កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រូ​អាស៊ី​បាន​លេខ​៣​កាលពី​២០​ឆ្នាំមុន តែ​ឆ្លង​មិន​ផុត​ពូ​លពីរ​លើកចុងក្រោយ​
05, Apr 2018 , 8:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​កៅអី​ឆ្ពោះទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​អា​ហ្ស​ង់​ទីន អ៊ី​ស្លង់ និង​នី​ហ្សេ​រី​យ៉ា ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D​។ ក្រុម​មកពី​ទ្វីបអឺរ៉ុប​មួយ​នេះ​ធ្លាប់​បង្ហាញខ្លួន ៤​លើក​រួចមកហើយ ចាប់តាំងពី​ចូលរួម​ដំបូង​ឆ្នាំ​១៩៩៨​។​



​គ្រូបង្វឹក​៖ លោក Zlatko Dalic (​ក្រូ​អាស៊ី​)

​ក្រោយពី​បាន​ឡើង​ជំនួស​លោក Ante Cacic ជា​អ្នកចាត់ការ​ក្រូ​អាស៊ី​នៅ​ខែតុលា​ឆ្នាំ ២០១៧ លោក Dalic បាន​នាំ​ក្រុម​ដែល​ស្ថិតនៅ​តំបន់​បាល់​កង់​មួយ​នេះ​ឆ្ពោះទៅ World Cup នៅ​រុស្ស៊ី តាមរយៈ​ការប្រកួត​មួយ​ដែល​ពួកគេ​បាន​ផ្តួល​ក្រិក ៤-១ ក្នុង​វគ្គ​ជម្រុះ Play-off​។​


 
​មុន​ឡើងកាន់តំណែង​នេះ អ្នកចាត់ការ​វ័យ​៥១​ឆ្នាំ​ខាងលើ​ក៏​ធ្លាប់ជួយ​ក្លិប Al-Ain នៃ​លី​ក​កំពូល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ AFC Champions League កាលពី​ឆ្នាំ​២០១៦​ផងដែរ​។​

​កីឡាករ​ឆ្នើម​៖ Luka Modric
​ថ្មីៗ​នេះ​វីរបុរស AC Milan លោក Andriy Shevchenko បាន​សរសើរ Modric ថា ជា​«​ខ្សែបម្រើ​កណ្តាល​ដ៏​ល្អ​បំផុត​មួយរូប​លើក​លោក​»​។ អតីត​សមាជិក Tottenham Hostspur វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ជួយ Real Madrid ឈ្នះ Champions League ៣​លើក ព្រមទាំង​ជួយ​ក្រូ​អាស៊ី​បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​ទៀតផង​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី​៤ សម្រាប់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៨ និង​ចុងក្រោយ​ឆ្នាំ ២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ធ្វើបាន គឺ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣ នៃ​ពានរង្វាន់ World Cup កាលពី​ឆ្នាំ​១៩៩៨ ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្រូ​អាស៊ី ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៧ ពិភពលោក​ក្នុង​តារាង FIFA Ranking​។​



​កម្មវិធី​ប្រកួត​៖
- ១៧​មិថុនា​៖ ក្រូ​អាស៊ី Vs នី​ហ្សេ​រី​យ៉ា (​ម៉ោង ២​រំលងអធ្រាត្រ ម៉ោង​នៅ​កម្ពុជា​)
- ២២​មិថុនា​៖ អា​ហ្ស​ង់​ទីន Vs ក្រូ​អាស៊ី (​ម៉ោង ១ រំលងអធ្រាត្រ​)
- ២៧​មិថុនា​៖ អ៊ី​ស្លង់ Vs ក្រូ​អាស៊ី (​ម៉ោង ១ រំលងអធ្រាត្រ​)



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com