ជាតិ
បទសម្ភាសន៍
វីដេអូ
រៀងរាល់ថ្ងៃ ៣​កើត ខែមាឃ អ្នកស្រុក​អង្គ​រតែង​រៀបចំ​ពិធី​ឡើង​មាឃ​
09, Apr 2018 , 9:44 am        
រូបភាព
​សៀមរាប​៖ ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ជា​ពិធី​សាសនា​មួយ​របស់​អ្នកស្រុក​អង្គរ ដែល​តែង​រៀបចំ​ជា​រៀងរាល់ឆ្នាំ នៅ​រាល់ថ្ងៃ​៣​កើត ខែមាឃ ហើយ​នៅ​ឆ្នាំនេះ គឺ​ចំ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨​។ ពិធី​នេះ បង្ហាញ​ពី​ការគោរព​អ្នកតា​ម្ចាស់​ស្រុក ដោយ​ការយក​ម្ហូបអាហារ​យកទៅ​សែន បំណង​សុំ​សេចក្តីចម្រើន​ដល់​អ្នកភូមិ​។​



​សូម​អញ្ជើញ​ទស្សនា​វីដេអូ ដូចតទៅ​៖



​ទោះ​សម័យកាល​បាន​ផ្លាស់ប្តូរ​ក៏ដោយ តែ​អ្នកស្រុក​ក្នុង​តំបន់​អង្គរ នៅតែមាន​ជំនឿ​បែប​អរូបី​ពី​បុរាណ​មួយចំនួន តួយ៉ាង ពិធី​ឡើង​មាឃ និង​បញ្ចូល​រូប​។ នៅ​ថ្ងៃ​៣​កើត ខែមាឃ នៅតាម​វត្ត​អារាម ឬ​សាលាឆទាន​តាម​ភូមិ ឃុំ របស់​អ្នកស្រុក​អង្គរ គឺមាន​រៀបចំ​ពិធី​ឡើង​មាឃ​។ តួយ៉ាង នៅ​ភូមិ​សំរោង ដែល​ស្ថិតនៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ក៏បាន​រៀបចំ​ពិធី​នេះដែរ ហើយ​មាន​អ្នកចូលរួម​ច្រើន​កុះករ​។ ទិដ្ឋភាព​នេះ​បង្ហាញថា អ្នកភូមិ​អង្គរ​នៅតែ​រក្សាបាន​នូវ​ជំនឿ​ពី​បុរាណ​នេះ​មិន​ដាច់​។​

​លោកយាយ ព្រឿង បាន​យក​ម្ហូបអាហារ​មក​កន្លែង​ពិធី​ឡើងអ្នកតា​មុនគេ ដែល​ស្ថិតក្នុង​បរិវេន​វត្ត​សំរោង​។ ឆ្នាំនេះ​លោកយាយ​មាន​វ័យ ៧១​ឆ្នាំ ហើយ​លោកយាយ​តែង​ចូលរួម​ពិធី​នេះ​ជា​រហូតមក​។ តាម​លោកយាយ ព្រឿង ពិធី​ឡើងអ្នកតា​នេះ គឺ​អ្នកភូមិ​គ្រប់​ផ្ទះ បាន​យក​ម្ហូបអាហារ​មក​ថ្វាយ ឬ​សែនអ្នកតា​ម្ចាស់​ស្រុក ដើម្បី​សុំ​សេចក្តីសុខ រកស៊ី​មានបាន ឱ្យ​ស្រែចម្ការ​ទទួលបាន​ផល​ល្អប្រសើរ​។



​តាម​ការ​ឱ្យដឹង​បន្ថែម​របស់​លោកយាយ ព្រឿង អ្នកតា​ដែល​អ្នកភូមិ​សំរោង​មាន​ជំនឿ​នេះ ឈ្មោះ​លោកតា «​រិ​ទ្ធិ​មា​ន័យ​» ដែល​លោក​ជា​អ្នកតា​ថ្មី ជំនួស​តា​គង់ ដែល​ត្រូវគេ​លួច​នៅ​សម័យ​សង្គ្រាម​។ លោកយាយ​បញ្ជាក់ថា មានពេលខ្លះ​លោកតា​ក៏​ជួយ​បាន ពេលខ្លះទៀត​ក៏​ជួយ​មិន​បានដែរ​។ ក្នុងន័យនេះ លោកយាយ​ចង់​បញ្ជាក់ថា ជំនឿ​លើ​ការ​បន់អ្នកតា មិន​ប្រាកដថា​ស័ក្ក​សិទ្ធិ​គ្រប់ពេល​នោះទេ​។

​ចំណែក​លោក យាយ ម៉ៅ ពឹ​ក ក៏បាន​យក​ម្ហូបអាហារ​មក​ពិធី​ឡើងអ្នកតា​នេះដែរ​។ ក្នុង​ពិធី​នេះ លោកយាយ ពឹ​ក មាន​នំ​បញ្ចុក ផ្លែអាយ និង​បាយ​ម្ហូប​ខ្លះទៀត​សម្រាប់​សែនអ្នកតា​។ សម្រាប់​ឆ្នាំ​ថ្មី​នេះ លោកយាយ​សុំឱ្យ​ស្រុកទេស​រីកចម្រើន និង​សុំឱ្យ​ផល​ស្រែចម្ការ​កើនឡើង​ផង​។​

