ជាតិ
អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ស្នើសុំ​ចូលជួប​គ្នីគ្នា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​
22, Mar 2018 , 10:26 am        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា
(ពីឆ្វេងទៅស្តាំ) លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា
ដោយ: ថ្មីៗ
​អតីត​តំណាងរាស្ត្រ​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនបាន​គេចខ្លួន​ទៅ​ក្រៅប្រទេស បាន​រួមគ្នា​ដាក់សំណើ​មួយ ទៅកាន់​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​សុំចូល​ជួប​អតីត​តំណាងរាស្ត្រ​ដូចគ្នា គឺ​លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ ក្រៅពី​លោក អ៊ុំ សំអាន នៅមាន​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ជាង​១0​ផ្សេងទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក៏​ត្រូវបាន​ស្នើសុំ​ការអនុញ្ញាត ដើម្បី​ចូលជួប​ផងដែរ​។

 


​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​១​រូប ដែល​ដឹកនាំ​និង​ចុះហត្ថលេខា​លើ​សំណើ ដើម្បី​សុំ​ចូលជួប​សហការី​ក្នុង​ពន្ធនាគារ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រហូតមកដល់​ពេលនេះ លោក មិនទាន​ប់ទ​ទួលបាន​ការឆ្លើយតប​ពី​អគ្គនាយកដ្ឋាន​ព​ន្ធា​នាគារ នៅឡើយ​ទេ​។ លោក ប្រាប់​ពី​គោលបំណង​យ៉ាង​ដូច្នេះ​ថា​៖«​យើង អត់​មានរឿង​អ្វី​ផ្សេង​ទេ​។ យើង គ្រាន់តែ​ចង់​ចូលទៅ​សួរសុខទុក្ខ​ពួកគាត់​ធម្មតា​ប៉ុណ្ណោះ​»​។

​កន្លងមក​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ក៏​ធ្លាប់​ស្នើសុំ​ចូលជួប​អ្នក​ខាងលើ​ដែរ ប៉ុន្តែ​ត្រូវបាន​បដិសេធ​។

​កាលពី​អំឡុង ខែតុលា ឆ្នាំ​២០១៦ លោក អ៊ុំ សំអាន ត្រូវបាន​តុលាការ កាត់ទោស​ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ពីបទ​«​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ទាក់ទង​នឹង​ការរិះគន់​ពី​បញ្ហា​ព្រំដែន​។ 

​រីឯ លោក មា​ជ សុវណ្ណារ៉ា រួមទាំង​សកម្មជន​បក្សប្រឆាំង​ជាង​១០​នាក់​ទៀត ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​គារ ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ​។ តុលាការ បាន​ចោទ​ពួកគេ​ថា បាន​ចូលរួម និង​ដឹកនាំ​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​សាធារណៈ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤៕


Tag:
 CNRP
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com