កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន​បណ្តេញ​គ្រូ​បូ​ស្ន៊ី ដាក់​គ្រូ​ជប៉ុន​ជំនួស​វិញ ខណៈ World Cup ខិតជិត​មកដល់​
09, Apr 2018 , 3:35 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន​បានតែងតាំង​លោក Akira Nishino ដើម្បី​ជំនួស​តំណែង​លោក លោក Vahid Halilhodzic ដែល​ត្រូវបាន​បណ្តេញចេញ ត្រឹមតែ​រយៈពេល​ពីរ​ខែ​ប៉ុណ្ណោះ មុន​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ចូលមក​ដល់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​៩ ខែមេសា​។



​បន្ទាប់ពី​ដឹកនាំ​ក្រុម​រហស្សនាម​សាមូរ៉ៃ មិនសូវ​បានល្អ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នកចាត់ការ​សញ្ជាតិ​បូ​ស្ន៊ី Halilhodzic វ័យ​៦៥​ឆ្នាំ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) ដកតំណែង បើ​ទោះ​កៀក​នឹង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ក៏ដោយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ក៏បាន​ដកស្រង់​សម្តី​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន លោក Kozo Tashima ថា​អ្នក​ស្នង​តំណែង​លោក Halilhodzic នឹងត្រូវ​ប្រកាស​តែងតាំង​នៅក្នុង​សន្និសីទកាសែត​មួយ នា​ថ្ងៃ​ចន្ទ​ទី ៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​លោក Halilhodzic បាន​ឡើង​ដឹកនាំ​ជប៉ុន កាលពី​ខែមីនា ឆ្នាំ​២០១៥ និង​ជួយ​ឲ្យ​ក្រុម​នៅ​តំបន់​អាស៊ី​មួយ​នេះ​បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំ​២០១៨ ទៀតផង​។ ប៉ុន្តែ​អតីត​អ្នកចាត់ការ Paris Saint-Germain រូបនេះ ធ្វើ​មិន​បានល្អ​សោះ ដែល​តែងតែ​ចាញ់​ជាច្រើនលើក សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទើប JFA សម្រេច​ដកតំណែង​លោក​តែម្តង​។​

​កាលពី​ខែកញ្ញា​កន្លងទៅ Halilhodzic ធ្លាប់មាន​ពាក្យ​ចចាមអារ៉ាម ពី​ការចាកចេញ​នេះ​ម្តង​រួចមកហើយ ជាមួយនឹង​ការរិះគន់​ពី​សំណាក់​កីឡាករ អំពី​របៀប​ដឹកនាំ​របស់លោក​។ ប៉ុន្តែ​លោក​ក៏បាន​វាយបក​ទៅកាន់​អ្នក​រិះគន់​លោក​វិញ​ផងដែរ​ដោយ​លើកឡើងថា​៖«​អ្នក​ដែល​វាយប្រហារ​ខ្ញុំ ខ្ញុំ​សូម​ឲ្យ​ពួកគេ​សំណាងអាក្រក់ ហើយ​ខ្ញុំ​នឹង​បន្តធ្វើ​ការងារ​របស់ខ្ញុំ​បន្តទៀត​»​។​

​លោក Nishino វ័យ​៦៣​ឆ្នាំ ដែល​ត្រូវបាន JFA តែងតាំង​ថ្មី​នេះ​មាន​រយៈពេល​ត្រឹម​៧០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដើម្បី​រុះរើ​ក្រុម​ជប៉ុន​ក្នុងការ​ត្រៀមខ្លួន​ឆ្ពោះទៅ World Cup នៅ​រុស្ស៊ី​នា​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ជប៉ុន​ស្ថិតក្នុង​ពូ​ល H ជា​ពូ​ល​ស្វិត​ស្វាយ​បំផុត​មួយ​ជាមួយ កូ​ឡុំ​បី ប៉ូឡូញ និង​សេ​ណេ​ហ្គា​ល់​ដែល​សុទ្ធសឹង​ជា​ក្រុម​ខ្លាំងៗ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  ជប៉ុន​
  Vahid Halilhodzic
  Akira Nishino
© រក្សាសិទ្ធិដោយ thmeythmey.com