ជាតិ
ក្រុមហ៊ុន​ចំនួន​១៩​ទទួល​ពានរង្វាន់ ASEAN-OSNET លើក​ទី​២
04, Apr 2018 , 7:19 pm        
រូបភាព
​សៀមរាប​៖ បណ្តា​ក្រុមហ៊ុន​ចំនួន​១៩ រួមមាន​កម្ពុជា​ផង​នោះ បានទទួល​ពានរង្វាន់ សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ឬ​ហៅថា អាស៊ាន​អូ​ស្ហ​ណេ​ត​លើក​ទី​២​។ ពានរង្វាន់​នេះ​រៀបចំឡើង​ក្នុង​បំណង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ បន្ត​ចូលរួម​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​និយោជិត​កន្លែង​ការងារ​។​



​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ អាស៊ាន​អូ​ស្ហ​ណេ​ត នៅ​រសៀល​ថ្ងៃទី​៣ ខែមេសា រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងថា ពានរង្វាន់​នេះ​នឹង​បង្កើន​ការយល់ដឹង និង​ការចូលរួម​កាន់តែច្រើន សម្រាប់​ម្ចាស់​អាជីវកម្ម ក្នុងការ​សម្រេចបាន​នូវ​បេសកកម្ម ក្នុងការ​ការពារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា កន្លែងធ្វើការ​ដែលមាន​សុវត្ថិភាព និង​សុខ​ភាពល្អ នឹង​រួមចំណែក​ការពារ​សុខភាព​កម្មក​រ និង​បង្កើន​ផលិតភាព​ការងារ ដើម្បី​រួមចំណែក​រក្សា​និរន្តរភាព ការអភិវឌ្ឍ និង​លើកកម្ពស់​កិត្តិសព្ទ របស់​ក្រុមហ៊ុន​។ 



​តាម​ការលើកឡើង​រប​ស់ លោក អ៊ិត សំហេង កម្ពុជា​បាន​បង្កើត​គណៈកម្មការ​សុខភាព និង​សុវត្ថិភាព ការងារ​ថ្នាក់ជាតិ​ដើម្បី​រួមចំណែក និង​លើកកម្ពស់​សុវត្ថិភាព​នៅ​កន្លែងធ្វើការ និង​មាន​គោលការណ៍​ណែនាំ​ដើម្បី​បង្កើត​ស្ដង់ដា​ជាតិ​លាន​ដ្ឋា​ន​នៅ​រោងចក្រ សហគ្រាស ដើម្បី​ធានាថា​កន្លែង​ទាំងនោះ​មាន​សុវត្ថិភាព ហើយ​ក្រសួង​ការងារ​ទើបនឹង​បញ្ចប់​ផែនការមេ​លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​។



​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ទាំង​១៩​ដែល​ទទួល​ពានរង្វាន់​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ មាន​២​ផ្នែក គឺ​ពានរង្វាន់ ASEAN-OSHNET Excellence និង ASEAN-OSHNET Best Practices Awards ។ ក្រុមហ៊ុន​ទាំងនោះ មាននៅ​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី មី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ និង​វៀតណាម​ជាដើម​៕




Tag:
 សៀមរាប​
  ពានរង្វាន់​
  ASEAN-OSNET
© រក្សាសិទ្ធិដោយ thmeythmey.com