ជាតិ
សិល្បះ
ម៉ម ឡូ​រ៉ា ឈ្នះ​ពាន​«​ស្ត្រី នៃ​ពេលអនាគត​» ផ្នែក​សិល្បៈ និង​វប្បធម៌ ប្រចាំ​អាស៊ាន​
24, Mar 2018 , 3:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Women of the Future Awards South East Asia
រូបភាពពីហ្វេសប៊ុក Women of the Future Awards South East Asia
​កញ្ញា ម៉ម ឡូ​រ៉ា​ទេវ​រី  ( Laura Tevary Mam) អ្នកចម្រៀង Pop ដ៏​មាន​ប្រជាប្រិយ បានឈ្នះ​ពានរង្វាន់ «​ស្ត្រី​នៃ​ពេលអនាគត​» ឬ Women Of The Future ឆ្នាំ​២០១៨ ក្នុង​ផ្នែក​«​សិល្បៈ និង​វប្បធម៌​» ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៅក្នុង​ផ្នែក​«​សិល្បៈ និង​វប្បធម៌​»​។ លទ្ធផល​នេះ ត្រូវបាន​ប្រកាស កាលពី​ថ្ងៃទី​២០ ខែមីនា នៅ​សណ្ឋាគារ Hilton Singapore ប្រទេស​សិង្ហ​បុរី​។


  
​កញ្ញា ឡូ​រ៉ា ម៉ម ជា​តារាចម្រៀង​ខ្មែរ សញ្ជាតិ​អាមេរិក​ម្នាក់ ដែលមាន​ប្រជាប្រិយភាព​ក្នុងស្រទាប់​យុវវ័យ​នៅ​កម្ពុជា​។ ក្រោយ​ទទួលបាន​ពានរង្វាន់​នេះ ឡូ​រ៉ា ម៉ម បាន​សរសេរ​នៅក្នុង​អ៊ី​ស្តា​ក្រាម​ថា រូបនាង​សឹងតែ​មិន​ជឿថា នឹង​ទទួលបាន​ពានរង្វាន់​«​ស្ត្រី​នៃ​ពេលអនាគត​» ផ្នែក​«​សិល្បៈ និង​វប្បធម៌​»​នេះ​។ ពានរង្វាន់​នេះ ជា​កិត្តិយស​ដ៏​មានតម្លៃ​សម្រាប់​ខ្លួន​នាង និង​សម្រាប់​ស្ត្រី​កម្ពុជា​ទាំងអស់​។ កញ្ញា ឡូ​រ៉ា ម៉ម បន្ថែម​ដូច្នេះ​៖«​ខ្ញុំ​សូម​ផ្ញើជូន​ពានរង្វាន់​នេះ​ទៅដល់​ប្រជាជន​ខ្មែរ ដែលមាន​ក្តី​ស្រមៃ​ទាំងអស់ ជាពិសេស​យុវនារី​គ្រប់រូប សូមកុំ​បោះបង់​ក្តី​ស្រមៃ ព្រោះ​យើង​មើលមិនឃើញ​ទេ​ថា​អ្នកណាខ្លះ​ដែល​ទទួល​ស្គ​លា់​ស្នាដៃ​ង ហើយ​ចង់​ជ័យ​យើង​ឲ្យ​ជោគជ័យ​នោះ​»​។



​ក្រៅពី កញ្ញា ឡូ​រ៉ា ម៉ម ក៏មាន​បេក្ខជន​ពី​កម្ពុជា​មួយរូប​ទៀត ដែល​បាន​ជាប់​ក្នុង​បញ្ជី​ចុងក្រោយ​នៃ​ការដណ្តើម​ពានរង្វាន់ Women Of The Future​ឆ្នាំ​២០១៨ នេះ គឺ​អ្នកស្រី ជ័យ ច័ន្ទ​កិ​ត្យា​(Chey Chankethya)​នាយិកា​អង្គការ​អ​ម្រឹ​តា​សិល្បៈ​។ ក្រៅពីនេះ ក៏មាន​ស្ត្រី​ខ្មែរ ជិត​១០​រូប​ទៀត​ដែរ បាន​ជាប់​ទៅ​ប្រជែង​ពានរង្វាន់​ផ្នែក​ផ្សេងៗ​ទៀត ប៉ុន្តែ​មិន​ទទួលបាន​ជ័យលាភី​។

​បេក្ខជន An Nguyen ពី​ប្រទេស​វៀតណាម ទទួលពាន ផ្នែក​អចលនទ្រព្យ ការសាងសង់ និង​ហេ​រដ្ឋា​សម្ព័ន្ធ​។ ពានរង្វាន់​ផ្នែក ជំនាញ​វិជ្ជាជីវៈ បាន​ទៅ​ឈ្មោះ Mary Bounthalath ពី​ប្រទេស​ឡាវ​។ បេក្ខជន Phyu Hninn Nyein ប្រទេស​មី​យ៉ាម៉ា ទទួលពាន​ផ្នែក​សហគម និង​សេវាសាធារណៈ​។ ពាន​ផ្នែក​វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា និង​ឌីជីថល បាន​ទៅ​បេក្ខជន Chern Ein Oon ពី​ប្រទេស​ម៉ាឡេស៊ី  និង​ពាន​ផ្នែក​សហគ្រិនភាព​ផ្នែក​សង្គម​(Social Entrepreneur) បាន​ទៅ​បេក្ខជន Cherrie Atilano ពី​ប្រទេស​ហ្វីលីពីន​។ ដោយឡែក​សិង្ហ​បុរី​ទទួលបាន​ពានរង្វាន់​៣ ពី​ផ្នែក​ផ្សេងគ្នា ពី​កម្មវិធី​«​ស្ត្រី​នៃ​ពេលអនាគត​»​នេះ គឺ​បេក្ខជន Jessica Cheam បាន​ពាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​,  Christina Gao ផ្នែក​ជំនួញ និង Khai Lin Chua ផ្នែក​សហគ្រិនភាព ។​



​កម្មវិធី​«​ស្ត្រី​នៃ​ពេលអនាគត​» គឺជា​ផែនការ​សកម្មភាព ដែល​គាំទ្រ​ជោគជ័យ​ស្ត្រី​វ័យក្មេង ជាមួយនឹង​គោលបំណង​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​ដែលមាន​ទេពកោសល្យ​។ កម្មវិធី​នេះ​បង្កើតឡើង នៅក្នុង​ឆ្នាំ​២០០៦ ដោយ​អ្នកស្រី Pinky Lilani​។ កម្មវិធី​នេះ​ត្រូវបាន​សម្ពោធ​នៅ​អ​ស៊ី​អាគ្នេយ៍​ជា​លើកដំបូង ក្នុងប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយមាន​បេក្ខជន​ជាច្រើន​មកពី​បណ្តា​ប្រទេស​ទាំង​១០ ក្នុង​តំបន់​។ ពានរង្វាន់​ត្រូវបាន​ចែកជា​ផ្នែក​ជាច្រើន ដូចជា​ជំនាញ​វិជ្ជាជីវៈ , ជំនួញ​, សហគ្រិនភាព​, សិល្បៈ​និង​វប្បធម៌​, សហគមន៍ និង​សេវាសាធារណៈ​, អចលនទ្រព្យ ការសាងសង់ និង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ ,​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ឌីជីថល​៕


Tag:
 ម៉ម ឡូ​រ៉ា​
 ​វប្បធម៌​
 ​ចម្រៀង​
  Laura Mam
© រក្សាសិទ្ធិដោយ thmeythmey.com