អន្តរជាតិ
អា​បេ ទៅ​ជួប ត្រាំ សុំ​ឲ្យ​លើក​រឿង​ចាប់ជំរិត​ជនជាតិ​ជប៉ុន​ក្នុងជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង
03, Apr 2018 , 7:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីអាមេរិកនាជំនួបកន្លងមក (រូបភាព AFP)
នាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីអាមេរិកនាជំនួបកន្លងមក (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នឹងធ្វើ​ដំណើរ​ទៅកាន់​អាមេរិក​នៅ​ពាក់កណ្ដាល​ខែមេសា​នេះ ដើម្បី​ជជែក​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជុំវិញ​គម្រោង​ជំនួប​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ក្នុង​ដំណើរ​លើក​នេះ លោក អា​បេ នឹង​ស្នើ​ឲ្យ​លោក ត្រាំ បញ្ចូល​សំណុំរឿង​ចាប់ជំរិត​ជនជាតិ​ជប៉ុន​ពី​សំណាក់​កូរ៉េខាងជើង​ទៅ​ជជែក​ជាមួយ​លោក គីម ។ ជំនួប​ត្រាំ​-​គីម គ្រោង​ធ្វើ​នៅ​ខែឧសភា​។​



​ជប៉ុន ត្រូវបាន​គេ​មើលឃើញថា ហាក់​ត្រូវបាន​ទុក​ឲ្យ​នៅ​មួយ​ឡែក​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង ខណៈ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដូចជា​មិនសូវ​ខ្វល់ខ្វាយ​ពី​ជប៉ុន​ឡើយ​ចំពោះមុខ​ការផ្លាស់ប្ដូរ​កា​យ​វិការ​របស់​កូរ៉េខាងជើង​នោះ​។ លោក ត្រាំ បាន​ផ្ដោត​ការយកចិត្ត​ទុក​ខ្លាំង​លើ​កូរ៉េខាងជើង​ដូចជា​យល់ព្រម​ជួប​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ជាដើម ដែល​រឿងនេះ​ធ្វើ​មានការ​បារម្ភ​ថា ក្រុង​វ៉ាស៊ីនតោន​អាច​ឃ្លាត​ចេញពី​ក្រុង​តូ​ក្យូ​។​

​ទំនងជា​ខ្លាច​អាមេរិក​ចរចា​ជាមួយ​កូរ៉េខាងជើង​ដោយ​មិនបាន​គិតគូរ​ដល់​សម្ព័ន្ធ​មិត្ត​អាស៊ី​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ប្រញាប់ប្រញាល់​ទៅកាន់​អាមេរិក​ឲ្យ​មុន​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ បើតាម​ទីភ្នាក់ងារ Reuters លោក អា​បេ ប្រកាសថា លោក​នឹងធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែមេសា ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក ត្រាំ ។ បញ្ហា​កូរ៉េខាងជើង​ចាប់ជំរិត​ពលរដ្ឋ​ជប៉ុន គឺជា​ប្រធាន​សំខាន់​ក្នុង​ដំណើរ​របស់លោក អា​បេ ។​

​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​កំពុង​ធ្លាក់ចុះ​ប្រជាប្រិយភាព ចង់​ឲ្យ​លោក ត្រាំ លើកយក​សំណុំរឿង​ចាប់ជំរិត​នេះ​ក្នុងជំនួប​ជាមួយ​លោក គីម ជុង​អ៊ុន ។ សំណុំ​រឿងនេះ គឺជា​ការទាមទារ​រប​ស់ជ​ប៉ុន​តាំងពីដើម​មក​ក្នុង​ការចរចា​ណាមួយ​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​អាមេរិក​មិនសូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះឡើយ​។ ក្រុង​តូ​ក្យូ​ពិតជា​មិន​សប្បាយចិត្ត​ឡើយ ដ្បិត​បញ្ហា​ភ័យព្រួយ​របស់ខ្លួន​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍​ឡើយ​។​

​ក្នុង​ឆ្នាំ​២០០២ កូរ៉េខាងជើង​សារភាព​ថា ខ្លួន​បាន​ចាប់ជំរិត​ជនជាតិ​ជប៉ុន​ចំនួន​១៣​នាក់​ក្នុង​ទសវត្សរ៍​ទី​៧០ និង​ទី​៨០ ដើម្បី​បង្ហាត់​ជា​ចារកម្ម​។ ប៉ុន្តែ​ក្រុង​តូ​ក្យូ​អះអាងថា ជនជាតិ​ជប៉ុន​ចំនួន​១៧​នាក់​ត្រូវ​ភ្នាក់ងារ​សម្ងាត់​កូរ៉េខាងជើង​ចាប់​យកទៅ ហើយ​ក្នុងនោះ ៥​នាក់​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​ក្នុង​ឆ្នាំ​២០០២ ។ ក្រុង​តូ​ក្យូ​ចង់បាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​មួយ​ពាក់ព័ន្ធ​រឿងនេះ ក៏ដូចជា​ស្រាវជ្រាវ​រក​ពលរដ្ឋ​ដែល​នៅតែ​បាត់​ខ្លួន​។​

​ជាការ​កត់សម្គាល់ ជប៉ុន​ដែលជា​តួអង្គ​សំខាន់​មួយ​ក្នុង​វិបត្តិ​កូរ៉េខាងជើង ហាក់​នៅឯ​កោ​តែឯង ខណៈ​តួអង្គ​ផ្សេងទៀត​សកម្ម​ខ្លាំង​។ លោក គីម ជុង​អ៊ុន បាន​ជួប​រួចហើយ​ជាមួយ​មេដឹកនាំ​ចិន ស៊ី ជិន​ភីង ។ នៅ​ថ្ងៃទី​២៧ ខែមេសា មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​នឹង​បន្ត​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន មុននឹង​ជួប​ជាមួយ​លោក ត្រាំ នៅ​ចុងខែ​ឧសភា​។ នៅមុននេះ ជប៉ុន​ក៏បាន​បង្ហាញ​បំណង​រៀបចំ​ជំនួប​រវាង​លោក អា​បេ និង​លោក គីម ដែរ​៕


Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ស៊ីន​ហ្សូ អា​បេ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com