ពីនេះ ពីនោះ
ត្រី​ឆ្វាត​ឆ្នូ​តៈ ធ្វើដំណើរ​នៅពេល​យប់ សម្រាក​ពេល​ថ្ងៃ​
15, Apr 2018 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​ឆ្វាត​ឆ្នូត មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasius macronema) ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់នៅ​ជា​ហ្វូង​ធំៗ នៅតាម​ទន្លេ បឹង និង​អាង​ស្តុក​ទឹក ដែលមាន​ចរន្តទឹក​ហូរ​ខ្លាំង​។ ត្រី​ឆ្វាត​ឆ្នូត មាន​ប្រវែង​ដងខ្លួន​អតិបរមា ៣០​សម​។ វា​ស៊ី​ពពួក​គ្រុំ ខ្ច​ង ខ្ចៅ កំពឹស សត្វ​ឥត​ឆ្អឹង​កង សត្វល្អិត ត្រី​ល្អិតៗ និង​កំពឹស​ជា​អាហារ​។ ត្រី​ប្រភេទ​នេះ វា​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​ដៃទន្លេ និង​ព្រៃ​លិច​ទឹក​ជាមួយ​ត្រី​ឆ្វាត​ក្តារ (Pseudolais pleurotaenia) នឹង ពពួក​ត្រី​មាន​ស្រកា cyprinid ជាច្រើន​ប្រភេទ​ទៀត នៅពេល​ទឹក​ចាប់ផ្តើម​ល្អក់​។ ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ត្រី​ឆ្វាត​ឆ្នូត ពឹង​ផ្អែកលើ​ទីកន្លែង​ណា​ដែល​មានទឹក​ជ្រៅៗ ដើម្បី​ការពារ​ខ្លួន​ក្នុងពេល​ធ្វើចរាចរ​ផ្លាស់​ទី​ឆ្ពោះទៅ​ខ្សែទឹក​ខាងលើ នៃ​ទន្លេមេគង្គ​។

ជាទូទៅ ត្រី​ឆ្វាត​ឆ្នូត ធ្វើចរាចរ​ផ្លាស់​ទីនា​ពេលយប់ ខណៈពេល​ថ្ងៃ​ពួកវា​ឈប់សម្រាក​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែង​ទឹក​ជ្រៅៗ​។ ត្រី​ប្រភេទ​នេះ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០០៩ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ គឺ​មិន​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​។ ប៉ុន្តែ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ឆក់​ដោយ​ចរន្តអគ្គិសនី ហាក់​កំពុង​ដើរតួ​យ៉ាងសំខាន់ ចំពោះ​ការបំផ្លិចបំផ្លាញ​មច្ឆជាតិ​ទួទៅ នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​

 (​អត្ថបទ ដោយ Chhut Chheana រូបភាព​ដោយ Thach Phanara / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com