ជាតិ
សេដ្ឋកិច្ច
ចាយប្រាក់​រៀល​ចំណេញ​សេដ្ឋកិច្ចជាតិ ដោយ​គ្រាន់តែ​ថ្លៃ​បោះពុម្ព​ប្រាក់ រដ្ឋ​ក៏​ចំណេញ​មិន​ស្ទើរ​ដែរ​
25, Mar 2018 , 8:19 pm        
រូបភាព
រូបភាពពីធនាគារជាតិកម្ពុជា
រូបភាពពីធនាគារជាតិកម្ពុជា
ដោយ:
​ប្រាក់រៀល​ជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ​។ ហើយ​ប្រាក់រៀល​ក៏​ជា​មធ្យោបាយ​មួយ ដើម្បី​រំលឹក​ដល់​អ្នកជំនាន់ក្រោយ អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​វីរបុរស​របស់​ជាតិ​ផងដែរ តាមរយៈ​រូបភាព​ដែល​បោះពុម្ព​លើ​ក្រដាសប្រាក់​។ នេះហើយ​ដែលថា ចាយប្រាក់​រៀល​នាំមក​នូវ​មោទកភាព និង​សាមគ្គី​ជាតិ​។​



​តែ​សព្វថ្ងៃ​ការ​ចរាចរ​ប្រាក់រៀល​មិនទាន់​ទូលំទូលាយ​នោះទេ ដោយ​ប្រាក់​ដុល្លារ​អាមេរិក​កាន់កាប់​ចំណែក​ដល់​ទៅ​ជាង ៨០​ភាគរយ​ឯណោះ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។​
​តើ​ជា​ទ្រឹស្ដី បើ​ការ​ចរាចរ​ប្រាក់រៀល​មាន​ភាព​លើសលុប​នៅ​កម្ពុជា នឹង​ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​សេដ្ឋកិច្ចជាតិ​?

​ចំណូល​ជាតិ​ពី​ការបោះពុម្ព​ក្រដាសប្រាក់​៖
 ឧទាហរណ៍​ក្រដាសប្រាក់​ប្រភេទ ១០០០០ រៀល រដ្ឋ​ត្រូវ​ចំណាយ​ថ្លៃ​បោះពុម្ព​តែ ៣០០​រៀល​ប៉ុណ្ណោះ​។ តែ​ក្រដាសប្រាក់​នេះ អាច​យកទៅ​ទិញ​ផលិតផល​តម្លៃ ១០០០០​រៀល​បាន​។ ដូច្នេះ​ចំណូល​ពី​ការបោះពុម្ព​ស្មើនឹង ៩៧០០​រៀល​។ បើ​មាន​តម្រូវការ​ប្រាក់រៀល​កាន់តែច្រើន ធនាគារជាតិ​នៃ​កម្ពុជា អាច​បោះពុម្ព​កាន់តែច្រើន ហើយ​រដ្ឋ​អាច​រក​ចំណូល​ពី​ការបោះពុម្ព​កាន់តែច្រើន​ផងដែរ​។



​តែដោយសារ​សាធារណជន​ចាយលុយ​ដុល្លារ​យ៉ាងគំហុក កត្តា​នេះ​បានដាក់​កំហិត​មិន​ឲ្យ​រដ្ឋ​រកចំណូលបាន​ច្រើន​ពី​ការបោះពុម្ព​ក្រដាសប្រាក់​ឡើយ​។​

​រដ្ឋ​អាច​រក្សា​ស្ថិរភាព ឬ​លំនឹង​តម្លៃ​ប្រាក់រៀល ដើម្បី​ជីវភាព​ពលរដ្ឋ​ប្រចាំថ្ងៃ និង​អ្នកវិនិយោគ​៖
​កាលណា​បើ​រដ្ឋ​បញ្ចេញ​ប្រាក់រៀល​ច្រើន​លើស​តម្រូវការ ធ្វើ​ឲ្យ​តម្លៃ​ប្រាក់រៀល​ចុះថោក ហើយ​នាំ​ឲ្យ​ពលរដ្ឋ​ទិញ​ផលិតផល​បាន​កាន់តែ​តិច​។ តែបើ​រដ្ឋ​បញ្ចេញ​ប្រាក់រៀល​ទៅក្នុង​ទីផ្សារ​តិចជាង​តម្រូវការ ធ្វើ​ឲ្យ​តម្លៃ​ប្រាក់រៀល​ហក់​ឡើង​មិន​សមស្រប ដែល​ប៉ះពាល់​ដល់​វិនិយោគិន ដែលជា​អ្នកផ្គត់ផ្គង់​ទំនិញ​។ ហើយ​ករណី​ទាំងពីរ​នេះ អាច​នាំទៅដល់​បញ្ហា (​វិបត្តិ​) ម៉ាក្រូសេដ្ឋកិច្ច​។ ដូចនេះ​ជា​ទ្រឹស្ដី រដ្ឋ​អាច​គ្រប់គ្រង​តម្លៃ​រូបិយ​បណ្ណ​ជាតិ ដើម្បី​កុំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​។​

