ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ រដ្ឋាភិបាល មានបំណង​រៀបចំ​ច្បាប់​កំហិត​ទោស​អ្នកបង្កើត​ព័ត៌មាន​មិន​ពិត​
06, Apr 2018 , 12:25 pm        
រូបភាព
ភ្នំពេញ​៖ កម្ពុជា នឹងមាន​ច្បាប់​ដាក់ទោស​អ្នកបង្កើត​ព័ត៌មាន​មិន​ពិត នាពេលខាងមុខ​។ នេះ​បើតាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សន្និដ្ឋាន​លើ​គោលបំណង​របស់​រដ្ឋាភិបាល ក្រោយពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក​។​


 
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បានស្នើ​សុំ​ឲ្យ​សម្ដេច ហ៊ុន សែន បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​ចៀសវាង​ការទទួល​ព័ត៌មាន​មិន​ពិត​។ ត្រង់ចំណុច​នេះ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​និយាយថា កម្ពុជា​អាចមាន​ច្បាប់​ដាក់ទោស​អ្នកបង្កើន​ព័ត៌មាន​មិន​ពិត ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ប្រជា​ជល​រដ្ឋ​។ ជាពិសេស​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ដូចជា​វៀតណាម​ជាដើម​។ ទស្សន​របស់លោក សុខ ឥសាន នេះ គឺ​ផ្ដោតទៅលើ​កិច្ចពិភាក្សា​របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុខ ឥសាន បាន​បង្ហើប​យ៉ាង​ដូច្នេះ​ថា​៖«​បើតាម​ខ្ញុំ​មើលទៅ ការពិភាក្សាគ្នា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម ពី​រឿង​បញ្ហា​ព័ត៌មាន​មិន​ពិត គឺ​មានន័យថា ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ចង់​ឲ្យ​មានការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​(Fake News)​ហើយ​។ ដូច្នេះ​ខ្ញុំ​យល់ថា ឲ្យ​តែ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​លើកឡើង​បែបនេះហើយ ខ្ញុំ​ជឿថា ប្រាកដជា​ក្រុមប្រឹក្សា​ច្បាប់ នឹងសិក្សា ឬ​ពិភាក្សាគ្នា ផ្នែក​ច្បាប់ ដើម្បី​ធ្វើ​សេចក្ដីព្រាងច្បាប់ ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ពិភាក្សា ដើម្បី​យកមកអនុវត្ត​ហើយ​»​។​
 
​បើ​មាន​ការដាក់កំហិត​ទោស​មែន តើ​រូបភាព ឬ​ព័ត៌មាន​បែបណា ដែល​ចាត់ទុកជា​ព័ត៌មាន​មិន​ពិត (Fake News) ? លោក សុខ ឥសាន មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ចំណុច​នេះ​បានទេ ព្រោះ​វា​អាស្រ័យ​លើ​ក្រុមប្រឹក្សា​ច្បាប់​។ «​ខ្ញុំ​ពិបាក​ឆ្លើយ​បន្តិច​ព្រោះ​ខ្ញុំ​មិនដឹងថា តើ​ច្បាប់​នេះ​នឹងមាន​ស្ដង់ដា​បែបណា​ទេ ប៉ុន្តែ​អ្វី​ខ្ញុំ​យល់​នោះ សេចក្តីព្រាងច្បាប់​ដែល​តាក់តែងឡើង វា​គួបផ្សំ​តែ​ពី​ស្ថានភាព​បរិបទ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​»​។ នេះ​បើតាម​លោក សុខ ឥសាន ដែល​បាន​បន្ថែមថា សេចក្តីផ្ដួចផ្ដើម​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ពី​រឿង​ព័ត៌មាន​មិន​ពិត​នេះ គឺជា​ចំណុច​ល្អ ដើម្បី​រក្សា​ស្ថេរភាព និង​សន្ដិភាព​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ដើម្បី​ប្រឆាំង​និង​ក្រុម​ដែល​តែងតែ​ប្រឆាំង​រដ្ឋាភិបាល ហើយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​។​
 
​សម្រាប់​លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ហៅ​កាត់​ថា ANSA យល់ថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់ ឬ​ច្បាប់ ទាក់ទង​នឹង​ការ​កំហិត​ទោស អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​នោះ វា​មិនទាន់​ជា​រឿង​ចាំបាច់ សម្រាប់​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ខណៈដែល​កម្ពុជា​នៅមាន​បញ្ញត្តិ​ក្នុង​ក្រមព្រហ្មទណ្ឌ ដែល​អាច​យកមកអនុវត្ត​បាន​។​
 
