អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​៖ បោះឆ្នោត​ពេលណា ទុក​ឲ្យ​ថៃ​ជា​អ្នកសម្រេច​ខ្លួនឯង​ចុះ​
07, Apr 2018 , 10:59 pm        
រូបភាព
ឧប​ការី​រង​រដ្ឋម​ន្រ្តីកា​របរ​ទេស​អាមេរិក Patrick Murphy (រូបភាព AFP)
ឧប​ការី​រង​រដ្ឋម​ន្រ្តីកា​របរ​ទេស​អាមេរិក Patrick Murphy (រូបភាព AFP)
​ការបោះឆ្នោត​នៅ​ថៃ ត្រូវបាន​របប​យោធា​លើក​ពេល​ម្ដង​ហើយ​ម្ដងទៀត និង​ចុង​ក្រោយនេះ ត្រូវបាន​លើក​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ ឯណោះ​។ ការពន្យារពេល ម្ដង​ជា​ពីរដង​នេះ ធ្វើ​ឲ្យ​គេ​ជឿថា របប​យោធា​នៅតែ​ចង់​ក្រាញ​អំណាច និង​គ្មាន​បំណង​ផ្ទេរអំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល ដែល​កើត​ដោយសារ​ការបោះឆ្នោត​ឡើយ​។ អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ថៃ នៅតែ​ជឿថា ថៃ​នឹង​វិល​ទៅរក​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ និង​ទុក​ឲ្យ​ថៃ​ជ្រើសរើស​កាលបរិច្ឆេទ​បោះឆ្នោត​ខ្លួនឯង​។​

 
​អាមេរិក​នៅតែមាន​សុទិដ្ឋិនិយម​ថា ថៃ ដែល​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាលយោធា នឹង​ត្រឡប់​ទៅកាន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​វិញ​។ របប​យោធា​ថៃ របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ដឹកនាំ​ប្រទេស​តាំងពី​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ មក និង​បាន​សន្យា​ជាច្រើន​ដង​រៀបចំ​ការបោះឆ្នោត ដើម្បី​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​។ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​យោធា  បាន​ក្បត់​សន្យា មួយ​លើក​ជា​ពីរលើក​។​
 
​យ៉ាងណាក៏ដោយ ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៥ ខែមេសា ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Patrick Murphy បានបង្ហាញ​ការជឿជាក់​លើ​ការប្ដេជ្ញាចិត្ត​របស់លោក ប្រា​យុទ្ធ ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត ព្រោះ​ថៃ​មាន​មោទកភាព​ចំពោះ​ប្រវត្តិសាស្ត្រ នៃ​ការអនុវត្ត​ប្រជាធិបតេយ្យ និង​ការដឹកនាំ​របស់     រដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត​។ លោក​បាន​រំឭក​ការតាំង​ចិត្ត​ត្រឡប់​ទៅរក រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​កាលពី​ឆ្នាំមុន​។    
 
​សម្រាប់​កាលបរិច្ឆេទ​រៀបចំ​ការ​បោះឆ្នោត​វិញ មន្ត្រីការទូត​អាមេរិក​ទទួល​ប​ន្ទុ​កិច្ចការ​អាស៊ីអាគ្នេយ៍​រូបនេះ អះអាងថា អាមេរិក​ទុក​ឲ្យ​ប្រជាជន និង​អាជ្ញាធរ​ថៃ​ជា​អ្នកសម្រេច​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​អាមេរិក ចង់ឃើញ​ការបោះឆ្នោត​កើតឡើង​ឆាប់ៗ ដោយ​ផ្អែកលើ​ផែនទី​ចង្អុល​ផ្លូវ និង​ការប្ដេជ្ញាចិត្ត​របស់លោក ប្រា​យុទ្ធ និង​រដ្ឋាភិបាល​បច្ចុប្បន្ន​។ 
 
​អាមេរិក​ចង់ឃើញ​ការវិលត្រឡប់​នៃ​រដ្ឋាភិបាល​ស៊ីវិល ព្រោះ​ទំនាក់ទំនង​ទ្វេភាគី អាមេរិក និង​ថៃ នឹង​ត្រូវបាន​ពង្រីក​ដ​ល់​អតិបរមា​។ នេះ​ជាការ​បញ្ជាក់​របស់លោក Murphy ដែល​បន្តថា អាមេរិក លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់ អាច​បញ្ចេញ​សំឡេង​របស់​ពួកគេ និង​ចូលរួម​ក្នុងការ​បោះឆ្នោត​។​
 
​ទោះជា​ថៃ នៅ​គ្រប់គ្រង​ដោយ​របប​សឹក​ក្ដី លោក Murphy សង្កត់ធ្ងន់ថា ប្រទេស​ទាំងពីរ នឹង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ដដែល​។ កាលពី​ឆ្នាំមុន នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ បានធ្វើ​ទស្សនកិច្ច​នៅ​សេត​វិមាន ហើយ​ក្រោយៗ​មក មន្ត្រីជាន់ខ្ពស់​អាមេរិក​ទទួល​ប​ន្ទុ​កិច្ចការ​ការទូត ពាណិជ្ជកម្ម ការពារជាតិ ក៏ដូចជា​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយចំនួនទៀត​នោះ ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​ថៃ​ដូចគ្នា​ដែរ​៕

Tag:
 អាមេរិក​
  ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Patrick Murphy
  បោះឆ្នោត​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com