ជាតិ
សេដ្ឋកិច្ច
មូលហេតុ​ដែលនាំអោយ​អាជីវកម្ម​ជោគជ័យ ឬ​បរាជ័យ​…!
01, Apr 2018 , 11:19 pm        
រូបភាព
រូបតំណាង
រូបតំណាង
​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​ជាទូទៅ​ថា ទាំង​ប្រជាជន​ខ្មែរ ទាំង​ជនបរទេស​នាំគ្នា​បង្កើត​អាជីវកម្ម​ច្រើន​គួរសម​នៅក្នុង​ប្រទេស​ក្រីក្រ​កម្ពុជា​។ ពាណិជ្ជករ​ខ្លះ បង្កើត​អាជីវកម្ម​រួចហើយ​ទទួលបាន​ប្រាក់ចំណេញ​មកវិញ​ក្នុង​រយៈ​ឆាប់​បំផុត វិនិយោគិន​ខ្លះ បើក​ហើយ​មិនសូវ​ដំណើរ​ទេ រីឯ អាជីវករ​ខ្លះទៀត គ្រាន់តែ​បើក​បាន​ប៉ុន្មាន​ខែ​ក៏​បិទទ្វារ​ទៅវិញ​។ តើ​កត្តា​អ្វីខ្លះ​ដែល​នាំទៅរក​ភាពជោគជ័យ និង​កត្តា​អ្វីខ្លះ​ដែល​នាំទៅរក​ភាពបរាជ័យ​?

 
​ប្រទេស​កម្ពុជា​បាន​រួច​ចាក​ពី​សេចក្តីស្លាប់​នៅ​ឆ្នាំ​១៩៧៩​។ ជាង​១០​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំ​១៩៩៣ ជា​ពេលដែល​មានការ​រៀបចំ​បោះឆ្នោត​ដោយ​អង្គការសហប្រជាជាតិ ប្រទេស​កម្ពុជា​បានសម្រេច​ចិត្ត​បើកចំហរ​សេដ្ឋកិច្ច​របស់ខ្លួន​តាម​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី ដោយ​បោះបង់​ប្រព័ន្ធ​សេដ្ឋកិច្ច​បែបផែន​ការ​ចោល​។ 
 
​ក្នុង​ទសវត្សរ៍​៩០ និង​២០០០ ការបង្កើត​សកម្មភាព​សេដ្ឋកិច្ច​នានា​នៅមាន​ចលនា​តិចតួច​ល្មម​ទេ​។ ប៉ុន្តែ​ចាប់តាំងពី​ចុងឆ្នាំ​២០០០​រហូតមកដល់​ឆ្នាំ​២០១៨​នេះ ហាង​តូចធំ ក្រុមហ៊ុន​តូចធំ សេវាកម្ម​តូចធំ ដែលជា​កម្មសិទ្ធិ​របស់​ខ្មែរ និង​បរទេស​បានចាប់ផ្តើម​រីកដុះដាល​ដូច​ផ្សិត​នៅតាម​ដង​មហាវិថី​ធំៗ​នៅ​រាជធានី​ភ្នំពេញ​។ នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​អ្នកវិនិយោគ​បោះទុន​នៅពេលនេះ​។ 
 
​ការសម្រេចចិត្ត​នៅពេលនេះ ពីព្រោះ​អ្នកវិនិយោគទុន​គ្រប់គ្នា​យល់ថា កម្រិតជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​អាច​ចាប់ផ្តើម​មាន​ប្រាក់​ដើម្បី​ទិញ​ទំនិញ​បាន​ហើយ​។ ម្យ៉ាងវិញទៀត ពួកគេ​យល់ថា ប្រសិនបើ​មិន​បោះទុន​វិនិយោគ​នៅពេលនេះ​ទេ គឺ​វា​ហួសពេល​បន្តិច​ដើម្បី​ធ្វើ​ជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ ទាំង​ជនជាតិខ្មែរ និង​បរទេស​នាំគ្នា​សម្រុក​មករក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើនឡើង​នៅ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ថ្មី​ដែល​ទើប​ងើប​ចេញពី​សង្គ្រាម ពោលគឺ​ឱកាស​វិនិយោគ​នៅមាន​ច្រើន ហើយ​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើន​។ 
 
​ប៉ុន្តែ​ទន្ទឹមនឹង​ការ​ប្រជែង​គ្នា​បោះទុន​វិនិយោគ​នោះ អ្នកវិនិយោគ​ខ្លះ​ទទួល​ជ័យជម្នះ រីឯ​អ្នក​ខ្លះទៀត​ក៏​បរាជ័យ​ទៅវិញ​។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វីខ្លះ​? 
 
