អន្តរជាតិ
សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​? លោក ត្រាំ ថា អាមេរិក​ចាញ់​ចិន​ច្រើន​ឆ្នាំ​ហើយ​
05, Apr 2018 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​រយៈពេល​ចុងក្រោយ អាមេរិក និង​ចិន​បាន​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​របស់​គ្នា​ទៅវិញទៅមក​។ សកម្មភាព​របស់​មហា​អំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទីមួយ និង​ទី​ពីរ ធ្វើ​ឲ្យ​គេឯង​បារម្ភ​ថា ជម្លោះ​ពាណិជ្ជកម្ម​អាច​ផ្ទុះ​ពេញបន្ទុក​មិន​ខាន​។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បែរជា​និយាយថា ស្ថានភាព​បច្ចុប្បន្ន​មិនមែន​អាមេរិក​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ឡើយ តែ​អាមេរិក​បាន​ចាញ់​ចិន​យូរ​ឆ្នាំ​មកហើយ​។​



​នៅ​ថ្ងៃទី​៤ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទាត់ចោល​ការព្រួយបារម្ភ​ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​ផ្ទុះឡើង​រវាង​អាមេរិក និង​ចិន​។ អាមេរិក​បាន​បង្កើន​ព​ន្ធ​លើ​ផលិតផល​របស់​ចិន​រាប់សិប​មុខ ដែលជា​ផ្នែក​នៃ​យុទ្ធនាការ​របស់លោក ត្រាំ ក្នុងការ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ឯ​ចិន​វិញ​ក៏​មិនបាន​នៅ​ស្ងៀម​ឡើយ និង​បាន​ចាត់វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​អាមេរិក​ដូចគ្នា​ដែរ​។​

​តាមរយៈ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក ត្រាំ អះអាងថា អាមេរិក​មិន​ស្ថិតក្នុង​សង្គ្រាម​ជាមួយ​ចិន​ឡើយ តែ​អាមេរិក​បាន​ចាញ់​សង្គ្រាម​នេះ​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​បន្ទោស​រដ្ឋបាល​ប្រធានាធិបតី​មុនៗ ដែល​គ្មាន​សមត្ថភាព និង​ឆ្កួត​លីលា​។ លោក ត្រាំ បាន​លើកយក​ឱនភាព​ពាណិជ្ជកម្ម​ទំហំ​៥០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ចោទ​ចិន​ថា បាន​លួច​យក​កម្មសិទ្ធិបញ្ញា​ពី​ក្រុមហ៊ុន​អាមេរិក ដែលមាន​ទំហំ​ដល់​ទៅ​៣០០​ពាន់​ដុល្លារ​។ លោក​នឹងមិន​អនុញ្ញាត​ឲ្យ​រឿង​បែបនេះ​បន្ត​កើតឡើង​ឡើយ​។



​ការលើកឡើង​ខាងលើ​របស់លោក ត្រាំ អាច​កាត់បន្ថយ​ការបារម្ភ​ខ្លះ​ក្នុងចំណោម​ក្រុមហ៊ុន​រកស៊ី​ប្រទេស​ទាំងពីរ​។ យ៉ាងណាមិញ ការប្រកាន់​ជំហរ​ដាច់ខាត​ក្នុងការ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​ឲ្យ​បាន គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី ខណៈដែល​ចិន​ចំណេញ​ច្រើន​មែនទែន​ក្នុង​ការរកស៊ី​ជាមួយ​ចិន​។

​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន និង​ការចេញផ្សាយ​បញ្ជី​ទំនិញ​ដែល​ប្រឈមមុខ​ការបង់ពន្ធ​ដ៏​ច្រើន គឺជា​វិធានការ​មួយ​ក្នុងការ​ដោះស្រាយ​អតុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​ដែល​ផ្អៀង​ទៅខាង​ចិន​។ លោក ត្រាំ អះអាងថា ស្ថានភាព​សព្វថ្ងៃ​មិនអាច​នៅ​ដដែល​ឡើយ ហើយក៏​មិនអាច​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ទៅរក​ស៊ី​នៅ​ចិន ត្រូវ​ផ្ទេរ​បច្ចេកវិទ្យា​របស់ខ្លួន​ទៅ​ឲ្យ​ចិន ដែល​ការណ៍​នេះ​ជួយ​ឲ្យ​ចិន​យកឈ្នះ​អាមេរិក​ក្នុង​ទីផ្សារ​ដែល​មិន​យុត្តិធម៌​ទៅទៀត​។​

​គោលដៅ​របស់លោក ត្រាំ គឺ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ដែល​លោក​ជឿថា ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ តែ​ដៃគូ​របស់​អាមេរិក​បែរ​ជា​ទទួលបាន​ប្រយោជន៍​សន្ធឹកសន្ធាប់​ទៅវិញ​។ ជំនួស​មកវិញ លោក ត្រាំ ចង់បាន​ប្រព័ន្ធ​ពាណិជ្ជកម្ម​មួយ​ដែល​យុត្តិធម៌ មាន​ទៅ​មានមក និង​មាន​តុល្យភាព​ក្នុងចំណោម​ប្រទេស​នានា​៕


Tag:
 ​អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com