​តែ​ផ្ទុយ​មកវិញ សព្វថ្ងៃ​រដ្ឋ​ពុំមាន​លទ្ធភាព​ធំធេង​ដូច​នោះ ព្រោះតែ​សន្ធឹក​នៃ​ប្រាក់​ដុល្លារ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ដូចនេះ​តម្លៃ​ប្រាក់​ដុល្លារ​ប្រាកដ​ជាមាន​ឥទ្ធិពល​ដល់​ថ្លៃទំនិញ និង​សុខទុក្ខ​សេដ្ឋកិច្ច​របស់​កម្ពុជា ព្រោះ​កម្ពុជា​ចាយលុយ​របស់គេ​ច្រើន​។ ហើយ​ប្រាក់​ដុល្លារ​នេះ ឬ​ប្រាក់​បរទេស​ដទៃទៀត មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កម្ពុជា​ឡើយ​។

​បើ​ពន្យល់​ឲ្យ​សាមញ្ញ​ជាង​នេះ រដ្ឋ ទោះបី​គ្រប់​គ្រង់​លុយ​របស់​ជាតិ​បានល្អ ក៏មាន​ឥទ្ធិពល​តិចតួច​ដល់​សេដ្ឋកិច្ច ព្រោះ​ប្រាក់រៀល​ចរាចរ​តិចពេក តែបើ​ចង់​គ្រប់គ្រង​លើ​លុយ​បរទេស​ដែលមាន​ឥទ្ធិពល​ធំ​ដល់​សេដ្ឋកិច្ច រដ្ឋ​ក៏​គ្មាន​សមត្ថកិច្ច​ដែរ​។

​ជំរុញ​ពា​ណិ​ជ្ចក​ម្ម ៖
​បើ​កម្ពុជា​ចាយប្រាក់​រៀល​ខ្លាំង រដ្ឋ​មានអំណាច​បន្ថយ​តម្លៃ​ប្រាក់រៀល ដើម្បី​ជំរុញ​ការនាំចេញ ។ ឧទាហរណ៍ បើ​ខោ​មួយ​ផលិត​អស់ ៤០០០​រៀល ហើយ​អត្រា​ប្ដូរប្រាក់ ១​ដុល្លារ ស្នើ ៤០០០​រៀល​។ នោះ​អាមេរិក​ចាយ​១​ដុល្លារ​ដើម្បី​ទិញ​ខោ​មួយ​ពី​កម្ពុជា​។ តែបើ​ប្រាក់រៀល​កាន់តែ​ថោក ១​ដុល្លារ ស្មើ ៤២០០​រៀល នោះ​អាមេរិក​ចំណាយ​មិន​ដល់ ១​ដុល្លារ​ផង អាច​ទិញ​ខោ​បាន​ហើយ​។ តម្លៃ​ខោ​កាន់តែ​ទាប អ្នកប្រើប្រាស់​អាច​ទិញ​កាន់តែច្រើន ដែល​ជំរុញ​ការនាំចេញ​។



​តែ​ធាតុ​ចូល​ផលិតកម្ម​នៅ​កម្ពុជា ដូចជា​វត្ថុធាតុដើម និង​ប្រាក់​ឈ្នួល ត្រូវ​បានគិត​ជា​ប្រាក់​ដុល្លារ​អាមេរិក ដូចនេះ​ការធ្លាក់​ថ្លៃ​នៃ​ប្រាក់រៀល​នឹងមិន​មាន​ឥទ្ធិពល​លើ​ថ្លៃទំនិញ​នាំចេញ​នោះទេ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឱកាស​ជំរុញ​ការនាំចេញ តាម​វិធី​នេះ​។​

​បន្ទាប​អត្រា​ការប្រាក់​៖
​ប្រទេស​ដែល​ចាយលុយ​របស់គេ​ផ្ទាល់ នោះ​ធនាគារកណ្ដាល​នឹងមាន​ឥទ្ធិពល​ដល់​អត្រា​ការប្រាក់​។ ព្រោះថា ធនាគារកណ្ដាល​ជា​ប្រភព​ទុន​ដ៏​សំខាន់​របស់​គ្រឹះស្ថាន​ផ្ដល់​កម្ចី​។ ធនាគារកណ្ដាល​អាចញា​ក់​ឲ្យ​អត្រា​ការប្រាក់​ទាប ដែលជា​ការល្អ​សម្រាប់​វិនិយោគិន និង​ពលរដ្ឋ​។​



​តែ​ផ្ទុយ​មកវិញ ធនាគារជាតិ​កម្ពុជា​អាច​ផ្ដល់​កម្ចី​ដល់​គ្រឹះស្ថាន​សម្រាប់តែ​ប្រាក់រៀល​ប៉ុណ្ណោះ ខណៈដែល​តម្រូវការ​ក​ម្ចី​ប្រាក់​ដុល្លារ​មាន​ចំនួន​លើសលុប​។ នេះហើយ​ជា​គុណវិបត្តិ​មួយ​ចំពោះ​អ្នកជំនួញ និង​កសិករ ដែល​ត្រូវ​ខ្ចីប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​។​



