្តៅ​របស់​ភពផែនដី និង​បង្ហាញ​ពី​ការស្រឡាញ់​ទៅ​បរិស្ថាន និង​ផ្សព្វផ្សាយ​ទៅ​សាធារណជន​ទាំងអស់​ចូល​សន្សំសំចៃ​ការប្រើ​អគ្គិសនី​។ ទិវា​នេះ នឹង​រៀប​នៅខាងមុខ​ក្រសួងបរិស្ថាន ដោយមាន​ការបិទ​អគ្គិសនី​ម៉ោង ពី​ម៉ោង​៨​កន្លះ ដល់​ម៉ោង​៩​កន្លះ​យប់ និង​ជំនួស​វិញ​ដោយ​ការដុត​ទៀន​។​



​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​«​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» នៅ​បរិវេណ​មុខក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ​។ នេះ​ជា​លើក​ទី​៦​ហើយ ដែល​កម្ពុជា​ប្រារព្ធ​ទិវា​«​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» ឡើង ដើម្បី​បំផុសស្មារតី​ឲ្យ​ប្រជាជន​ទាំងអស់ ចូលរួម​កាត់បន្ថយ​ការកើនឡើង​កម្តៅ​របស់​ភពផែនដី ស្រប​ពេលដែល​សាកលលោក តែង​ប្រារព្ធ​ទិវា​នេះ ដើម្បី​គោរព​ដល់​ភពផែនដី​ដែល​បានផ្តល់​ជម្រក​ដល់​មនុស្ស និង​ភាវរស់​ទាំងអស់​។

​ក្នុងនាម​ជា​ទូត​សុ​ឆន្ទៈ កញ្ញា មាស សុខ​សោភា សំណូមពរ​ឲ្យ​ប្រជា​ខ្មែរ​ទាំងអស់ ចូលរួម​បិទ​អគ្គិសនី​រយៈពេល​មួយ​ម៉ោង គឺ​នៅ​ម៉ោង​៨​កន្លះ ដល់​ម៉ោង​៩​កន្លះ​យប់ នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​ការកើនឡើង​កម្តៅ​ភពផែនដី និង​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន បញ្ចៀស​ពី​សារធាតុ​ជាតិពុល​ពី​ផ្សែង​យានយន្ត​នានា​។ តារាចម្រៀង​រូបនេះ ក៏​អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម​ឲ្យ​ច្រើន​កុះករ នៅ​ថ្ងៃទី​២៤ ខែមីនា​នេះដែរ នៅមុខ​ក្រសួងបរិស្ថាន​ផងដែរ​។ កញ្ញា មាស សុខ​សោភា អំពាវនាវ​ដូច្នេះ​ថា​៖«​ចូលរួម​ស្រឡាញ់​បរិស្ថាន ជួយ​ការពារ​ភពផែនដី​»​។​

​កញ្ញា មាស សុខ​សោភា និង​លោក ឆន សុវណ្ណ​រាជ នឹង​រួម​គា្ន​ច្រៀង​ចម្រៀង​ដែល​ពាក់ព័ន្ធ​នឹង​ការស្រឡាញ់បរិស្ថាន និង​បង្ហាញ​សារ​ខ្ចីៗ​ទៅដល់​អ្នកចូលរួម​។ ក្រៅពី​ការប្រគំ​តន្ត្រី ក៏មាន​ការដុត​ភ្លើងទៀន​ដើម្បី​បរិស្ថាន រយៈពេល​មួយ​ម៉ាង មានការ​បង្ហាញ​ម៉ូ និង​ការសម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ ដែលជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ផងដែរ​៕


Tag:
 មាស សុខ​សោភា
© រក្សាសិទ្ធិដោយ thmeythmey.com