ជាតិ
ចិន និង​ឥណ្ឌា កាន់តែច្បាស់​ពី​គម្រោង​ជួសជុល​ប្រាសាទព្រះវិហារ​
23, Mar 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការអភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​ព្រះវិហារ  បានបញ្ចប់​កិច្ចប្រជុំពេញអង្គ​លើក​ទី​៤​របស់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​ដែល​ផ្តោត​សំខាន់​លើ​ការងារ​ជួសជុល​ប្រាសាទព្រះវិហារ និង​តំបន់​កោះ​កេរ​បានសម្រេច​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​។ ក្នុងនោះ សហប្រធាន​ចិន និង​ឥណ្ឌា បានបង្ហាញ​កាន់តែច្បាស់ ពី​គម្រោង​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ​។​



​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គឹម សេ​តារា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រលប់​ថ្ងៃទី​២១ មីនា ក្រោយ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ ដោយបាន​លើក​ពី​ចំណុច​វិជ្ជមាន​ជាច្រើន ដែល​បាន​ពី​ក្នុង​កិច្ចប្រជុំ​រយៈពេល​ពេញ​មួយថ្ងៃ​។ លោក​បន្ថែមថា ចិន និង​ឥណ្ឌា បាន​ធានា​លើ​គម្រោង​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ​កាន់តែច្បាស់​។ លោក​បន្តទៀតថា ឥណ្ឌា នឹង​ជួសជុល​គោ​បុ​រៈ ឬ​តួ​ទី​៥ និង​ជណ្ដើរ​ត​ភ្ជាប់​ទៅខាង​ជើង និង​ផ្នែក​ខ្លះ​នៃ​គោ​បុ​រៈ​ទី​១​។ ចំណែក​ភាគី​ចិន ជួយ​ជួសជុល​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី​៣ និង​បានឱ្យ​អ្នកជំនាញការ​របស់ខ្លួន​មក​ធ្វើ​វាយតម្លៃ​នូវ​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រាសាទព្រះវិហារ មុននឹង​ដំណើរការ​ជួសជុល​។​



​ដោយឡែក​សម្រាប់​ភាគី ប៊ែ​ល​ហ្សិ​ក​វិញ សមាជិក​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​មួយ​នេះ បាន​សន្យា​ជួយ​បង្កើត​បណ្ដុំ​ទិន្នន័យ ដើម្បី​ងាយស្រួល​ដល់​អ្នកជំនាញ​ក្នុង​ដំណើរការ​ជួសជុល​។ ឯ​ថៃ​វិញ ថៃ​បាន​សន្យា​ជួយ​សិក្សា​ស្រាវជ្រាវ បំពាក់បំប៉ន​សមត្ថភាព​ដល់​មន្ត្រី និង​ជួយ​ជួសជុល​ប្រាសាទ​ណាមួយ ក្នុង​តំបន់​កោះ​កេរ​។ កោះ​កេរ មាន​ប្រាសាទ​ប្រមាណ ៦០ និង​មាន​ផ្ទៃដី​ជិត​១​ម៉ឺន​ហិកតា​។ ក្រៅពីនោះ អ្នកជំនាញការ​បានផ្តល់​អនុសាសន៍​ល្អៗ​ទាក់ទង​នឹង​ការងារ​បរិស្ថាន ការជួសជុល បញ្ហា​អភិរក្ស បញ្ហា​អភិវឌ្ឍន៍​សហគមន៍ ជាដើម​។ 

​យ៉ាងណាក៏ដោយ តាម​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ការងារ​នៅ​តំបន់​ប្រាសាទព្រះវិហារ មាន​បញ្ហា​ប្រឈម​ជាច្រើន​ជា ដូចជា​ទាក់ទង​នឹង​សម្ភារ ធនធានមនុស្ស មធ្យោបាយ និង​ថវិកា​ជាដើម​។ វិសាលភាព​នៃ​អាជ្ញាធរ​នេះ មានការ​កើនឡើង ក្រោយ​រាជរដ្ឋាភិបាល​ផ្ទេរសិទ្ធិ​គ្រប់គ្រង​តំបន់​កោះ​កេរ ពី​អាជ្ញាធរ​ជាតិ​អប្សរា មកឱ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​វិញ នៅ​ឆ្នាំ​២០១៦​។ ពី​តំបន់​ព្រះវិហារ ទៅ​កោះ​កេរ​មាន​ចំងាយ​ផ្លូវ ១៣០​គីឡូម៉ែត្រ ដែល​ពិបាក​ដល់​អ្នកជំនាញ​ឡើង​ចុះ​ធ្វើ​ការងារ​ផ្សេងៗ​។ នេះ​ជាការ​លើកឡើង​របស់លោក គឹម សេ​តារា​៕


Tag:
 អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com