អន្តរជាតិ
ថ្ងៃនេះ​៧០​ឆ្នាំមុន អាមេរិក​ចេញ «​ផែនការ​ម៉ា​ស្ហ​ល​» ស្រោចស្រង់​អឺរ៉ុប​ក្រោយ​សង្គ្រាមលោកលើកទី​២
03, Apr 2018 , 1:55 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ហារី ទ្រូម៉ាន់ ចុះហត្ថលេខាលើផែនការម៉ាស្ហល (រូបភាពពី George C. Marshall Foundation)
ប្រធានាធិបតីអាមេរិក ហារី ទ្រូម៉ាន់ ចុះហត្ថលេខាលើផែនការម៉ាស្ហល (រូបភាពពី George C. Marshall Foundation)
​កាលពី​៧០​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៤៨ ប្រធានាធិបតី​អាមេរិក ហារី ទ្រូ​ម៉ាន់ បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា «​ផែនការ​ម៉ា​ស្ហ​ល​» ។ ផែនការ​នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​រដ្ឋមន្ត្រីការបរទេស​ជំនាន់​នោះ គឺ​លោក ច​ច ម៉ា​ស្ហ​ល មាន​គោលដៅ​ស្រោចស្រង់​ទ្វីបអឺរ៉ុប​ដែល​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​ក្នុង​សង្គ្រាមលោកលើកទីពីរ​។ ក្រោយមក ការផ្ដល់​ជំនួយ​ឲ្យ​បរទេស​ក៏បាន​ក្លាយ​ផ្នែក​សំខាន់​នៃ​នយោបាយ​ការបរទេស​របស់​អាមេរិក​។



​នៅ​ខែមិថុនា ឆ្នាំ​១៩៤៧ រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ម៉ា​ស្ហ​ល (George Marshall) បានស្នើ​ផ្ដល់ជំនួយ​ទៅ​ឲ្យ​អឺរ៉ុប​ដែល​កំពុងតែ​ងើបឡើង​ពី​គំនរ​ផេះផង់ ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ លោក ម៉ា​ស្ហ​ល បានដាក់​ចេញ​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ស្ដារ​តំបន់​អឺរ៉ុប​ឡើងវិញ ដែល​ក្រោយមក​បាន​បង្កើតជា​ទំនាក់ទំនង​ស្អិតល្មួត​រវាង​អាមេរិក និង​អឺរ៉ុប​។ ការ​ងើបឡើង​របស់​អឺរ៉ុប​ជា​តំបន់​មាន​ប្រជាធិបតេយ្យ​រឹងមាំ ជា​រឿង​សំខាន់​សម្រាប់​ទប់ស្កាត់​ការពង្រីក​ឥទ្ធិពល​របស់​កុម្មុយនីស្ត និង​ជា​ដៃគូ​របស់​អាមេរិក​។​

​ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រ រដ្ឋ​អឺរ៉ុប​ត្រូវបាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ទៅហើយ ខណៈដែល​មនុស្ស​រាប់លាន​នាក់​បាន​ស្លាប់ និង​រងរបួស​។ ប្រទេស​ដែល​ធ្លាប់មាន​ឧស្សាហកម្ម​ជឿនលឿន​ដូចជា​អង់គ្លេស បារាំង ប៉ូឡូញ អ៊ីតាលី បែលហ្ស៊ិក និង​សូម្បីតែ​អាល្លឺម៉ង់​ផ្ទាល់ បាន​រងគ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។ អឺរ៉ុប​ទាំងមូល​ស្ថិតក្នុង​មាត់ច្រក​គ្រោះ​ទុរ្ភិក្ស ស្រប​ពេលដែល​សង្គ្រាម​ក៏បាន​បង្អាក់​ដំណើរការ​វិស័យ​កសិកម្ម​ផងដែរ​។​

​គំនិត​ផ្ដួចផ្ដើម​របស់លោក ម៉ា​ស្ហ​ល ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​។ ក្នុង​ខែមីនា ឆ្នាំ​១៩៤៨ សភា​អាមេរិក​បានអនុម័ត​ច្បាប់​ស្ដីពី​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច ឬក៏ «​ផែនការ​ម៉ា​ស្ហ​ល​» នេះឯង​។ ផែនការ​ដែលមាន​ទឹក​ប្រាក់​ចំនួន​១៣​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ដើម្បី​សាងសង់​អឺ​រុ​ប​ខាងលិច​ឡើងវិញ ត្រូវបាន​ប្រធានាធិបតី ហារី ទ្រូ​ម៉ាន់ ចុះហត្ថលេខា​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៤៨ ។

​ប្រទេស​ចំនួន​១៦​នៅ​អឺរ៉ុប រាប់ទាំង​អាល្លឺម៉ង់​ខាងលិច​ផង​នោះ ទទួលបាន​ផលប្រយោជន៍​ពី​ផែនការ​នេះ​។ នៅ​ដំណាក់កាល​ដំបូង ជំនួយ​អាមេរិក​ផ្ដោតលើ​ការដឹកជញ្ជូន​ស្បៀងអាហារ ថ្នាំសង្កូវ ប្រេង និង​ម៉ាស៊ីន​ពី​អាមេរិក​ទៅ​អឺរ៉ុប​។ ជំនួយ​របស់​អាមេរិក ក៏​ជួយ​ឲ្យ​ឧស្សាហកម្ម​អឺរ៉ុប​រីកចម្រើន​ផងដែរ ដូចជា​ដែកថែប និង​ធ្យូង​ថ្មី​ជាដើម​។ ពោល គឺ​សេដ្ឋកិច្ច​របស់​អឺរ៉ុប​ចាប់ផ្ដើម​រស់​ឡើងវិញ​ហួស​ពី​ការរំពឹងទុក ហើយ​ថែមទាំង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​អាមេរិក​ទៅទៀត ព្រោះ​អឺរ៉ុប​ក្លាយជា​ទីផ្សារ​របស់​អាមេរិក​។​
 
​ផែនការ​ម៉ា​ស្ហ​ល​នេះ ត្រូវបាន​ចាត់ទុកជា​គំនិត​ផ្ដួចផ្ដើម​ក្នុង​នយោបាយ​ការបរទេស​ដ៏​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​របស់​អាមេរិក​។ ផែនការ​នេះ​បាន​បង្កើតជា​រចនាសម្ព័ន្ធ នៃ​កម្មវិធី​ផ្ដល់ជំនួយ​បរទេស ដែល​ក្រោយមក​ក្លាយជា​ចំណុច​ស្នូល​របស់​នយោបាយ​ការបរទេស​របស់​អាមេរិក​។ មកទល់​ឆ្នាំ​២០១៨ នេះ គំនិត​របស់លោក ម៉ា​ស្ហ​ល ក្នុង​ផែនការ​នេះ ដែល​តំណាង​ឲ្យ​ការផ្សះផ្សារ ការទទួលខុសត្រូវ និង​ចិត្ត​ទូលាយ​របស់​អាមេរិក នៅតែ​ត្រូវបាន​អនុវត្ត​ដដែល​៕


Tag:
 អាមេរិក​
  អឺរ៉ុប​
  George Marshall
  Marshall Plan
© រក្សាសិទ្ធិដោយ thmeythmey.com