កីឡាអន្តរជាតិ
អន្តរជាតិ
Zidane បដិសេធ​មិន​ទៅ​ដឹកនាំ Juventus មុន​ជំនួប Juventus-Real Madrid នៅ UCL
03, Apr 2018 , 5:26 pm        
រូបភាព
​លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid បាន​បដិសេធ​ទៅ​ដឹកនាំ Juventus នៅ​ថ្ងៃ​អនាគត ខណៈដែល​ក្រុម​ទាំងពីរ​ត្រៀម​ជួបគ្នា​នៅក្នុង​ក្របខណ្ឌ UEFA Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​។



Juventus នឹង​បើកទ្វារ​ស្វាគមន៍ Real Madrid ក្នុង​ទឹកដី Allianz Stadium នា​រាត្រី​ថ្ងៃ​អង្គារ ទី​៣ ខែមីនា វេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​] សម្រាប់​វគ្គ ៨​ក្រុម​ចុងក្រោយ និង​ជាការ​ប្រកួត​សងសឹក​បន្ទាប់ពី​ក្រុម​របស់លោក Massimiliano Allegri បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​រហស្សនាម​អធិរាជ​សរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​នេះ​កាលពី​រដូវ​កាល​មុន​។​

​មុនពេល​ប៉ះគ្នា​រវាង​ក្រុម​ទាំងពីរ អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៤៥​ឆ្នាំ ដែល​ធ្លាប់​លើក​ពាន Serie A ពីរដង​ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម​រហស្សនាម​សេះបង្កង់​ចន្លោះ​ឆ្នាំ ១៩៩៦-២០០១ បាន​ច្រាល​ចោលការ​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​នៅ​អ៊ី​លី​នេះ​នាពេល​អា​នាគ​ត​។​

«​ជា​អ្នកចាត់ការ Juventus នៅ​ថ្ងៃ​ណាមួយ​? ខ្ញុំ​មិនដែល​និយាយថា​ទេ ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​នូវ​អ្វីដែល​ខ្ញុំ​មាននៅ​ពេលនេះ​»​។ នេះ​ជាការ​លើកឡើង​របស់ Zidane មុន​ជំនួប​ជាមួយ Turin ជើង​ទី​១ វគ្គ​១/៤​ចុងក្រោយ​។​

Zidane កំពុង​ផ្តោត​ខ្លាំង​ដើម្បី​នាំ Real Madrid លើក​ពាន Champions League ៣​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​ការ​ប្រជែង​ពាន​ក្នុងស្រុក La Liga សម្រាប់​រដូវ​កាល​នេះ​បាន​ឃ្លាតឆ្ងាយ​ទៅហើយ​។​

​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona រហូត​១៣​ពិន្ទុ នៃ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ ខណៈ​ការប្រកួត​សល់​តែ ៨​លើក​ទៀត​ប៉ុណ្ណោះ​។ ចំណែក​ពាន Copa del Rey ក៏​ក្រុម​នេះ​អស់​ឱកាស​ដែរ​។​

​ដោយឡែក ការជួបគ្នា​មួយគូ​ទៀតរ​វា​ម្ចាស់ផ្ទះ Sevilla និង Bayern Munich ក៏​នឹង​ធ្វើឡើង​នៅ​ម៉ោង​ដំណាលគ្នា​នេះដែរ សម្រាប់​ការប្រកួត​ជើង​ទី​១ វគ្គ​៨​ចុងក្រោយ​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Zinedine Zidane
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com