អន្តរជាតិ
រោងកុន​នៅក្នុង​ទីក្រុងឡុង​ដ៍​អនុញ្ញាត​ឲ្យ​ម្ចាស់​យក​ឆ្កែ ទៅ​មើល​កុន​ជាមួយ​ខ្លួន​
24, Mar 2018 , 9:59 pm        
រូបភាព
ដោយ: ធីតា
​ការផ្តួចផ្តើម​របស់​ផលិតកម្ម Picturehouse នៅ​ទីក្រុង​ឡុង​ដ៍ ទទួលបាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​សម្គាល់​។ រឿង​គំនូស​ជី​វច​ល «​កោះ​ឆ្កែ​» ដែលជា​ស្នាដៃ​របស់លោក Wes Anderson ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​អង់គ្លេស ក្នុងនោះ​ក៏មាន​ទស្សនិកជន​ជា​សុនខ ផងដែរ​។​



«​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​ជាមួយនឹង​ឆ្កែ​របស់​ពួកគេ​ដែលមាន​ការចិញ្ចឹម​បីបាច់​បានល្អ​»​។ នេះ​ជាការ​ផ្សព្វផ្សាយ​របស់ Picturehouse ក្នុង​គេហទំព័រ​របស់ខ្លួន ជាមួយនឹង​ផ្ទាំង​ពាណិជ្ជកម្ម «Dog-Friendly»​។​



​នៅ West End ដែលជា​តំបន់​មហោស្រព​ភាពយន្ត និង​រោងកុន​១៤​ផ្សេងទៀត ទូទាំងប្រទេស ជាពិសេស​នៅតាម​ទីប្រជុំជន មនុស្ស​អាច​យក​សុនខ​សំណព្វ​របស់ខ្លួន​ទៅជា​មួយ ដើម្បី​មើល​រឿង​គំនូស​ជី​វច​ល «​កោះ​ឆ្កែ​» (Isle of Dogs)​។​

«​កោះ​ឆ្កែ​» ដែលជា​ស្នាដៃ​របស់​ផលិតករ​អាមេរិក លោក Wes Anderson រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​កុមារ​ម្នា​ក់នៅ​កោះដាច់​ស្រយាល​ដើម្បី​ស្វែងរក​សត្វ​ឆ្កែ​ខ្លួន​។ ឆ្កែ​រាប់សិប​ក្បាល​ត្រូវបាន​បញ្ជូន​ចេញពី​ក្រុង Megasaki បន្ទាប់ពី​ការឆ្លង​មេរោគ​ជា​បន្តបន្ទាប់​។​

​នៅក្នុង​រោងភាពយន្ត ក្រុមហ៊ុន Picturehouse បានរៀបចំ​ចាន​ទឹក និង​ភួយ​សម្រាប់​ឆ្កែ ហើយ​សំឡេង​ស្ថិតក្រោម​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ដើម្បី​កុំ​ឲ្យ​ថ្លង់​លាយឡំ​ជាមួយនឹង​សំឡេង​ឆ្កែ​។​

​អ្នកស្រី Kathryn Smith ម្ចាស់​រោងភាពយន្ត​ម្នាក់ បាន​និយាយប្រាប់ The Times ថា តាំងពី​ការសាកល្បង​ពី​ខែសីហា ឆ្នាំមុន មក អ្នកស្រី​មិនដែល​ឃើញ​មាន​បញ្ហា​អ្វី​ធំដុំ​ឡើយ​។ អ្នកស្រី បាន​អះអាងថា​៖ «​ឆ្កែ​ដែលជា​ទស្សនិកជន​ពេលខ្លះ មាន​ភាពស្ងប់ស្ងាត់​ជាង​មនុស្ស​ធម្មតា​។ ពួកវា​ភាគច្រើន​ទទួលបាន​នូវ​ការអប់រំ​ល្អ​ពី​ម្ចាស់​។ ខ្ញុំ​មិនដែល​ឃើញ​បាតុភាព​អ្វី​កើតឡើង​នោះឡើយ​»៕


Tag:
 ឆ្កែ​
  ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com