ជាតិ
វិស័យ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា​កំពុង​ពុះពារ​ងើបឡើង តែមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវធ្វើ
27, Mar 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
រូបឯកសារ៖ សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
ដោយ:
​ភ្នំពេញ ៖ ប្រទេស​កម្ពុជា កំពុង​ខំ​ពុះពារ​ដើម្បី​បង្កើត​ប្រព័ន្ធ​អប់រំ​សិក្សាធិការ​ល្អ​បំផុត បើ​ធៀប​ទៅនឹង​ប្រទេស និង​តំបន់​រដ្ឋបាល​ពិសេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​មាន​ចំណងជើង​ថា​«​ភាពឈ្លាសវៃ​កាន់តែ​ប្រសើរឡើង​៖ ការរៀនសូត្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​» ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ពាក់កណ្តាល​ខែមីនា​នេះ​។​



​របាយការណ៍​នេះ​បាន​បញ្ជាក់ថា ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា បាន​បើក​ឲ្យ​ទទួលបាន​ការអប់រំ សិក្សា​កាន់តែ​ទូលាយ នៅក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ អត្រា​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​បឋម​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ឥឡូវនេះ​ក្មេងស្រី​មានឱកាស​ស្មើ​ក្មេងប្រុស​ក្នុង​ការទទួល​បានការ​រៀនសូត្រ​។ របាយការណ៍​នេះ​បាន​បន្តថា ប្រទេស​កម្ពុជា​បានផ្តល់​ការសិក្សា​ដល់​សិស្ស​ប្រមាណ​៣,៥​លាន​នាក់ ពី​កម្រិត​មុន​ថ្នាក់​បឋម រហូតដល់​មហាវិទ្យាល័យ និង​បានផ្តល់​ការងារ​ដល់​គ្រូបង្រៀន​ប្រមាណ​៨៥០០០​នាក់ នៅក្នុង​កម្រិត​មុន​បឋមសិក្សា​ទៅដល់​អនុវិទ្យាល័យ​។​

​ប៉ុន្តែ​ប្រទេស​កម្ពុជា​កំពុង​ស្វះស្វែង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សិក្សា​ល្អ​បំផុត ធៀប​នឹង​ប្រទេស​ក្បែរ​ខាង ក៏ដូចជា​ប​ណា្ត​ប្រទេស និង​តំបន់​រដ្ឋបាល​ពិសេស​ដទៃ នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​។​

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់​ឲ្យ​ដឹងថា តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ប្រព័ន្ធ​អប់រំ​សិក្សាធិការ​ចំនួន​ប្រាំពីរ ក្នុងចំណោម​ប្រព័ន្ធ​អប់រំ​មាន​ដំណើរការ​ខ្ពស់​ចំនួន​១០ នៅ​ទូទាំង​ពិភពលោក ដែល​ក្នុងនោះ ប្រទេស​ចិន និង​ប្រទេស​វៀតណាម បានបង្ហាញ​វឌ្ឍនភាព ជា​ដុំកំភួន​ក្នុងការ​បង្កើន​គុណភាព បង្រៀន​នៅតាម​សាលារៀន​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ វឌ្ឍនភាព​នេះ ជា​សមិទ្ធផល​ធំធេង​មួយ ដែល​ផ្តល់​មេរៀន​មាន​សារៈសំខាន់​ដល់​បណ្តា​ប្រទេស​ឯទៀត នៅ​ជុំវិញ​ពិភពលោក​។​

​របាយការណ៍​នេះ​បាន​សរសរ​ក្នុងន័យ​ដើម​ថា​៖

«​យ៉ាងណាក៏ដោយ មួយផ្នែកធំ​នៃ​តំបន់​នេះ នៅមាន​សិស្ស​រហូតដល់​ទៅ ៦០​ភាគរយ ដែល​កំពុង​រៀន​នៅតាម​សាលា​ដែល​ដំណើរ​ការខ្វះ​គុណភាព ក្នុងការ​បំពាក់​ឲ្យ​ពួកគេ​នូវ​ជំនាញ​ចាំបាច់ សម្រាប់​ឈានទៅ​សម្រេច​ជោគជ័យ នាពេល​អនាគត​»​។​

​ប្រព័ន្ធ​អប់រំ​សិក្សាធិការ​ដែល​ល្អ​បំផុត​ឈរ​ក្នុង​លំដាប់​កំពូល​ចំនួន​៧ រួមមាន ប្រទេស​ជប៉ុន សាធារណរដ្ឋ​កូ​រ៉ ប្រទេស​សិង្ហ​បុរី កោះ​តៃវ៉ាន់ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តំបន់​រដ្ឋបាល​ពិសេស ម៉ា​កាវ និង​តំបន់​រដ្ឋបាល​ពិសេស​សៀង​ហៃ​។​