​មួយវិញទៀត ការពឹងផ្អែក​ជោគវាសនា​លើ​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​អត្រា​ការប្រាក់​សម្រាប់​កម្ចី​ជា​ប្រាក់រៀល​ខ្ពស់ជាង​កម្ចី​ជា​ដុល្លារ ដែលជា​ផល​អាក្រក់​ដល់​ប្រជាជន​នៅ​ទីជនបទ​ដែល​ត្រូវការ​កម្ចី​ប្រាក់រៀល​។ ព្រោះថា គ្រឹះស្ថាន​ផ្ដល់​កម្ចី ត្រូវ​ប្ដូរប្រាក់​ដុល្លារ ដែល​ខ្លួន​បានមកពី​ប្រភព​ផ្សេងៗ​ទៅជា​ប្រាក់រៀល​សម្រាប់​ពលរដ្ឋ​មួយចំនួន​។ គ្រឹះស្ថាន​ទាំងនេះ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការប្ដូរ​ប្រាក់ ដូចនេះ​ពួកគេ​កំណត់​អត្រា​ការប្រាក់​កម្ចី​ជា​ប្រាក់រៀល​ខ្ពស់​។

​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​របស់​អាជីវ​ករ​៖
​ការ​ចរាចរ​លុយកាក់​ចម្រុះ​បែបនេះ ធ្វើ​អ្នកលក់ និង​អ្នកទិញ ត្រូវ​ខាត​ពេល​វេ​ល និង​ការចំណាយ​លើ​អត្រា​ប្ដូរប្រាក់ ដើម្បី​ប្ដូរ​ក្រដាសប្រាក់​ពីមួយ​ទៅមួយ​សម្រាប់​ការទូទាត់​ទំនិញ​របស់ខ្លួន​។ តែបើ​ការចាយវាយ​ត្រូវបានធ្វើ​ឡើងជា​ប្រាក់រៀល​តែមួយ នោះ​នឹង​បង្ក​ភាពងាយស្រួល​ដល់​ប្រតិបត្តិការ​អាជីវកម្ម និង​មិន​រង​ហានិភ័យ​នៃ​អត្រា​ប្ដូរប្រាក់​ឡើយ​។​

​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​៖
​សម្រាប់​ប្រទេស​ដែល​លុយ​ជាតិ​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ លុយ​បរទេស​ដែល​ហូរ​ចូលក្នុង​ប្រទេស ត្រូវ​ប្ដូរ​ទៅ​លុយ​ជាតិ​សិន មុននឹង​ចូលក្នុង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។ ធនាគារកណ្ដាល​មាន​តួនាទី​ស្រូប​យកលុយ​បរទេស​ទាំងនោះ​។

​ប្រមូល​ទុនបម្រុង​អន្តរជាតិ​កាន់តែច្រើន បង្កើន​ការទុកចិត្ត​លើ​ប្រាក់រៀល​។ ព្រោះថា ធនាគារជាតិ​អាច​យក​ទុនបម្រុង​ទាំងនោះ យកទៅ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ប្ដូរប្រាក់ ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​ខ្លាំង​របស់​អត្រា​ប្ដូរប្រាក់​។​

​រដ្ឋាភិបាល​អាច​បង្កើន​ការវិនិយោគ​សាធារណ​ច្រើនជាង​មុន និង​កាត់បន្ថយ​កម្ចី​បរទេស​៖
​បច្ចុប្បន្ន រដ្ឋាភិបាល​ប្រមូល​ចំណូល​ថវិកាជាតិ​ជា​ប្រាក់រៀល ប៉ុន្តែ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងទៀត​ជា​លុយ​ដុល្លារ​។ ដូចនេះ បើទោះបី​មាន​យន្តការ​មួយ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ខ្ចីប្រាក់​ពី​ក្នុងស្រុក​យកទៅ​វិនិយោគសាធារណៈ តាមរយៈ​ការបោះ​បណ្ណ​បំណុល​ជាដើម​ក៏ដោយ ក៏​រដ្ឋាភិបាល​មិនអាច​ធ្វើបែបនេះ​បានដែរ ព្រោះ​នឹងធ្វើ​ឲ្យ​តម្រូវ​ការប្រាក់​ដុល្លារ​កាន់តែច្រើន​ក្នុង​សេដ្ឋកិច្ចកម្ពុជា​។​



​តែបើ​នៅ​កម្ពុជា​ចាយប្រាក់​រៀល​ច្រើន រដ្ឋាភិបាល​អាច​ពិចារណា​បោះ​បណ្ណ​បំណុល​ចារឹក​ជា​ប្រាក់រៀល​លើ​ទីផ្សារ ដែល​នឹង​កាត់បន្ថយ​កម្ចី​ពី​ក្រៅប្រទេស​។​
​ខ្លឹមសារ​នៃ​ការបកស្រាយ​ខាងលើ ត្រូវបាន​ដកស្រង់​មួយផ្នែកធំ​ពី​កូនសៀវភៅ​កម្រាស់ ២១​ទំព័រ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែលមាន​ចំណងជើង​ថា សារៈសំខាន់​នៃ​ប្រាក់រៀល​សម្រាប់​កម្ពុជា​៕


Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com