កីឡាជាតិ
ជាតិ
ជើងឯក​អុក​ពីរ​ជំនាន់ ឈាវ បូរ៉ា ទទួលបាន​ឱកាស​ប្រជែង​ជើងឯក​ សារជាថ្មី ក្រោយ​អវត្តមាន​ពីរ​ឆ្នាំ​
09, Apr 2018 , 9:39 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បានបញ្ចប់​បេសកកម្ម​ក្នុងការ​ស្វែងរក​កីឡាករ​ជើង​ខ្លាំង​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ជា​ស្ថាពរ កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែមេសា​។ ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​១​ថ្ងៃ​ពេញ នៅ​ទីស្នាក់ការ NOCC កីឡាករ​៨​រូប​ក្នុងចំណោម​២៤​រូប ដែល​បាន​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត ក្នុងនោះ​ក៏មាន​ម្ចាស់​ជើងឯក​ពីរ​ជំនាន់ ឈាវ បូរ៉ា ផងដែរ​។ ប៉ុន្តែ​ក្នុងចំណោម​កីឡាករ​ទាំងនេះ គ្មាន​វត្តមាន​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៧ និង​២០១៦ ឡើយ​។



​ម្ចាស់​ជើងឯក​អុកចត្រង្គ​ពីរ​ជំនាន់​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៤​និង​២០១៥ កីឡាករ ឈាវ បូរ៉ា ទទួលបាន​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សារជាថ្មី ក្រោយ​រូបគេ​អវត្តមាន​អស់ពីរ​ឆ្នាំ​ជាប់​គ្នា​។ នា​ការប្រកួត​នៅ​ឆ្នាំ​២០១៦ កីឡាករ ឈាវ បូរ៉ា ត្រូវ​ម្ចាស់​ជើងឯក​អុកចត្រង្គ​ឆ្នាំ​២០១៧ ហេង សៅ​ឌី ទន្លាក់​ត្រឹម​វគ្គ​ជម្រុះ​។ ហើយ​ឆ្នាំ​២០១៧ បូរ៉ា ត្រូវបាន​ខកចិត្ត​ម្តងទៀត បន្ទាប់ពី​រូបគេ​ត្រូវបាន​កីឡាករ កែវ វ​ឌ្ឍ​នា ទម្លាក់​ត្រឹមវគ្គ​ជម្រុះ​ដូចគ្នា​។​

​ការទទួលបាន​កៅអី​ឡើងទៅ​ប្រជែង​ជើងឯក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​កីឡាករ ឈាវ បូរ៉ា ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ចាម​បាន​យកឈ្នះ​គូប្រកួត​ជា​បន្តបន្ទាប់​នា​ការប្រកួត​ជម្រុះ​ជុំ​ទី​២ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC​។ នា​ការប្រកួត​ជម្រុះ​ពូ​ល C បូរ៉ា ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​យកឈ្នះ ធី​ម ឌី​ណា និង វ៉ាន់ រ៉ា​ស៊ីន ហើយ​ស្មើ​ជាមួយ​កីឡាករ រស់ រិទ្ធី​យ៉ា​។​

​នា​ការប្រកួត​វគ្គ​១២​នាក់​ចុងក្រោយ​ដែល​ធ្វើឡើង​តាម​រូបមន្ត​ចាញ់​ធ្លាក់ កីឡាករ ឈាវ បូរ៉ា បាន​យកឈ្នះ​កីឡាករ មាស សុភ​ក្តិ ដោយ​សម្លាប់​។ ជ័យជម្នះ​នេះ​ធ្វើ​នាំ​ឲ្យ ឈាវ បូរ៉ា ទទួលបាន​កៅអី​វគ្គ​៨​នាក់​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ សម្រាប់​វគ្គ​ជម្រុះ​ដំណាក់​ការ​ផ្តាច់ព្រ័ត្រ ដែល​រៀបចំ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នា​ខេត្ត​សៀ​បរាប​ចន្លោះ​ពីថ្ងៃ​ទី​១៣-១៦ មេសា ឆ្នាំ​២០១៨​។​

​កីឡាករ​ទាំង​៨​រូប​ដែល​ត្រូវ​ប្រជែង​គ្នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រួមមាន កីឡាករ ឈាវ បូរ៉ា​, ស៊ីវ ស៊ីន​, សុខ លឹម​ហេង​, កែវ វ​ឌ្ឍ​នា​, ធី​ម ឌី​ណា​, ប៊ិន គា​សេង​, អេង សេង​ហៀក និង ប៊ូ ប៉ុណ្ណ​ប៉ូ​លីកា ខណៈ​ជើងឯក​ឆ្នាំ​ចាស់ ហេង សៅ​ឌី និង​ជើងឯក​ឆ្នាំ​២០១៦ ហូ​យ សូ​ណា សុទ្ធតែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​៕  


Tag:
 អុកចត្រង្គ​
  ឈាវ បូរ៉ា​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com