កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អេ​ស្ប៉ា​ញ ជើងឯក​ឆ្នាំ​២០១០ ត្រៀម​ស្តារ​ការខកចិត្ត​កាលពី​៤​ឆ្នាំមុន​
25, Mar 2018 , 8:59 am        
រូបភាព
​ម្ចាស់​ជើងឯក​ឆ្នាំ ២០១០ អេ​ស្ប៉ា​ញ ដែល​សម្បូរ​ទៅដោយ​កីឡាករ​ឆ្នើម​ប្រកប​អាជីព​ក្នុង​ក្រុម​ល្បីៗ​នៅ​តំបន់​អឺរ៉ុប ទទួលបាន​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​រុស្ស៊ី ដោយ​ស្ថិតក្នុង​ពូ​ល B ត្រូវ​ជួប​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​មកពី​តំបន់​អឺរ៉ុប​ដូចគ្នា ម៉ា​រ៉ុ​ក​ពី​អាហ្វ្រិក និង​អ៊ីរ៉ង់​ក្រុម​ខ្លាំង​មកពី​អាស៊ី​។​



​គ្រូបង្វឹក​៖ Julen Lopetegui (​អេ​ស្ប៉ា​ញ​)
​អតីត​អ្នកចាំទី​ក្រុម Barcelona និង Real Madrid ហើយ​ធ្លាប់ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​សម្រាប់​ឈុត World Cup ឆ្នាំ ១៩៩៤ លោក Lopetegui ត្រូវបានតែងតាំង​ឲ្យ​ឡើងកាន់តំណែង​ជំនួស​លោក Vicente Del Bosque បន្ទាប់ពី​ចប់​ភារកិច្ច​ដឹកនាំ​អេ​ស្ប៉ា​ញ​ពានរង្វាន់ UEFA EURO ឆ្នាំ​២០១៦ នៅ​បារាំង​។
​មុនពេល​ចូលកាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បុរស​វ័យ​៥១​ឆ្នាំ ធ្លាប់​ដឹកនាំ​ក្លឹប FC Porto និង​ក្រុមយុវជន​អេ​ស្ប៉ា​ញ​ដោយ​យកឈ្នះ​ពាន​ពីរ ជើងឯក​អឺរ៉ុប UEFA European Championships ក្រោម​អាយុ​១៩​ឆ្នាំ (U-19) និង​ក្រោម​អាយុ​២១​ឆ្នាំ (U-21)​។​



​កីឡាករ​ឆ្នើម​៖ Sergio Ramos
Ramos គឺជា​កីឡាករ​ដែលជា​ប់​កំណត់ត្រា​ក្នុងការ​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ច្រើន​លំដាប់​ទី​២ គឺ​ចំនួន​១៤៩​ដង បន្ទាប់ពី​អ្នកចាំទី Iker Casillas បាន ១៦៧​ដង​។​
​ខ្សែការពារ​រឹងមាំ​របស់​ក្រុម​ស្តេច​ស Real Madrid វ័យ​៣១​ឆ្នាំ​រូបនេះ ក៏​ជា​តួអង្គ​សំខាន់​ជួយ​ឲ្យ​អេ​ស្ប៉ា​ញ​លើក​ពាន​អឺរ៉ុប Euro ២​លើក និង World Cup ១​លើក ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់ ២០១២​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ១៥ របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បន្ទាប់ពី​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ​១៩៣៤ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺ​លើក​ពាន​នេះ​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ក្នុង​ឆ្នាំ​២០១០ ដែល​អាហ្វ្រិក​ខាងត្បូង​ធ្វើ​ម្ចាស់ផ្ទះ​។​
​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៦ ពិភពលោក ក្នុង​តារាង FIFA Ranking​។​



​កម្មវិធី​ប្រកួត​៖

-១៦ មិថុនា​៖ ព័រ​ទុយ​ហ្គា​ល់ vs អេ​ស្ប៉ា​ញ (​ម៉ោង​១​អា​ធ្រា​ត​)
-២១ មិថុនា​៖ អ៊ីរ៉ង់ vs អេ​ស្ប៉ា​ញ (​ម៉ោង​១​អា​ធ្រា​ត​)
-២៦ មិថុនា​៖ អេ​ស្ប៉ា​ញ vs ម៉ា​រ៉ុ​ក (​ម៉ោង​១​អា​ធ្រា​ត​)


Tag:
 បាល់ទាត់​
  FIFA World Cup
  អេ​ស្ប៉ា​ញ​
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com