អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ជី​មី កា​ទ័​រ ៖ «​អាមេរិក​ហាក់ដូចជា​ចង់​មាន​មនុស្ស​ភ្លីភ្លើ​ជា​ប្រធានាធិបតី​»
01, Apr 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​និយាយ​ដល់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន ក្នុង​កម្មវិធី​សន្ទនា​មួយនា​ថ្ងៃ​សុក្រ​ទី ៣០ ខែមីនា អតីត​ប្រធានាធិបតី​អាមេរិក​លោក ជី​មី កា​ទ័​រ បាន​ឯកភាព​ចំពោះ​គំនិត​ដែលថា អាមេរិក​ចង់បាន​មនុស្ស​ភ្លីភ្លើ​ជា​ប្រធានាធិបតី​។ ក្រៅពី​លើកឡើង​បែបនេះ លោក កា​ទ័​រ​ក៏​ឆ្លៀត​បង្ហើប​ថា​លោក​ព្យាយាម​បួងសួង​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​ដ៏​ល្អ​ម្នាក់​ដែល​អាច​ដោះស្រាយ​បញ្ហា និង​រក្សា​សន្តិភាព​បាន​។ 

 
​អតីត​ប្រធានាធិបតី​អាមេរិក និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ឃោស​នាពី​សៀវភៅ​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា «Faith: Journey for all» ក្នុង​កម្មវិធី The Late Show ដែល​រៀបចំឡើង​ដោយសារ​ព័ត៌មាន CBS​។ 
 
​ប៉ុន្តែ​ក្នុងពេល​នោះដែរ ពិធីករ​លោក Stephen Colbert  បាន​ឆ្លៀត​លើកឡើង​ពី​ប្រធានបទ​ផ្សេងទៀត​ដែល​ទាក់ទង​ការងារ​លោក​ជា​ប្រធានាធិបតី ក៏ដូចជា​ពាក់ព័ន្ធ​នឹង​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ដែរ​។ លោក Colbert បាន​លើកឡើងថា លោក កា​ទ័​រ ជា​ប្រធានាធិបតី​ដ៏​ល្អ​មួយរូប តែ​លោក​បាន​ចោទ​សួរថា តើ​ប្រជាជន​អាមេរិក​បច្ចុប្បន្ន​ពិតជា​ត្រូវការ​ប្រធានាធិបតី​ដែល​ភ្លីភ្លើ​ពិត​ឬក៏​យ៉ាងណាដែរ​?
 
​លោក កា​ទ័​រ ឆ្លើយតប​វិញ​ថា លោក​ក៏​ហាក់​យល់ឃើញ​ដូច្នោះ​ដែរ បើតាម​ការបោះឆ្នោត​ថ្មីៗ​កន្លងមកនេះ​។​
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អតីត​ប្រធានាធិបតី​រូបនេះ​បង្ហើប​ថា លោក​បួងសួង​ឲ្យ​លោក ត្រាំ ជានិច្ច​ព្រោះ​លោក​ចង់ឃើញ​លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​ដ៏​ល្អ បង្រួបបង្រួម​ប្រទេសជាតិ និង​អាច​បញ្ចប់​កង្វល់​របស់​ប្រជាជន​អាមេរិក​បាន​។​
 
«​ខ្ញុំ​កំពុង​បួងសួង​ថា គាត់​នឹង​ក្លាយជា​ប្រធានាធិបតី​ល្អ​ម្នាក់ ហើយ​គាត់​នឹង​អាច​រក្សា​សន្តិភាព​សម្រាប់​ប្រទេស​យើង និង​ចៀស​ឲ្យ​ផុតពី​ការប្រើប្រាស់​សង្គ្រាម​នុយក្លេអ៊ែ​រ​។ ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា គាត់​នឹង​លើកស្ទួយ​សិទ្ធិមនុស្ស​ដូចគ្នា​។ ពិត​ហើយ​ខ្ញុំ​បួងសួង​សម្រាប់​រូបគាត់​»​។​
 
​កាលពី​ថ្មីៗ​នេះ លោក កា​ទ័​រ បាន​ថ្លែងប្រាប់​សិស្ស​របស់លោក​នៅ​សាលា Maranatha Baptist Church  ថា លោក​សប្បាយចិត្ត​ដែល​លោក ត្រាំ សម្រេច​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈម​ជាពិសេស​បញ្ហា​នុយក្លេអ៊ែរ​។ កន្លងមក លោក កា​ទ័​រ ធ្លាប់​បង្ហាញ​ពី​បំណង​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង​ដែរ​ដើម្បី​ជួបចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នោះ​។ 
 
​ដោយឡែក ក្នុង​កម្មវិធី​នេះដែរ លោក Colbert បាន​ឆ្លៀត​ផ្តល់យោបល់​ឲ្យ ប្រធានាធិបតី​មួយ​អាណត្តិ និង​ជា​អតីត​អភិបាល Georgia លោក កា​ទ័​រ ដែលមាន​វ័យ ៩៣​ឆ្នាំ ឈរឈ្មោះ​ប្រជែង​ជាមួយ​លោក ត្រាំ នា​អាណត្តិ​ក្រោយ​។​លោក​បាន​លើក​អាវយឺត​ដែលមាន​ពាក្យស្លោក​មួយ​ថា លោក កា​ទ័​រ ឆ្នាំ ២០២០ ផងដែរ​? 

Tag:
 ជី​មី កា​ទ័​រ​
  ដូ​ណា​ល់ ត្រាំ​
  Stephen Colbert
© រក្សាសិទ្ធិដោយ thmeythmey.com