កីឡាជាតិ
ជាតិ
ទ័ព លត់​វេ​ស្ទើ​ន ៨-០ រីឯ​អង្គ​រថា​យ​ហ្គឺ​រ​ធ្វើ​ឲ្យ​ស្វាយរៀង​ស្គាល់​បរាជ័យ​ជា​លើកដំបូង​
09, Apr 2018 , 2:23 pm        
រូបភាព
ជំនួបក្រុមទ័ពលត់ក្រុមវេស្ទើនភ្នំពេញ ៨-០ នៅពហុកីឡដ្ឋានជាតិ
ជំនួបក្រុមទ័ពលត់ក្រុមវេស្ទើនភ្នំពេញ ៨-០ នៅពហុកីឡដ្ឋានជាតិ
ដោយ:
​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​បានផ្តល់​មេរៀន​យ៉ាង​ជូរចត់​ដល់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ តាមរយៈ​ការ​លត់ ៨-០ នា​ការប្រកួត​សប្តាហ៍​ទី​៤​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​មាន​មូលដ្ឋាន​មកពី​ខេត្តសៀមរាប អង្គ​រថា​យ​ហ្គឺ​រ ធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្គាល់​បរាជ័យ​ជា​លើកដំបូង បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ស្វាយរៀង​ក្នុង​លទ្ធផល ៣-១​។ ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​បន្ត​បរាជ័យ​ជា​លើក​ទី​៤​ក្រោយ​ចាញ់​អគ្គស្នងការ​នគរបាល​ជាតិ ៤-១ នៅលើ​ទឹកដី​ខ្លួនឯង​។



​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​រង​ភាពអាម៉ាស់​ជា​លើក​ទី​៤ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ក្រសួងការពារជាតិ លត់​មិន​ឲ្យ​តដៃ​រួច​ក្នុង​លទ្ធផល ៨-០ នា​ការប្រកួត​សប្តាហ៍​ទី​៤​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។ មេរៀន​ដ៏​ជូរចត់​នេះ បានធ្វើ​ឲ្យ​វេ​ស្ទើ​ន​ភ្នំពេញ​បន្ត​ឈរ​បាត​តារាង ដោយ​គ្មាន​១​ពិន្ទុ ខណៈ​ក្រសួងការពារជាតិ​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៩​ពិន្ទុ​។​

​នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៨ មេសា ខ្សែបម្រើ​ជប៉ុន Yudai Ogawa បា​នរក​គ្រាប់​បើកឆាក​សម្រាប់​ទ័ព​នៅ​៣​នាទី​ដំបូង​នៃ​វគ្គ​ទី​១​។ បន្ទាប់មក​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង បានសម្រេច​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​៧ និង​ទី​៣៩  មុន​ខ្សែប្រយុទ្ធ Daiki Matsumoto បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៤៨​។ ៤​នាទី​ក្រោយមក Yudai Ogawa បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ៥-០ សម្រាប់​ទ័ព​។



​ខ្សែប្រយុទ្ធ ណា​រ៉ុង កក្កដា បានសម្រេច​គ្រាប់​ទី​៦​សម្រាប់​ទ័ព​នៅ​នាទី​ទី​៧៩ មុន​ប្រធាន​ក្រុម រ៉ឹង ប៊ុន​ហៀ​ង សម្រេច​គ្រាប់​ទី​៣​របស់ខ្លួន​នៅ​នាទី​៨៣​។ ក្រោយមក​នៅ​នាទី​ទី​៨៦ កីឡាករ កាន់ ពិសាល សម្រេចបាន​១​គ្រាប់​បន្ថែម ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ៨-០ សម្រាប់​ទ័ព​លើ​វេ​ស្ទើ​ន​ភ្នំពេញ​ផងដែរ​។

​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​បានផ្តល់​ការខកចិត្ត​ជា​លើកដំបូង​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង តាមរយៈ​ការយក​ឈ្នះ​ក្នុង​លទ្ធផល ៣-១​។ នា​ជំនួប​ដ៏​ស្វិតស្វាញ​កាលពី​ម្សិលមិញ កីឡាករ តាំង សុភ័ក្ត្រ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ​នៅ​នាទី​ទី​៣៨ មុន​កីឡាករ ណុប តុលា រក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​៤៥ មុន​បញ្ចប់​វគ្គ​ទី​១​។

​ការប្រកួត​វគ្គ​ទី​២​សំណើរ​កាន​៣​នាទី កីឡាករ​ជប៉ុន Kazuteru Okamoto បានសម្រេច​គ្រាប់​ទី​២ ដើម្បី​នាំមុខ ២-១ សារជាថ្មី​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ មុន​កីឡាករ Baldwin Afanwi Ngwa សម្រេច​គ្រាប់​ជ័យជម្នះ ៣-១ សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ នៅ​នាទី​៩០+៣​មុន​ចប់​វគ្គ​ទី​២​។ នេះ​ជា​ជ័យជម្នះ​លើកដំបូង​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ ហើយ​វា​ក៏​ជា​បរាជ័យ​ជា​លើកដំបូង​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​ផងដែរ​។ ៣​ប្រកួត​កន្លងមក អង្គ​រថា​យ​ហ្គឺ​របា​ន​ចាញ់​ទាំង​៣​ប្រកួត ខណៈ​ស្វាយរៀង​ឈ្នះ​១ ស្មើ​២​។

​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-១​។ បួន​គ្រាប់​របស់​ប៉ូលិស​សម្រេច​ដោយ​កីឡាករ Noh Sangmin និង Suzuki Yuta ម្នាក់​មួយគ្រា​ប់ និង​កីឡាករ NO Daeko ពីរ​គ្រាប់ ខណៈ​១​គ្រាប់​របស់​អគ្គិសនី​សម្រេច​ដោយ​កីឡាករ ជិន ជុំ​។ ក្នុងជំនួប​នេះដែរ​ខ្សែប្រយុទ្ធ នួន បូរី បាន​រងរបួស​ស្មា​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប​ន្ទីរ​ពេទ្យ​ទៀតផង​៕


Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com