​របាយការណ៍​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​ឋិត​ក្នុងប្រទេស​ដែល​កំពុង​ខំប្រឹង​បង្កើត​ប្រព័ន្ធ​ល្អ​មួយ​នៅក្នុង​តំបន់​។ ប្រទេស​ដទៃ​ដែលមាន​ស្ថានភាព​ដូចគ្នា​នឹង​កម្ពុជា ក្នុងនោះ រួមមាន​ប្រទេស​លាវ ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា ឬ​ភូមា ប៉ា​ពួរ​ញូ​វ​គី​ណេ (Papua New Guinea) និង ទី​ម័​រ​ខាងកើត (Timor-Leste) ជាដើម​។​

​លោក Michael Crawford អ្នកជំនាញ​នាំមុខ​ក្នុង​វិស័យ​អប់រំ​សិក្សាធិការ​របស់​ធនាគា​រ​ពិភពលោក ថ្លែងថា មានការ​ប្រសើរឡើង​នៅក្នុង​កិច្ចការ​អប់រំ​សិក្សាធិការ​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ការកែប្រែ​គោលនយោបាយ​ដែល​កំពុង​បន្ត​កើតមាន ហើយ​ថា កិច្ចការ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា​កំពុង​ឆ្ពោះទៅរក​គោលដៅ​ត្រឹមត្រូវ​មួយ​។ លោក​ថា មាន​ភាពប្រសើរឡើង​មិន​ត្រឹមតែ​សម្រាប់​សិស្ស​ដែល​កំពុង​រៀន​ក្នុង​សាលា​នោះទេ ក៏ប៉ុន្តែ​កិច្ចការ​អប់រំ​សិក្សាធិការ​ក៏បាន​គ្របដណ្តប់​លើ​ការអប់រំ​ក្មេងៗ​តាំងពី​កុមារភាព​។​



​យ៉ាងណាមិញ លោក​ថា កម្ពុជា​ត្រូវធ្វើ​កិច្ចការ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​សិក្សាធិការ​របស់ខ្លួន ក្នុងនោះ​គឺ​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​បម្រើ​ដល់​កិច្ចការ​អប់រំ​សិក្សាធិការ និង​ការបន្ត​ហ្វឹកហ្វឺន​គ្រូ​ដែល​កំពុង​បំពេញការងារ​ជាដើម​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែ មីនា​ក្នុង​ទីក្រុង​ភ្នំពេញ​យ៉ាង​ដូច្នេះ​៖

«​ចាំ​ចាច់​ត្រូវតែមាន​ទំនាក់ទំនង​រួមគ្នា​រវាង​គោលនយោបាយ​នានា​។ តួយ៉ាង ការជ្រើសរើស​តែ​គ្រូបង្រៀន​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវ​បំប៉ន​គ្រូ​បន្ថែមទៀត ក្នុងពេល​បំពេញ​វិជ្ជាជីវៈ​។ ការធ្វើ​ឲ្យ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​មិន​គ្រប់គ្រាន់​ទេ តែ​ត្រូវ​នាំយក​ហិរញ្ញប្បទាន​មក​ប្រើ​ដោយ​សមធម៌ សម្រាប់​សិស្ស​ដែល​រៀន​មិនទាន់​គេ និង​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ និង​គ្រូ​ទៅ​ឲ្យ​សាលា​ដែល​អាច​នឹង​បរាជ័យ​»​។​

​ទោះបី​របាយការណ៍​ធនា​គារ​ពិភពលោក​បានបង្ហាញ​ឲ្យ​ឃើញ​ការកើនឡើង​នៃ​ភាពប្រសើរ​ក្នុង​វិស័យ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា និង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ក៏ដោយ ក៏ប៉ុន្តែ​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណុច​ដែល​គួរ​ឲ្យ​បារម្ភ​ផងដែរ​។​