«​ខ្ញុំ​យល់ថា​ព័ត៌មាន​ក្លែងក្លាយ​វា​ឧបករណ៍​បំពុល​ការពិត​។ ប៉ុន្តែ​អ្វីដែល​យើង​ព្រួយបារម្ភ​នោះ ថា​តើ​ការអនុវត្ត​ច្បាប់ បើ​មានច្បាប់​ហើយ តើ​វា​មាន​ផលប៉ះពាល់​អ្វីខ្លះ ដល់​សិទ្ធិសេរីភាព​សម្ដែង​មតិ ខណៈពេលដែល​ការអនុវត្ត​ច្បាប់ ចំណុច​ខ្លះ​ត្រូវបាន​គេ​មើលឃើញថា ការអនុវត្ត​ច្បាប់​មាន​ស្ដង់ដារ​ពីរ​។ ដូច្នេះ​ព័ត៌មាន​ខ្លះ វា​ជា​ព័ត៌មាន​ពិត ក៏ប៉ុន្តែ​វា​ក៏​បែ​ជាមាន​ការសន្និដ្ឋាន​ណាមួយ​ថា វា​ជា​ព័ត៌មាន​មិន​ពិត​វិញ ដូច្នេះ​វា​អាច​បង្ក​ឲ្យ​អ្នកចេញ​ព័ត៌មាន​ពិត​ទៅជា​អ្នករងគ្រោះ​វិញ​។ ចំណុច​នេះ​ខ្ញុំ​យល់ថា កម្រិត​នៃ​ក្រមសីលធម៌​នៃ​អ្នក​បញ្ចេញ​ព័ត៌មាន ហើយនឹង​ការអប់រំ​ទូន្មាន​កម្រិត​រដ្ឋបាល វា​ជា​រឿង​មួយ​ល្អ ព្រោះ​យើង​បារម្ភ​ទៅ​សិទ្ធិ ជាពិសេស​រឿង​ស្ដង់ដារ​នៃ​ការអនុវត្ត​ច្បាប់​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក សន ជ័យ​។​
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​និយាយថា ក្រសួង​មិនទាន់​ទទួល​ព័ត៌មាន​ជុំវិញ​គោលបំណង​ចង់​បង្កើត​ច្បាប់​ដាក់​កំហិត​អ្នក​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​នៅឡើយ​ទេ ។ ប៉ុន្តែ​អ្វីដែល​លោក អាច​បញ្ជាក់បាន​នោះ គឺ​បច្ចុប្បន្ន​កម្ពុជា មាន​បញ្ញត្តិ​មួយចំនួន ដាក់ទោស​អ្នកបង្កើត​ព័ត៌មាន​ប្រឌិត ឬ​ក្លែងក្លាយ ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​កន្លងមក​។​
 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ឥឡូវនេះ​យើង​មិនទាន់មាន​គម្រោង ឬ​ផែនការ​នៃ​ការរៀបចំ​ច្បាប់​ទេ ប៉ុន្តែ​ទៅទៀត​អាចមាន​យ៉ាងណា​នោះ ខ្ញុំ​មិនទាន់​ច្បាស់​ដែរ​។ ប៉ុន្តែ​គ្រាន់តែ​ថា បច្ចុប្បន្ន​បញ្ញត្តិ​ច្បាប់​យើង មាន​លក្ខណៈ​ច្បាប់​មួយចំនួន​ក្នុងការ​ដាក់ទោស អ្នក​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត (Fake News) ក្នុង​ចេតនា​បំផ្លាញ​សន្តិសុខ​ជាតិ ឬ​សណ្ដាប់ធ្នាប់​សាធារណៈ ឬក៏​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្ដា​ប្រទេសជិតខាង ។ ដូច្នេះ​យើង​មាន​បញ្ញត្តិ​ក្នុងការ​ទប់ស្កាត់​ដាក់​ទោសទណ្ឌ​នេះហើយ ប៉ុន្តែ​នៅពេល​ខាងមុខ ក្រែងលោ​យើង​មាន​ចង់​ច្បាប់​ពិសេស ដើម្បី​គ្រប់គ្រង​ឲ្យ​កាន់​តែមាន​សណ្ដាប់ធ្នាប់​ជាងនេះទៀត យើង​អាច​ពិចារណា​បន្តទៀត ហើយ​ឥឡូវ​ខ្ញុំ​មិនទាន់​ទទួលបាន​ព័ត៌មាន​អ្វី​ច្បាស់​ទេ​»៕
 
 
 

Tag:
 សុខ ឥសាន​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com