កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អា​ហ្ស​ង់​ទីន បាន​ជើងឯក​រង​នៅ​ប្រេ​ស៊ី​ល ប៉ុន្តែ​ខាន​លើក​ពាន​៣២​ឆ្នាំ​
03, Apr 2018 , 8:39 am        
រូបភាព
​ម្ចាស់​ជើងឯក​២​សម័យកាល អា​ហ្ស​ង់​ទីន ដែល​សម្បូរ​ទៅដោយ​កីឡារ​ករ​ឆ្នើមៗ​កំពុង​ប្រកប​អាជីព​ក្នុង​លី​ក​បាល់ទាត់​ល្បីៗ​នៅ​តំបន់​អឺរ៉ុប បានឈាន​ទៅកាន់​ការប្រកួត​ដណ្តើមពាន​រង្វាន់ FIFA World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី ដោយ​ស្ថិតក្នុង​ពូ​ល D ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ពី​អឺរ៉ុប​ពីរ​គឺ អ៊ី​ស្លង់ និង​ក្រូ​អាស៊ី រួមជាមួយ​នី​ហ្សេ​រី​យ៉ា ក្រុម​ខ្លាំង​ពី​អាហ្វ្រិក​។



​អ្នកចាត់ការ​ទូទៅ​៖ Jorge Sampaoli (​អា​ហ្ស​ង់​ទីន​)
​គ្រូ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ធ្លាប់បាន​នាំ​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ទៅ World Cup នៅ​ប្រេ​ស៊ី​ល​ឆ្នាំ ២០១៤ និង​ឈ្នះ​ពាន Copa America ឆ្នាំ​២០១៥ មុន​ជួយ​ក្រុម​ជម្រើសជាតិ​ខ្លួនឯងបាន​កៅអី​ទៅ​រុស្ស៊ី ឆ្នាំ​២០១៨​នេះ​។
​លោក Sampaoli វ័យ​៥៨​ឆ្នាំ គឺជា​អ្នកចាត់ការ​ទី ៣ របស់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដែល​បាន​ផ្តាស់​ប្តូរ​ចុងក្រោយ​ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ដើម្បី​ជួយ​ប្រទេស​នេះ​ឈានទៅ World Cup លើក​ទី​២២ នៅ​រុស្ស៊ី​។​



​កីឡាករ​ឆ្នើម​៖ Lionel Messi
Messi ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​សមាជិក​ក្រុម FC Barcelona រូបនេះ ក៏ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA (FIFA Ballon d'Or) ចំនួន ៥ លើក​ផងដែរ​។
​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣០​ឆ្នាំ​ដែល​អាច​រក​គ្រាប់​បាល់​នាំមុខគេ ស្ទើ​គ្រប់​រដូវ​កាល នឹង​បង្ហាញខ្លួន​ជា​លើក​ទី​បួន​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ១៧ របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ​១៩៣០ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺ​លើក​ពាន​នេះ​២​ដង​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ក្នុង​ឆ្នាំ​១៩៧៨ និង​១៩៨៦​។ លទ្ធផល​ផ្សេង​ដែល​ពួកគេ​ទទួលបាន​ក្នុង​ព្រឹត្តិការណ៍ World Cup នេះ គឺ​ឈានដល់​វគ្គ​ពាក់កណ្តាល់ ៥​លើក និង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ៥​លើក​។​
 អា​ហ្ស​ង់​ទីន ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៤​ពិភពលោក ក្នុង​តារាង FIFA Ranking​។​



​កម្មវិធី​ប្រកួត​៖

- ថ្ងៃទី ១៦ មិថុនា​៖ អា​ហ្ស​ង់​ទីន Vs អ៊ី​ស្លង់ (​ម៉ោង ៨​យប់ ម៉ោង​នៅ​កម្ពុជា​)
- ថ្ងៃទី ២២ មិថុនា​៖ អា​ហ្ស​ង់​ទីន Vs ក្រូ​អាស៊ី (​ម៉ោង ២​រំលង​អា​ធ្រា​ត្រ​)
- ថ្ងៃទី ២៧ មិថុនា​៖ នី​ហ្សេ​រី​យ៉ា Vs អា​ហ្ស​ង់​ទីន (​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​)



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com