អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ករណី​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​៖ អាមេរិក​ឲ្យ​រុស្ស៊ី​សារភាព បើ​ចង់​ឲ្យ​ទំនាក់ទំនង​ល្អ​ឡើងវិញ​
28, Mar 2018 , 12:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert (រូបភាព៖ AFP)
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert (រូបភាព៖ AFP)
​ក្រសួងការបរទេស​អា​មេ​រិ​ក​បានទាមទារ​ឲ្យ​រុស្ស៊ី​សារភាព​ចំពោះ​ករណី​បំពុល​អតីត​ចារកម្ម​រុស្ស៊ី Sergei Skripal ដោយ​ប្រើប្រាស់​សារធាតុ​គីមី​នៅឯ Salisbury កាលពី​ថ្ងៃទី​៤ ខែមីនា​។ ការសារភាព​របស់​រុស្ស៊ី នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​ល្អប្រសើរ​ឡើងវិញ​។ សម្រាប់​អាមេរិក ភស្តុតាង​ចាំបាច់​តែមួយគត់​ដើម្បី​បញ្ជាក់​កំហុស​របស់​រុស្ស៊ី គឺ​សម្ដី​របស់​អង់គ្លេស ទោះបីជា​គ្មាន​អំណះអំណាង​ជាក់ស្ដែង​ក៏ដោយចុះ​។​


​សំណុំរឿង​ប៉ុនប៉ង​បំពុល​អតីត​ចារកម្ម​រុស្ស៊ី និង​កូនស្រី កំពុង​រាលដាល​ខ្លាំង​។ ឈរលើ​ស្មារតី​គាំទ្រ​អង់គ្លេស រដ្ឋ​អឺរ៉ុប​ចំនួន​១០ អាមេរិក អូស្ត្រាលី កាណាដា និង​សម្ព័ន្ធ​យោធា​ណា​តូ បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ជា​បន្តបន្ទាប់ ទោះជា​គេ​មិនទាន់​ឃើញ​មាន​ភស្តុតាង​ជាក់ស្ដែង​ណាមួយ​ដែល​បញ្ជាក់ថា រុស្ស៊ី​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយសារ​ធាតុគីមី​លើ​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal និង​កូនស្រី​របស់លោក​ក្ដី​។​

​ខណៈដែល​រុស្ស៊ី​ទាត់ចោល​ការចោទប្រកាន់ និង​ទាមទារ​រក​ភស្តុតាង​ពិតប្រាកដ​នោះ អាមេរិក​បានចេញ​មុខ​ទាមទារ​ឲ្យ​រុស្ស៊ី​សារភាព​កំហុស និង​បញ្ឈប់​ទង្វើ​កោងកាច​ដើម្បី​ស្ដារ​ទំនាក់ទំនង​ជាមួយ​ខ្លួន និង​អង្គការ​ណា​តូ​ឡើងវិញ​។ បន្ទាប់ពី​មាន​ហេតុការណ៍​នៅឯ Salisbury របស់​អង់គ្លេស អាមេរិក​បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ប្រចាំ​អាមេរិក​ចំនួន​៤៨​នាក់ និង​មន្ត្រី​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​ចំនួន​១២​នាក់ ដោយ​អះអាងថា ពួកគេ​ជាម​ន្ត្រី​ចារកម្ម​ជ្រក​ក្រោម​ផ្លាក​មន្ត្រីការទូត​។​

​ការសម្រេចចិត្ត​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី គឺជា​ការសម្រេចចិត្តរ​បស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្រោយ​បាន​របាយការណ៍​ពី​អង្គភាព​នានា​រាប់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ផង​។ យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert និយាយថា អ្វីៗ​ទាំងអស់​ចាប់ផ្ដើម​ដោយ​អង់គ្លេស​មុនគេ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៧ ខែមីនា អ្នកនាំពាក្យ​រូបនេះ​លើកឡើងថា អាមេរិក​មាន​ហេតុផល​គ្រប់យ៉ាង​ក្នុងការ​ជឿជាក់​សម្ដី​រប​ស់​អង់គ្លេស​។ 

«​នៅពេល​អង់គ្លេស​ប្រាប់​យើង​ថា ពួកគេ​មាន​ភស្តុតាង ហើយ​ពួកគេ​ដឹងថា រុស្ស៊ី​ជា​អ្នកទទួលខុសត្រូវ យើង​ជឿ​ពួកគេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក នៅពេល​អ្នកសារព័ត៌មាន​សួររក​ភស្តុតាង​ដើម្បី​បង្ហាញថា រុស្ស៊ី​ពិតជា​នៅ​ពីក្រោយ​ការប្រើប្រាស់​សារធាតុ​គីមី​លើ​អតីត​ចារកម្ម​ដែល​ធ្វើការ​ឲ្យ​អង់គ្លេស​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី RT ។​

​ជុំវិញ​បញ្ហា​នេះ គេ​មិនទាន់​ឃើញ​មានប្រតិកម្ម​ពី​រុស្ស៊ី​នៅឡើយ​ទេ ទោះជា​រុស្ស៊ី​ប្រកាសថា ខ្លួន​នឹង​ឆ្លើយតប​វិញ​ក្ដី​។ មកទល់ពេលនេះ មន្ត្រី​ទូត​រុស្ស៊ី​ប្រមាណ​១៣០​នាក់​ត្រូវបាន​បណ្ដេញចេញ​ក្នុង​ជម្លោះ​ការទូត​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​នេះ ហើយ​នេះ​ជាការ​បញ្ជូន​មន្ត្រី​ទូត​ច្រើនជាងគេ​បំផុត​ក្រោយ​សម័យ​សង្គ្រាមត្រជាក់​។ វិធាន​ការតបត​រប​ស់​រុស្ស៊ី ក៏​ទំនងជា​គ្មានអ្វី​ក្រៅ​បណ្ដេញ​មន្ត្រី​ទូត​នៃ​ប្រទេស​ដែល​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​នោះឡើយ​៕  






Tag:
 អាមេរិក​
  រុស្ស៊ី​
  អង់គ្លេស​
  Sergei Skripal
© រក្សាសិទ្ធិដោយ thmeythmey.com