ជាតិ
សិល្បះ
២៥ខេត្ត/រាជធានី
តោះ​ទៅលេង «​បុណ្យ​ភូមិ​» នៅ​វត្ត​គោក​អម្ពិល​! មួយថ្ងៃ​ហួស​បាត់ទៅហើយ​!
07, Apr 2018 , 12:04 pm        
រូបភាព
ដោយ:
បុណ្យ​ភូមិ បាន​ក្លាយជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រុមយុវជន​ដែល​ប្រសិទ្ធ​នាមខ្លួន​ឯង​ថា «​ភ្លើង​គប់​» នៅមុន​ឱកាស​នៃ​ការ​ប្រារព្ធ​បុណ្យចូលឆ្នាំថ្មី​។ អ្នករៀបចំ​កម្មវិធី តែងតែ​ជ្រើសរើស​វត្ត​នៅ​ជាយ​រាជធានី​ភ្នំពេញ ឬ​នៅក្នុង​ខេត្តកណ្តាល ធ្វើជា​ទីតាំង​នៃ​ពិធីបុណ្យ​ភូមិ​។ ឆ្នាំនេះ វត្ត​គោក​អម្ពិល​!



​ថ្ងៃ​សុក្រ ទី​៦ ខែមេសា ជា​ថ្ងៃ​ទីមួយ​នៃ​កម្មវិធី​បុណ្យ​ភូមិ ដើម្បី​អបអរ​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំច សំរ​ទ្ធិ​ស័ក​! នៅ​ម៉ោង​៧ និង​៣០​ព្រឹក ខ្ញុំ​បាន​ទៅដល់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​នៅ​ទីនោះ យុវជន​ជាច្រើន​ទិញ​សំបុត្រ​រថយន្តក្រុង ហើយ​អ្នកខ្លះ​រង់ចាំ​ការចេញដំណើរ​ទៅ «​បុណ្យ​ភូមិ​»​។​


​រថយន្តក្រុង​ចំនួន​២០​គ្រឿង ចត​តម្រៀប​ជា​ជួរ​ក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។ រថយន្ត​មុខ​គេ បាន​បញ្ឆេះ​ម៉ាស៊ីន មិន​ហ៊ាន​បង្អង់​យូរ​ឡើយ ខ្ញុំ​ប្រញាប់​ហុច​សំបុត្រ​ទៅ​ក្រុមការងារ​បុណ្យ​ភូមិ ហើយ​ឡើង​រថយន្ត​ទៅ​អង្គុយ​កៅអី​នៅ​ជួរ​ទី​បី​។​

​អង្គុយ​ក្បែរ​យុវតី​ដ៏​ស្អាត​ម្នាក់ នាង​នៅ​មិន​ស្ងៀម​សោះ ដោយ​ចុច​ទូរ​សព្ទ​ចុះឡើង និង​អន្ទះសា​ចង់​ឲ្យ​ដល់​គោលដៅ ខណៈ​ចរាចរណ៍​មិន​រលូន​ដូច​ចិត្ត​របស់គាត់​នោះឡើយ​។ អ្នកណា​ថា បុណ្យ​សម្រាប់​យុវវ័យ​? មិនមែន​ឡើយ ព្រោះ​កៅអី​ពីរ​ជួរ​នៅមុខ​ខ្ញុំ សុទ្ធតែ​យាយ​តា​។​

វត្ត​គោក​អម្ពិល ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលមាន​រយៈ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​។ រថយន្តក្រុង​ឆ្ពោះទៅកាន់​ទី​ប្រារព្ធ​ក្នុង​ល្បឿន​មធ្យម ហើយ​ចំណាយពេល​ជាង​១​ម៉ោង​។​




​បរិវេណ​វត្ត​គោក​អម្ពិល មាន​ផ្ទាំង​ផ្សព្វផ្សាយ​ជាច្រើន​ទាក់ទង​នឹង​ពិធី ហើយ​ក្លោងទ្វារ មាន​មនុស្ស​ចេញចូល​ឥត​ដាច់​។ ចម្រៀង​បុណ្យ​ភូមិ លាយឡំ​តន្ត្រី​ប្រពៃណី ក៏ដូចជា​ការ​ពពាយនាយ​លក់ទំនិញ បាន​បន្លឺឡើង​ព្រមៗ​គ្នា ប៉ុន្តែ​ស្តាប់ទៅ​ដូចជា​រីករាយ​ខ្លាំងណាស់ មិនមែនរ​ញេ​រ​ញ៉ៃ​នោះឡើយ​។​

​នៅ​ទីនោះ សហការី​របស់ខ្ញុំ​ម្នាក់ទៀត គឺ​កញ្ញា អ៊ូ សុខ​មាន នៅ​រង់ចាំ​ជាស្រេច​។ គាត់​បាន​ទៅដល់​គោលដៅ​មុន​ខ្ញុំ ដោយសារ​គាត់​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ខ្លួនឯង​។ ក្រុមការងារ​បុណ្យ ដែល​សុទ្ធតែ​យុវវ័យ អាយុ​ស្របាល​ខ្ញុំ រួសរាយ​រាក់ទាក់​ខ្លាំងណាស់ ពួកគាត់​បាន​អញ្ជើញ ពួក​ខ្ញុំ​ឡើង​រាំ និង​លេងល្បែង​ប្រជាប្រិយ​។ ខ្ញុំ និង​កញ្ញា សុខ​មាន មិន​អឹមអៀន​ឡើយ ប៉ុន្តែ​យើង​បាន​បដិសេធ​ការអញ្ជើញ​ដោយសារ​ពួកយើង​ត្រូវបំពេញ​បេសកកម្ម​ប្រមូល​ព័ត៌មាន ផ្តិត​រូបភាព និង​សកម្មភាព​ផ្សេងៗ​នៅក្នុង​ពិធី​។​