​របាយការណ៍​បានបញ្ជាក់​ឲ្យ​ដឹងថា ជាង​៤០​ភាគរយ​នៃ​កុមារ​គ្រប់​អាយុ​ចូលរៀន ចំនួន​ប្រមាណ​៣៣១​លាន​នាក់​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បាន​ចូលរៀន​ក្នុង​ប្រព័ន្ធ​សាលា​ដែល​ដំណើរ​ការល្អ និង​អនុញាត​ឲ្យ​ពួកគេ​រៀន​បាន​ច្រើនជាង​សិស្ស​ជាច្រើន​ទៀត នៅ​កន្លែង​ផ្សេង​ក្នុង​ពិភពលោក​។ ក៏ប៉ុន្តែ សិស្ស​រាប់រយ​លាន​នាក់​បាន​ទៅ​តែ​សាលា តែ​មិនបាន​រៀន​ឲ្យ​ដិតដល់​ស្របតាម​និយាម​កំណត់​នោះទេ​។​

​របាយការណ៍​បាន​សរសេរ​ក្នុងន័យ​ដើម​ថា​៖

«​សិស្ស​ចំនួន​ដល់​ទៅជិត​៦០​ភាគរយ​បាន​ចូលក្នុង​ប្រព័ន្ធ​សាលា​ដែលមាន​ដំណើរ​ការមិន​ល្អ​។ សិស្ស​ទាំងនេះ​ភាគច្រើន​បានផ្តល់​លទ្ធផល​ក្រោម​កម្រិត​ប្រើការ​បាន ឬ​មិនចេះ​តែម្តង សម្រាប់​មុខវិជ្ជា​សំខាន់ៗ​»​។​



​របាយការណ៍​បាន​លើក​ជា​ឧទាហរណ៍​ថា នៅ​ប្រទេស​ឥណ្ឌូនេស៊ី ពិន្ទុ​ធ្វើតេស្ត​បាន​ឲ្យ​ដឹងថា សិស្ស​នៅក្នុង​ប្រទេស​ទាំងនោះ​រៀន​យឺត​ជាង​បី​ឆ្នាំ បើ​ប្រៀបធៀប​ទៅនឹង​សិស្ស ស្របាល​គ្នា ដែល​រៀន​ចេះ​ស្ទាត់ជំនាញ នៅក្នុង​ប្រទេស​ឯទៀត​ក្នុង​តំបន់​នេះ​។ នៅក្នុង​ប្រទេស​ផ្សេងទៀត តួយ៉ាង «​កម្ពុជា និង​ទី​ម័​រ​ខាងកើត មួយ​ភាគបី ឬ​លើស​នេះ​នៃ​សិស្ស​ថ្នាក់​ទី​២ នៅតែ​មិនអាច​អាន​ដាច់​សូម្បី​តែមួយ​ពាក្យ​ក្នុងការ​ធ្វើតេស្ត​អំ​ណាន​នោះ​»​។​



​លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ថ្លែងថា កំណែទម្រង់​នៅ​កម្រិត​បឋមសិក្សា ជា​ផ្នែក​សំខាន់​មួយ ដើម្បី​ពង្រឹងគុណភាព​អប់រំ​សិក្សាធិការ​។ លោក​បញ្ជាក់ថា កិច្ចខិតខំ​របស់​ក្រសួង​អប់រំ​ក្នុង​ការពង្រឹង​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​នោះ មិន​គ្រប់គ្រាន់​ឡើយ​។​

«​សំខាន់​ក្រសួង​អប់រំ ក៏ដូចជា​រដ្ឋាភិបាល​យើង​ត្រូវ​សម្លឹងមើល​នៅ​ថ្នាក់​កម្រិត​បឋមសិក្សា ពីព្រោះ​បឋមសិក្សា​ជា​មូលដ្ឋានគ្រឹះ​។ យើង​មិន​ត្រូវតែទៅ​ពង្រឹង​នៅតែ​ពេល​ប្រឡង​បាក់​ឌុប​នោះទេ ពីព្រោះ​មូលដ្ឋានគ្រឹះ​គឺ​នៅ​កម្រិត​បឋម​។ បើសិន​ជាបឋម​ហ្នឹង​មាន​កំណែទម្រង់​ឲ្យ​បានល្អ ហើយ​សិស្ស​មានគុណ​ភាព​ពី​បឋម​ទៅ អីចឹង​បាក់​ឌុប​វា​ទៅ automatic [​ស្វ័យប្រវត្តិ​] ហើយ ពីព្រោះ​បឋម​យើង​ត្រូវធ្វើ​ម៉េច ឲ្យ​គ្រូ​អីហ្នឹង​យកចិត្តទុកដាក់​»​។​