​អាជីវកម្ម មិន​ថា ម្ចាស់​កម្មសិទ្ធិ​ខ្មែរ​ឬ​បរទេស​ទេ​អាច​រីក​ធំធាត់​ខ្លាំង​បាន​ដោយ​ផ្អែកលើ​កត្តា​មួយចំនួន​ក្នុងនោះ​មាន​៖
​ទី​១ ឱកាស​ធ្វើ​ជំនួញ​បាន​មុនគេ​។ 
 
​ទី​២ មានការ​សិក្សា​ទីផ្សារ​ត្រឹមត្រូវ​។ 
 
ទី​៣ មាន​ដើមទុន​គ្រប់គ្រាន់​ដើម្បី​រៀបចំ​អាជីវកម្ម​អោយបាន​ត្រឹមត្រូវ​។ 
 
​ទី​៥ មាន​ទីតាំង​នៃ​អាជីវកម្ម​ចំ​តំបន់​ល្អ​។​
 
​ទី​៦ ប្រព័ន្ធគ្រប់គ្រង​ល្អ​។ 
 
​ទី​៧ យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​លក់បាន​ធ្វើឡើង​ចំ​ទិសដៅ​។​
 
​ទី​៨ ធនធានមនុស្ស​ល្អ ស្មោះត្រង់ និង​ការតាំង​ចិត្ត​ខ្ពស់​។​
 
​ទី​៩ ចេះ​បទ​បែន​ទៅតាម​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា និង​ទី​១០ វា​មិនមែនជា​លក្ខណៈ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ទេ តែ​ជា​កត្តា​សំណាង​។ អ្នកជំនួញ​ខ្លះ​កប​នឹង​ជំនួញ​អ្វីមួយ​។ ប្រសិនបើ​គេ​មិន​ធ្វើ​ជំនួញ​នេះ ហើយ​បែរ​ទៅធ្វើ​ជំនួញ​ផ្សេង អ្នកនោះ​អាច​នឹង​ប្រឈម​ការបរាជ័យ​។ 
 
 
​ឯា​ក​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​សួរថា តើ​កត្តា​អ្វីខ្លះ​ដែលនាំអោយ​អាជីវកម្ម​បរាជ័យ​? 
 
​ទី​១ ការ​បោះទុន​ធ្វើឡើង​ដោយ​ចំណង់​។ គិត​ភ្លាម​ធ្វើ​ភ្លែត គ្មាន​គោលការណ៍ គ្មាន​ការសិក្សា​ទីផ្សារ​ត្រឹមត្រូវ​។ ការធ្វើ​អាជីវកម្ម​របៀប​ជា​លក្ខណៈ​គ្រួសារ​។ 
 
​ទី​២ ទុន​មិន​គ្រប់គ្រាន់​។ 
 
ទី​៣ ជម្លោះផ្ទៃក្នុង​នៅក្នុង​ចំណោម​ភាគហ៊ុន​និក​។ 
 
​ទី​៤ ប្រព័ន្ធគ្រប់គ្រង​ក្រុមហ៊ុន​មិនល្អ​។ 
 
​ទី​៥ កង្វះខាតភាព​អត់ធ្មត់​។ 
 
​ទី​៦ ធនធានមនុស្ស​មិន​ស្មោះត្រង់ ខ្វះ​ចំណេះដឹង និង​ខ្វះ​ឆន្ទៈ​។ 
 
​ទី​៧ សម្រាប់​ប្រទេស​កម្ពុជា អាជីវកម្ម​មួយចំនួន​អាច​ដួលរលំ​ទៅវិញ​ដោយសារតែ​ការរំខាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយចំនួន​។ 
 
​ចំណុច​មួយទៀត គឺជា​ចំណុច​វាសនា អ្នកខ្លះ​ខំប្រឹង​ចង់​មានកម្ម​សិទ្ធិ​មុខរបរ​ឬ​ចង់​កាន់កាប់​អាជីវកម្ម​ដោយ​ខ្លួនឯង​ដែរ​។ ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើទៅ​បានទេ ពីព្រោះ​ព្រហ្ម​លិខិត​បានកំណត់​មកហើយ​ថា ពួកគេ​កើតមក​បានត្រឹមតែ​ជា​បុគ្គលិក​ប៉ុណ្ណោះ ពោលគឺ​មិនអាច​ឈានទៅរក​«​ថៅកែ​»​បានឡើយ​។ 
 
​គួរ​កត់សម្គាល់ថា គ្មាន​ន​ណា​ម្នាក់​នៅលើ​ពិភពលោក​នេះ​មិន​ចង់​ធ្វើជា​«​ថៅកែ​»​ទេ​។ ប៉ុន្តែ​ពេលខ្លះ ពួកគេ​មិនអាច​សម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​បានឡើយ​ដោយសារ​ហេតុផល​ច្រើនយ៉ាង ហើយ​ក្នុងនោះ​ក៏មាន​ហេតុផល​ព្រហ្ម​លិខិត​មួយ​ផងដែរ​។ 
 
​ដូច្នេះ មុនពេល​សម្រេច​បើក​អាជីវកម្ម​អ្វីមួយ អ្នកជំនួញ​ត្រូវ​គិត​អោយ​ច្បាស់​ថា តើ​ពួកគេ​មាន​ទុនវិនិយោគ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? អាចដាក់​អោយ​ដំណើរការ​គម្រោង​បាន​ត្រឹម​រយៈពេល​ប៉ុន្មាន​? មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? មានការ​តាំងចិត្ត​ក្នុង​កម្រិតណា​? 
​គួរ​ទៅ​ជួប​ចិន​សែ​ឬ​អត់​? 
 
 
 

Tag:
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com