ពីនេះ ពីនោះ
ពាក្យ ដែលមាន «​អគ្គ​» នៅ​ខាងដើម តែង​បង្ហាញ​ពី «​ភាពល្អប្រសើរ ឬ ខ្ពង់ខ្ពស់​»
13, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​អគ្គ​» អាច​ត្រូវបាន​ចាត់ទុកជា​គុណនាម ដែល​ឈរ​នៅមុខ​ពាក្យ​ដទៃ​។ ពាក្យ ដែលមាន «​អគ្គ​» នៅ​ខាងដើម តែងមាន​អត្ថន័យ​បែប​ប្រសើរ​ថ្លៃថ្លា ឬ ឧត្តុង្គឧត្តម​។



​បើតាម​វចនានុក្រម សម្តេច ជួន ណាត «​អគ្គ​» អាច​ប្រែ​បាន​ច្រើនយ៉ាង​ដូចជា ខ្ពស់​, ខ្ពង់ខ្ពស់​, ខ្ពស់បំផុត​, លើស​, លើសលុប​, ឧ​ត្ត​ម​, ប្រសើរ​, ប្រសើរ​បំផុត​, ផុត​ថ្នាក់​, ផុត​លេខ​, ឯក​, យ៉ាង​ឯក​, ជា​ឯក​, ធំ​, ធំចម្បង​, ធំ​បណ្តាច់​, មុន​, មុន​បំផុត​, មានតម្លៃ ។​ល​។​

​នៅក្នុង​វចនានុក្រម សម្តេច ជួន ណាត ពាក្យ ដែលមាន «​អគ្គ​» នៅ​ខាងដើម មានដូចជា អគ្គ​ទេស​ភិ​បាល (​ឋានន្តរ​មន្ត្រីជាន់ខ្ពស់ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​មួយ ចាត់តាំង​ឲ្យ​ទៅ​ត្រួតត្រា​ស្រុក​ចំណុះ ដូច​យ៉ាង​មន្ត្រី​បារាំង ដែល​ត្រួតត្រា​ឥណ្ឌូចិន​ក្នុង​សម័យមុន​ឯករាជ្យ​), អគ្គនាយក (​នាយក​ធំ​, ចាងហ្វាង​ធំ​), អគ្គបណ្ឌិត (​បណ្ឌិត​ខ្ពស់​, អ្នកប្រាជ្ញ​ថ្នាក់ខ្ពស់​), អគ្គបុគ្គល (​បុគ្គល​ថ្នាក់ខ្ពស់​), អគ្គបុរស (​បុរស​ឧ​ត្ត​ម​), អគ្គមន្ត្រី (​មន្ត្រី​ផុត​លេខ​), អគ្គមហេសី (​មហេសី​ធំចម្បង​), អគ្គរាជទូត (​រាជទូត​ធំ​, រាជទូត​ចម្បង​), អគ្គលេខាធិការ (​លេខាធិការ​ធំ​), អគ្គសាវ័ក (​សាវ័ក​ធំ​, សាវ័ក​ជាន់ខ្ពស់​), អគ្គសេនាបតី (​សេនាបតី​ធំ​បណ្តាច់​), អគ្គាធិការ (​អធិការ​ធំ​), អគ្គានុរក្ស (​អនុរក្ស​ធំ​, អ្នក​ត្រួត​មើល​ការខុសត្រូវ​ទូទៅ​) ។​ល​។​


© រក្សាសិទ្ធិដោយ thmeythmey.com