អន្តរជាតិ
លោក ត្រាំ ទន្ទឹង​ចាំ​ជួប​លោក គីម ជុង​អ៊ុន និយាយ​រឿង​នុយក្លេអ៊ែរ​
29, Mar 2018 , 10:53 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​អន្ទះអន្ទែង​ចង់​ជួប​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន កាន់តែខ្លាំង ក្រោយ​លោក គីម ជុង​អ៊ុន ជួប​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង រួចមក​។ លោក ស៊ី បាន​ប្រា​ប់លោក ត្រាំ ពី​ជោគជ័យ​នៃ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង និង​ពី​ជំហរ​របស់លោក គីម ដែល​ចង់​ជួប​លោក ត្រាំ ដូចគ្នា​។ តាម​គម្រោង​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម នឹងធ្វើ​ឡើង​នៅ​ខែឧសភា​ខាងមុខ តែ​ពេលវេលា និង​ទីតាំង​ជាក់លាក់​មិនទាន់​កំណត់​នៅឡើយ​។



​ជំនួប​កំពូល​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក កាន់តែ​លេច​ពន្លឺ​ខ្លាំង​ឡើង​ហើយ​។ ទាំង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទាំង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន សុទ្ធតែ​បាន​ទន្ទឹងរង់ចាំ​ជំនួប​ទ្វេភាគី​នេះ ដោយមាន​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជា​ប្រធានបទ​សំខាន់​។ ប៉ុន្តែ​ទណ្ឌកម្ម និង​សម្ពាធ​ទាំងឡាយ​នឹង​នៅតែ​បន្ត​អនុវត្ត​លើ​កូរ៉េខាងជើង​ដដែល​ក្នុង​រយៈពេល​នេះ​។​

​ក្នុងជំនួប​នៅ​ទីក្រុង​ប៉េកាំង លោក គីម ជុង​អ៊ុន បាន​ប្រាប់​ប្រ​ធា​ធិបតី​ចិន ស៊ី ជិន​ភីង ពី​បំណង​ចង់​ជួប​លោក ត្រាំ ហើយ​លោក ស៊ី ក៏បាន​ប្រា​ប់លោក ត្រាំ ពី​រឿងនេះ​។ នេះ​បើតាម​ការប្រកាស​របស់​លោក ត្រាំ តាម​បណ្ដាញ Twitter នៅ​ថ្ងៃទី​២៨ ខែមីនា​។ មិន​ត្រឹមតែ​ជំនួប​ជាមួយ​លោក ត្រាំ មេដឹកនាំ​កូរ៉េខាងជើង​ក៏​រង់ចាំ​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ថែមទាំង​សន្យា​រំសាយ​នុយក្លេអ៊ែរ​ទៀតផង​។​


​ប្រធានាធិបតី​អាមេរិក​បាន​ស្វាគមន៍​ដំណើរការ​ទៅមុខ​ជុំវិញ​ជំនួប​រវាង​មេដឹកនាំ​ចិន និង​កូរ៉េខាងជើង ដែលជា​ជំនួប​សម្ងាត់ និង​ត្រូវបាន​ទម្លាយ​ក្រោយ​លោក គីម ចាក​ចេញពី​ទឹកដី​ចិន​នោះ​។ លោក គីម និង​ភរិយា បានធ្វើ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​នៅ​ប៉េកាំង​រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែមីនា​កន្លងទៅ​។​

​សម្រាប់​គម្រោង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក ត្រាំ អះអាងថា ដំណើរ​ឆ្ពោះទៅកាន់​ការលុបបំបាត់​នុយក្លេអ៊ែរ​មានលទ្ធភាព​កាន់តែ​ធំ​ហើយ ហើយ​វា​ជា​រឿង​ល្អ​សម្រាប់​លោក គីម ។ ក្នុង​សារ​មួយទៀត​តាម Twitter ប្រធានាធិបតី​អាមេរិក​លើកឡើងថា អស់​ពេល​ច្រើន​ឆ្នាំ និង​ច្រើន​រដ្ឋាភិបាល​អាមេរិក លទ្ធភាព​នៃ​ការកសាង​សន្តិភាព និង​ការលុបបំបាត់​នុយក្លេអ៊ែ​រ​សឹងតែ​គ្មាន​សោះ​។ ឥឡូវ​ឱកាសល្អ​មកដល់​សម្រាប់​លោក គីម ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​ប្រជាជន និង​មនុស្សជាតិ​។



​យ៉ាងណាមិញ អាមេរិក​នឹង​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​ជា​អតិបរមា​លើ​កូរ៉េខាងជើង នៅ​ជំនួប​ទ្វេភាគី​កើតឡើង​។ ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ក្រុង​ព្យុងយ៉ាង​ធ្វើ​សកម្មភាព​ជាក់លាក់​ជាមុនសិន មុននឹង​ខ្លួន​ពិចារណា​រឿង​ដក​ទណ្ឌ​កម្មនេះ​។ ជា​រឿង​មិនអាច​ប្រកែក​បាន ការបន្ទន់​ជំហរ​របស់​កូរ៉េខាងជើង​កន្លងមក មាន​ដោយ​ផ្នែក​ដោយសារ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​រាប់សិប​លើក​របស់​សហគមន៍​អន្តរជាតិ និង​ចំណាត់ការ​ឯកតោភាគីរ​បស់​អាមេរិក​តែម្ដង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com