ជាតិ
សង្គមជាតិ
ស្នងការរង និង​ជនសង្ស័យ​៤​នាក់ ទាក់ទង​ករណី​ស្ត្រី​ម្នាក់​ចងក​នៅ​ខេត្តតាកែវ ត្រូវបាន​បញ្ជូនទៅ​តុលាការ​
31, Mar 2018 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ជនសង្ស័យ​៥​នាក់ ដែល​ជាប់ទាក់ទង​នឹង​ករណី​ស្ត្រី​ម្នាក់​ចងក នៅ​ខេត្តតាកែវ កំពុងស្ថិត​នៅក្នុង​បន្ទប់​តុលាការ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់ នៅ​រសៀល​ថ្ងៃទី​៣១ មីនា ក្រោយពី​សមត្ថកិច្ច​សាកសួរ អស់​រយៈពេល​២​ថ្ងៃ​។​

 
​ជនសង្ស័យ​បាន​សារភាព​អស់ហើយ នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ ។ ប៉ុន្តែ​ពួកគេ​មិនទាន់​បញ្ជាក់ថា អ្នកណា​ជា​មេក្លោង នៅ​ពីក្រោយ​ខ្នង​ករណី​នេះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News ។​
 
​ក្នុងចំណោម​ជនសង្ស័យ​ទាំង​៥​នាក់​នេះ មាន​ស្នងការរង​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ធ ដែល​ត្រូវបាន​គេ​ដឹងថា ជា​បងប្រុស​បង្កើត​រប​ស់លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​។ លោក ឡាយ វណ្ណៈ ទើបនឹង​ត្រូវបាន​ប្រមុខរដ្ឋស្តីទី​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដកតំណែង​ជា​អភិបាល​ខេត្តតាកែវ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​
 
​គួររម្លឹកថា ស្ត្រី​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា មាន​វ័យ​៣៦​ឆ្នាំ បាន​ស្លាប់​ដោយ​ចងក​នៅក្នុង​ផ្ទះ ស្ថិត​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨​។ ប៉ុន្តែ​មរណភាព​របស់​ស្ត្រី​ខាងលើ នៅ​បន្ត​ការសង្ស័យថា​ជា​ទង្វើរ​មនុស្សឃាត ទើប​នាំ​ឲ្យ​សមត្ថកិច្ច បន្ត​បើក​ការស៊ើបអង្កេត ហើយ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ ក្នុងចំណោម​ជនសង្ស័យ​៨​នាក់​៕
 
 

Tag:
 ចែវ សុ​វ​ឌ្ឍ​នា​
  ស្នងការរង​ខេត្តតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com