ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន ស្នើ​ឲ្យ​ប៉ូលិស​អន្តរជាតិ ជួយ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការនាំ​សត្វព្រៃ ចេញពី​កម្ពុជា​
28, Mar 2018 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ស្នើ​ដល់​ស្ថាប័ន​អន្តរជាតិ​នានា ជាពិសេស​ស្ថាប័ន​នគរបាល​អន្តរជាតិ (Interpol) ឲ្យ​ជួយ​កម្ពុជា ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ការនាំ​សត្វព្រៃ​គ្រប់​ប្រភេទ ទៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។



​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល លោក សាយ សំ​អាល់ បាន​លើកឡើងថា ពេលនេះ​ជា​ពេល​ដ៏​សមរម្យ ដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ព្រៃឈើ និង​ការនាំ​សត្វព្រៃ​ឆ្លងដែន​។ លោក បន្តថា បញ្ហា​បទល្មើស​ព្រៃឈើ និង​ការនាំ​សត្វព្រៃ​ឆ្លងដែន​នេះ គឺ​កើនឡើង​គ្រប់​ទីកន្លែង ដូច្នេះ​គួរតែ​គ្រប់ភាគី សហការគ្នា ដើម្បី​ទប់ស្កាត់​។

​អគ្គស្នងការ​នគរបាល​ជាតិ ស្រង់​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​រូបនេះ ទៅ​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​ជនល្មើស កំពុងតែ​ប្រើ​គ្រប់​ក​ល្បិច ដូចជា​តាម​រូបភាព​ដាក់​ក្នុង​វ៉ា​លី ដាក់​ក្នុង​កប៉ាល់​គ្រប់សព្វ​បែបយ៉ាង ដើម្បី​នាំ​សត្វព្រៃ​ទាំងអស់នោះ មក​ឬ​យក​សត្វ​ទាំងអស់នោះ ឆ្លងដែន​ដោយ​ខុសច្បាប់​។ ប៉ុន្តែ សម័យនេះ ជា​សម័យ​បច្ចេកវិទ្យា ជឿនលឿន ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់ ដូចជា​សមត្ថកិច្ច​គយ នគរបាល​សេដ្ឋកិច្ច កងរាជអាវុធហត្ថ កម្លាំងយោធា ក្រសួងបរិស្ថាន និង​នគរបាល Interpol សហការគ្នា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ឆ្លងដែន​»​។​

​ការ​ថ្លែង​ខាងលើ​របស់លោក សាយ សំ​អាល់ គឺធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី «​សន្តិសុខ​បរិស្ថាន​ជាតិ បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​» ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​ស្ថាប័ន Interpol នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​។

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ពី​ការលើកឡើង​របស់លោក សាយ សំ​អាល់ ទៀតថា  បើ​នៅតែ​បន្ត​មាន​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ នឹងធ្វើ​ឲ្យ​ប៉ះពាល់ ឬ​បាត់បង់​ធនធានធម្មជាតិ​ទាំង​ក្នុង​តំបន់ និង​ពិ​ភ​លោក​។  លោក ជំរុញ​ឲ្យ មានការ​ពិភាក្សា​ពី​គ្រប់ភាគី ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ដើម្បី​រិះរក​មធ្យោបាយ​សមស្រប សម្រាប់​ទប់ស្កាត់​ការជួញដូរ​ព្រៃឈើ និង​សត្វព្រៃ​ឆ្លងដែន នៅក្នុង​តំបន់ និង​ពិភពលោក​៕


Tag:
 សាយ សំ​អាល់​
  បរិស្ថាន​
  Interpol
© រក្សាសិទ្ធិដោយ thmeythmey.com