ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ យល់ស្រប​នឹង​ការឃុំ​លោក កឹម សុខា ៦​ខែ​ទៅមុខទៀត​
27, Mar 2018 , 11:26 am        
រូបភាព
សកម្មភាពសមត្ថកិច្ច ឈរការពារនៅក្រៅសាលាឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ កំពុងដំណើរសវនាការលើសំណុំរឿងរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២0១៨
សកម្មភាពសមត្ថកិច្ច ឈរការពារនៅក្រៅសាលាឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ កំពុងដំណើរសវនាការលើសំណុំរឿងរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​សាលាឧទ្ធរណ៍ ចាត់ទុក​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ឲ្យ​លោក កឹម សុខា ជាប់ឃុំ​រយៈពេល​៦​ខែ​ត​ទៅមុខទៀត គឺជា​ការត្រឹមត្រូវ​តាម​នីតិវិធី​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​។



​ការសម្រេច​របស់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​ក្រោយពី​បញ្ចប់​សវនាការ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២0១៨​នេះ ដោយអវត្តមានរបស់លោក កឹម សុខា​។ មេធាវី យល់ថា ការបន្ត​ឃុំខ្លួន​លើសពី​៦​ខែ​បែបនេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់លោក កឹម សុខា​។​

​ខណៈ​សាលាឧទ្ធរណ៍ កំពុងដំណើរការ​សវ​នា​ការ សម្តេច ហ៊ុន សែន បាន​និយាយ​មុន​ថា សម្តេច មិន​ជឿថា សាលាឧទ្ធរណ៍ ដោះលែង​លោក កឹម សុខា ឡើយ​។ ប្រមុខ​រដ្ឋាភិបាល លើកឡើង​បែបនេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២0១៨​។

​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​តាំងពីដើម​ខែកញ្ញា ឆ្នាំ​២0១៧ ក្រោម​ការសង្ស័យ​របស់​តុលាការ ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ទុកជា​អំពើ​ក្បត់ជាតិ​។ បន្ទាប់ពី​លោក កឹម សុខា ដែលជា​ជន​ត្រូវ​ចោទ បានជាប់ឃុំ​​រយៈពេល​៦​ខែ​ហើយ​នោះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​សម្រេច​ថា បញ្ជូនទៅ​ជំនុំជម្រះ ឬក៏​ដោះលែង​។​

​ប៉ុន្តែ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ចៅក្រម​ស៊ើបសួរ បានសម្រេច​ជា​លើក​ទី​២ ដោយ​ឲ្យ​លោក កឹម សុខា ជាប់ឃុំ​រយៈពេល​៦​ខែ​ទៀត​។ តាម​នីតិវិធី ចៅក្រម​ស៊ើបសួរ អាច​សម្រេច​បែបនេះ​បាន បើ​យល់ថា​សំណុំរឿង នៅតែ​ត្រូវការ​ការស៊ើបអង្កេត និង​ប្រមូល​ភស្តុតាង​បន្ថែម​៕



Tag:
 កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com