​គ្រឿង​រណ្តាប់​សម្រាប់​ពិធី​ឡើងអ្នកតា រួមមាន ស្លាធម៌ បាយសី ទៀន ធូប បាយ​សម្ល នំ​បញ្ចុក ផ្លែអាយ និង​ទឹក អាច​និយាយបានថា គ្រឿង​រណ្ដាប់​រៀ​បំ​ទៅតាម​លទ្ធភាព​របស់​អ្នកភូមិ តែ​គេ​មិនដែល​ចោល នំ​បញ្ចុក ឡើយ​។​

​ទំនៀម​ពិធី​ឡើង​មាឃ ឡើងអ្នកតា គឺ​ហាក់​នៅមាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​អ្នកស្រុក​អង្គរ​។ ពិធី​នៅ​ភូមិ​សំរោង គឺមាន​ការចូលរួម​ពី​អ្នកភូមិ​ក្បែរ​ខាង​ទៀត ដូចជា​ភូមិ​លាងដៃ និង​ភូមិ​តា​ប្រុក​។ អ្នកភូមិ​បានរៀបចំ​ម្ហូបអាហារ​ម្នាក់​មួយ​ថាសៗ យកមក​ដាក់​ពីមុខ​រោង​អ្នកតា បន្ទាប់ពី​ដល់ពេល​វេលា និង​អ្នកភូមិ​មក​ជុំគ្នា​ហើយ​នោះ ពិធី​ក៏​ចាប់ផ្តើម ដោយ​ការ​បន់ស្រន់​ចំនួន​៣​ដង ហើយក៏​មាន​ចាក់​ម្ហូបអាហារ និង​ជះ​ម្ហូប និង​ទឹក ទៅលើ​គ្នា​ទៅវិញទៅមក​នៅ​ចំពោះមុខ​រោង​អ្នកតា​នោះ​តែម្តង ដែល​បង្ហាញថា ពិធី​នេះ​ដល់ទី​បញ្ចប់​។



​ក្នុង​ពិធី​នេះ ក៏មាន​ពិធី​បញ្ចូល​រូប​ដែរ តែ​កន្លែង​ខ្លះ​បាន​ចន្លោះ​ពិធី​នេះ ដោយសារ​អត់​មាន​អ្នក​បញ្ចូល​រូប និង​អ្នក​បញ្ចូល​រូប​មាន​ធុ​រ​ជាដើម​។ ជាទូទៅ ពិធី​នេះ​ចាប់ផ្តើម​នៅ​រវាង​ម៉ោង​៣ ដល់​ម៉ោង ៥​រសៀល អាស្រ័យ​ដោយ​ការរៀបចំ​នៅតាម​ភូមិ​មួយៗ​។ ពិធី​ឡើង​មាឃ មាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពីនេះ មានការ​ចាក់​ភ្លេង និង​រាំ​កម្សាន្ត រហូត​ដល់ពេល​រាត្រី​។​

​ពិធី​ឡើងអ្នកតា ឬ​គេ​និយម​ហៅ​ឡើង​មាឃ​នេះ បើតាម​ការពន្យល់​រប​ស់លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន នៅក្នុង​គេហទំព័រ «​យ​សោធរ​» បាន​ពន្យល់ថា ពុំមែន​មានតែ​ខេត្តសៀមរាប​ទេ ដែល​រៀបចំ​ពិធី​ឡើង​មាឃ គឺ​នៅ​តំបន់​ផ្សេងទៀត​នៅ​ប៉ែក​ខាងជើង​ប្រទេស ធ្លាយ​ចូលទៅ​ខេត្ត​បុរីរម្យ និង​សុ​រិ​ន្ទ្រ ដែល​សព្វថ្ងៃ​នៅក្នុង​ទឹកដី​ថៃ ក៏​គេ​នៅតែ​ជ្រើស​រើសយក​ថ្ងៃនេះ ឬ​ពុំ​ដូច្នោះ​ទេ ក៏​គេ​នៅចាំ​បាន​ថា ពីមុនមក​គេ​ឡើង​មាឃ​នៅក្នុង​ថ្ងៃនេះ​ដែរ​។ ម្យ៉ាងទៀត មាន​ស្រុកភូមិ​ច្រើន​ដែរ ដែល​រើស​ថ្ងៃ​ខុសពី​នោះ តែ​យ៉ាងណា​ក៏​ភាគច្រើន​នៅក្នុង​ខ្នើត ខែមាឃ​ដដែល​៕


Tag:
 ឡើង​មាឃ​
  ឡើងអ្នកតា​
 ​អ្នកស្រុក​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com