កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បារាំង ម្ចាស់​ជើងឯក​កាលពី​២០​ឆ្នាំមុន​តាំងចិត្ត​ធ្វើ​ឲ្យ​បាន​ម្តងទៀត​
29, Mar 2018 , 8:39 am        
រូបភាព
 Antoine Griezmann អបអរគ្រាប់បាល់បញ្ចូលទីខ្លួនលើវេលស៍ នាជំនួបមិត្តភាពកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត AFP
Antoine Griezmann អបអរគ្រាប់បាល់បញ្ចូលទីខ្លួនលើវេលស៍ នាជំនួបមិត្តភាពកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត AFP
​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៩៨ បារាំង ដែលមាន​កីឡាករ​ល្អៗ​ច្រើន​កំពុង​ប្រកប​អាជីព​ក្នុង​ក្លិប​ល្បីៗ​នៅ​តំបន់​អឺរ៉ុប បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ ស្ថិតក្នុង​ពូ​ល C ដែល​ត្រូវ​ជួប​អូស្ត្រាលី​ក្រុម​មកពី​តំបន់​អាស៊ី ប៉េ​រូ មកពី​អាមេរិក​ឡាទីន និង​ដា​ណឺ​ម៉ាក​ពី​អឺរ៉ុប​។ នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី ១៥​ហើយ របស់​ក្រុម​មកពី​តំបន់​អឺរ៉ុប​មួយ​នេះ តាំងពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៣០​។​



​អ្នកចាត់ការ​ទូទៅ​៖ Didier Deschamps (​បារាំង​)
Deschamps ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​លើក​ពាន World Cup កាលពី​ឆ្នាំ​១៩៩៨ ក្នុងនាម​លោក​ជា​ប្រធាន​ក្រុម ហើយ​អ្នកចាត់ការ​វ័យ​៤៩​ឆ្នាំ​រូបនេះ​ឡើង​ដឹកនាំ​ក្រុម​រហ្សនាម​មាន់គក​នៅ​ឆ្នាំ​២០១២​។ អតីត​គ្រូ Monaco, Juventus និង Marseille បាន​ដឹកនាំ​ក្រុម​នេះ​ឈានទៅ​រុស្ស៊ី​បន្ទាប់ពី​នាំមុខ​ពិន្ទុ​គេ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A ប្រចាំ​តំបន់​អឺរ៉ុប​។​



​កីឡាករ​ឆ្នើម​៖ Antoine Griezmann
​ខ្សែប្រយុទ្ធ​របស់ Atletico Madrid រូបនេះ ធ្លាប់ជា​កីឡាករ​ល្អ និង​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៃ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ Uefa Euro ឆ្នាំ​២០១៦ ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​។ Griezmann ដែល​បច្ចុប្បន្ន​មាន​វ័យ ២៧​ឆ្នាំ រកបាន​៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​៤​ដង​នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ដើម្បី​នាំ​បារាំង​បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។​



​ប្រវត្តិ​ក្នុង World Cup ៖
​នេះ​ជា​វត្តមាន​លើក​ទី ១៥ របស់​ក្រុម​ជម្រើសជាតិ​បារាំង​សម្រាប់​ក្រុម​ដែល​បាន​កៅអី​ពី​តំបន់​អឺរ៉ុប​បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ ១៩៣០ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺ​លើក​ពាន​នេះ​នៅ​ឆ្នាំ​១៩៩៨ ក្នុង​ប្រវត្តិសាស្ត្រ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​
 បារាំង ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៩ ពិភពលោក​ក្នុង​តារាង FIFA Ranking៕



​កម្មវិធី​ប្រកួត​៖
១៦ មិថុនា​៖ បារាំង Vs អូស្ត្រាលី (​ម៉ោង ៥​ល្ងាច​)
២១ មិថុនា​៖ បារាំង Vs ប៉េ​រូ (​ម៉ោង ១០​យប់​)
២៦ មិថុនា​៖ ដា​ណឺ​ម៉ាក Vs បារាំង (​ម៉ោង ៩​យប់​)



Tag:
 បាល់ទាត់​
  FIFA World Cup
  បារាំង​
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com