​យុវតី​ម្នាក់​ហាក់ដូចជា​រួសរាយ​ខ្លាំងណាស់ គាត់​ស្វាគមន៍​អ្នកចូលរួម​ទាំងអស់​ជាមួយនឹង​ស្នាមញញឹម​។ គាត់​គឺ កញ្ញា រិទ្ធី លំអរ​ពេជ្រ ដែលជា​ស្ថាបនិក​ម្នាក់​នៃ​កម្មវិធី​ជួបជុំ​ប្រចាំឆ្នាំ​មួយ​នេះ​។ លំអរ​ពេជ្រ បាន​អះអាង​ប្រាប់​សារព័ត៌មាន ThmeyThmey ថា «​បុណ្យ​ភូមិ​ឆ្នាំច​» នេះ​ប្លែក​ខុសពី​ឆ្នាំមុនៗ តាមរយៈ​ការបង្ហាញ​ទម្រង់​សិល្បៈ​ខ្មែរ ការលេង​ល្បែង​ប្រជាប្រិយ​បែប​ប​ចេ្ច​ក​វិទ្យា មាន​ឆាក​ប្រគុំ​តន្ត្រី ច្រៀង​រាំ លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ​។​

​យុវជន​ម្នា​ក់រាង​ខ្ពស់​ស្រ​ឡះ បានបង្ហាញ​ពី​ភាព​គាំទ្រ​យ៉ាងខ្លាំង លោក​មិន​ត្រឹមតែ​មក​ចូលរួម​លេង​កម្សាន្ត​ទេ ថែមទាំង​ចងក្រង​គ្រប់​សកម្មភាព ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​បុណ្យ​ភូមិ​លើក​ទី​៥​នេះ​។ ទោះបី​អាកាសធាតុ​ក្តៅ​ជុំវិញ​វត្ត ​ក៏​នៅតែមាន​មនុស្សម្នា​កើនឡើង​ច្រើន​ទៅៗ ធ្វើ​ឲ្យ​អ្នកលក់​ភេសជ្ជៈ​កាន់តែ​ត្រូវប៉ាន់​។ ស្របពេលនោះ​យើង​ក៏បាន​ទិញយក​មក​ផឹក​ ដើម្បី​អង្គុយ​លើ​កន្ទេល​មើល​ការសម្តែង​សិល្បៈ​ទម្រង់​ខ្មែរ សម្តែង​ដោយ​ក្រុម​សិល្បៈ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យ៉ាង​ក្តី​រីករាយ​។​



​ព្រះអាទិត្យ​ចាប់ផ្តើម​ងងឹត​បន្តិច​ម្តងៗ ខ្ញុំ​នៅតែ​ស្ថិតនៅ​ទីតាំង​នោះ​ដដែល ដើម្បី​សង្កេតមើល​គ្រប់​សកម្មភាព ជាពិសេស​ការ​ទស្សនា​ល្ខោន​យីកេ​រឿង «​សព្វ​សិទ្ធិ​» សម្តែង​ដោយ​ក្រុម​យីកេ​អមតៈ ដែល​រំលេច​នូវ​ក្បាច់​របាំ​ខ្មែរ​រស់​រវើក​។

​ល្ងាច​ល្មម ខ្ញុំ​ចេញទៅ​ចំណតរថយន្ត​ក្រុង​ដើម្បី​ធ្វើដំណើរ​ត្រឡប់​ទៅកាន់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​វិញ​។ សំ​ឡេង​ហ៊ោកញ្ជ្រៀវ​កាន់តែខ្លាំង​ទៅៗ ធ្វើ​ឲ្យ​យើង​មិន​ដាច់ចិត្ត​ត្រឡប់ទៅផ្ទះ​វិញ​សោះ​។​




ខ្ញុំ​មិនអាច​រៀបរាប់​ច្រើន​ទេ​! សម្រាប់​បងប្អូន​ដែល​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ពិធីបុណ្យ​ភូមិ​នៅ​វត្ត​គោក​ម្ពិ​ល នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ ទី​៨ ខែមេសា ស្អែក​នេះហើយ​។ ចង់​លេង​ប្រជាប្រិយ ទស្សនា​សិល្បៈ តន្ត្រី​សម្បូរបែប ការ​រាំលេង​កម្សាន្ត ក៏ដូចជា​ការទិញ​ទំនិញ​ផ្សេងៗ សូម​ប្រញាប់​ឡើង​! ឆឺ​ត​! ឆឺ​ត​! តោះ​ទៅលេង​បុណ្យ​ភូមិ​!
















Tag:
 បុណ្យភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com