​លោក រ៉ុង ឈុន បាន​បន្តទៀតថា សិស្សសាលា​នៅ​កម្ពុជា​មួយចំនួន​កំពុង​ប្រឈម​នឹង​ការ​គ្មាន​បន្ទប់​រៀនសូត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ហើយក៏​មានការ​រើសអើង​ខាង​នយោបាយ​នៅតាម​សាលារៀន ដែល​លោក​ថា ការរើសអើង​បែបនេះ គួរតែ​ត្រូវ​បានបញ្ចប់​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​៖

«​យើង​មើលឃើញ ខេត្ត​ដាច់ស្រយាល​មួយចំនួន សូម្បីតែ​សាលា បន្ទប់រៀន​ហ្នឹង ក៏​មិនទាន់​គ្រប់គ្រាន់​ដែរ ឃើញ​រៀន​នៅក្រោម​ដើមឈើ ដើម​អី​នៅឡើយ​ទេ​។ អីចឹង​ត្រូវធ្វើ​ម៉េច ផ្តល់​សាលារៀន ផ្តល់​សម្ភារៈ​សិក្សា​អីហ្នឹង ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពិនិត្យ ពង្រឹង​ទៅលើ​ពេលវេលា វិន័យ ហើយ​មានការ​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​។ ហើយ​កុំ​ឲ្យ​វា​មានការ​រើសអើង ត្រូវតែ​ធ្វើ​ម៉េច ឲ្យ​វា​មាន​តម្លាភាព​ក្នុងការ​ដាក់ទណ្ឌកម្ម ដាក់វិន័យ​ទៅលើ​គ្រូ​ណា​ម្នាក់ កុំ​ដាក់​តែ គ្រូ​មិន​គាំទ្រ​ខ្លួន​បានទទួល​ទណ្ឌកម្ម ឯ​គ្រូ​ដែល​គាំទ្រ​ខ្លួន ទោះបី​មាន​កំហុស​បែប​ម៉េច​ក៏ដោយ បែរជា​មិនបាន​ដាក់ទណ្ឌកម្ម មិនបាន​ណែនាំ​អី​»​។​

VOA ព្យាយាម​សុំ​ការអធិប្បាយ​ពី​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ តែ​លោក​មិន​លើក​ទូរស័ព្ទ​។​

​ក៏ប៉ុន្តែ យោងតាម​សុន្ទរកថារ​ប​ស់លោក ហង់ ជួនណា​រ៉ុ​ន ដែល​បាន​ធ្វើឡើង​នៅក្នុង​សន្និបាត​ប្រចាំ​របស់​ក្រសួង​អប់រំ​កាលពីពេល​ថ្មីៗ​នេះ  វិស័យ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា​បាន​រីកចម្រើន​គួរ​ជាទី​មោទនៈ ដោយសារ​ការឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ពី​សំណាក់​រាជរដ្ឋាភិបាល ក៏ដូចជា​ការចូលរួម​ពី​សហគមន៍ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ អាជ្ញាធរ​ដែនដី សប្បុរជន យុវជន មាតាបិតា និង​សិស្ស និស្សិត​ទាំងអស់​។​



​សុន្ទរកថា​របស់លោក ហង់ ជួនណា​រ៉ុ​ន បាន​ឲ្យ​ដឹងថា តាម​លទ្ធផល​ដែល​សម្រេចបាន​ពី​ឆ្នាំ​២០១៦ និង ២០១៧ កម្ពុ​ជាមាន​សាលា​ម​ត្តេ​យ្យ​សិក្សា និង​សាលា​រៀនចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​សរុប​ចំនួន​១៤១៨៩ រួមមាន​សាលា​ម​ត្តេ​យ្យ​ចំនួន​៤៦៣២ សាលាបឋមសិក្សា​មាន​ចំនួន​៧៦២១ អនុវិទ្យាល័យ​១៣០៣ និង​វិទ្យាល័យ​៦៣៣​។ ជាមួយនេះ ម​ត្តេ​យ្យ​សិក្សា​សហគមន៍​មាន​ចំនួន​២៩៥៥​កន្លែង កុមារ​ចូលរៀន​ចំនួន​៦៧៣៩៣ ក្នុងនោះ​មាន​កុមារី ៥១,៣៣​ភាគរយ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួនណា​រ៉ុ​ន បាន​ឲ្យ​ដឹង​តាម​សុន្ទរកថា​របស់លោក​ថា បច្ចុប្បន្ន​កុមារ​អាយុ​៥​ឆ្នាំ​បាន​ចូលរៀន​នៅ​ម​ត្តេ​យ្យ​សិក្សា​គ្រប់​រូបភាព បាន​កើន​ដល់​៦៨,៥​ភាគរយ ដែលមាន​កុមារី​៦៩,៧​ភាគរយ​។ អត្រា​ពិត​នៃ​ការសិក្សា​នៅ​បឋមសិក្សា​សាធារណៈ និង​ឯកជន​មាន​៩៧,៨ ភាគរយ (​ស្រី​៩៨,១​ភាគរយ​) ស្ថិតក្នុង​ស្តង់ដារ និង​ក្នុង​កម្រិត​ប្រហាក់ប្រហែល​ប្រទេស​ក្នុង​តំបន់​។​

​សុន្ទរកថា របស់លោក ហង់ ជួនណា​រ៉ុ​ន បាន​សរសរ​ក្នុងន័យ​ដើម​ថា​៖

«​ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត «​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​សិក្សាធិការ​ឆ្នាំ​២០១៤-២០១៨» ដែល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ការពង្រីក​ការរៀនសូត្រ​របស់​កុមារ​តូច ការបង្កើន​លទ្ធភាព​ទ​ទួលបាន​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា និង​ក្រោយ​មធ្យមសិក្សា ព្រមទាំង​លើកកម្ពស់​គុណភាព​អប់រំ​នៅ​គ្រប់​កម្រិត ជាមួយនឹង​ការពង្រីក កម្មវិធីសិក្សា​ក្រៅ​ប្រព័ន្ធ ការសិក្សា​បច្ចេកទេស ការអភិវឌ្ឍ​ការងារ​យុវជន និង​ការអប់រំ​កាយ និង​កីឡា ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល និង​អាទិភាព​អប់រំ​សិក្សាធិការ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ​២០១៤-២០១៨»​។​

​យ៉ាងណាក្តី ធនាគារពិភពលោក​បាន​រកឃើញថា ប្រព័ន្ធ​អប់រំ ដែលមាន​ដំណើរ​ការល្អ ចាយ​ថវិកា​ប្រកបដោយ​ប្រសិទ្ធ​ផល​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន និង​ទៅលើ​គ្រូ មាន​នីតិវិធី​ជ្រើសរើស​បុគ្គលិក សម្រាប់​ធ្វើយ៉ាងណា ទាក់ទាញ​ឲ្យ​បាន​បេក្ខជន​ល្អ​បំផុត យកមក​បង្រៀន និង​មាន​រចនាសម្ព័ន្ធ​ប្រាក់បៀវត្សរ៍​មួយ ដែល​ផ្តល់រ​ង្វាន់​គ្រូបង្រៀន​ណា ដែល​បំពេញ​កិច្ចការ​បានល្អ​នៅក្នុង​ថ្នាក់រៀន​។​

​របាយការណ៍​ដដែលរ​បស់​ធនាគារពិភពលោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មុខរបរ​គ្រូបង្រៀន​នៅ​ប្រទេស​កម្ពុជា គឺជា​មុខរបរ​ដែល​មិនមាន​ការទាក់ទាញ​ដល់​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា ដោយសារតែ​ប្រាក់ខែ​មាន​កម្រិត​ទាប​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកទទួលការ​បណ្តុះបណ្តាល​ធ្វើជា​គ្រូបង្រៀន​ស្ទើរតែ​ទាំងអស់ ដែល​បាន​ចុះឈ្មោះ​ទទួល​ការបណ្តុះបណ្តាល​នៅតាម​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គឺជា​អ្នក​ដែល​ធ្វើ​បានល្អ​ក្នុង​កម្រិត​កណ្តាល​នៅក្នុង​ការប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​។​

​លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​បន្ថែមថា លោក​ទទួលស្គាល់​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការដំឡើង​ប្រាក់ខែ និង​ប្រាក់បៀវត្សរ៍​ដល់​គ្រូបង្រៀន ដែល​រហូតមក​ដល់ពេលនេះ បាន​ជាង​មួយ​លាន​រៀល បើ​បូក​បន្ថែមនឹង​ប្រាក់​បំណាច់​ផ្សេងទៀត​។ លោក​អះអាងថា ការដំឡើង​ប្រាក់ខែ​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​គ្រូបង្រៀន​នោះទេ ពោលគឺ​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​ការឡើង​ថ្លៃទំនិញ​ទីផ្សារ​ផងដែរ​។ លោក​មានប្រសាសន៍ថា ទោះបី​ប្រាក់ខែ​គ្រូ​ឡើងដល់​បី​លាន​រៀល​ក៏ដោយចុះ ក៏​វា​គ្មាន​ន័យ ប្រសិនបើ​តម្លៃ​ទំនិញ​ទីផ្សារ​ឡើង​តាម​ដែរនោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com