កំណាយ​លើក​ទី​៤​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​ដឹង​កាន់តែច្បាស់​ពី​សំណង់​ព្រះបរមរាជវាំង​នៅលើ​ភ្នំ​គូលែន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កំណាយ​លើក​ទី​៤​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​ដឹង​កាន់តែច្បាស់​ពី​សំណង់​ព្រះបរមរាជវាំង​នៅលើ​ភ្នំ​គូលែន​
11, Apr 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ អស់​រយៈពេល​៥​សប្ដាហ៍​មកហើយ ដែល​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ កម្មវិធី​ភ្នំ​គូលែន (ADF) អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួងបរិស្ថាន បានធ្វើ​កំណាយ​នៅលើ​ទីតាំង​ដែល​គេ​សន្និដ្ឋានថា ជា​អតីត​ព្រះបរមរាជវាំង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ នៅលើ​ភ្នំ​គូលែន​។ តាមពិតទៅ នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រុម​អ្នកស្រាវជ្រាវ បានធ្វើ​កំណាយ​ក្នុង​បរិវេណ​អតីត​រាជធានី «​ម​ហិ​ន្ទ្រ​ប​ព័ត​» ដែល​កសាង​ក្នុង​ស​.​វ​ទី​៩ ដែល​នៅ​សម័យ​បារាំង​ហៅ «​បន្ទាយ​» និង​បច្ចុប្បន្ន​ហៅថា «​ផ្ទះ​គូ​ចា​រ្យ​»​។ កំណាយ​ចុង​ក្រោយនេះ ធ្វើ​ឱ្យគេ​ដឹង​កាន់តែច្បាស់​ពី​ទំនាក់ទំនង​រចនាសម្ព័ន្ធ​រវាង​អាគារ​មួយ​ទៅ​អាគារ​មួយ ក្នុង​បរិវេណ​ព្រះបរមរាជវាំង​។ ការស្រាវជ្រាវ​នេះដែរ ធ្វើ​ឱ្យគេ​ដឹងថា អតីត​ព្រះបរមរាជវាំង​នេះ​មាន​មនុស្ស​ម​រស់នៅ​មិនជា​ប់លាប់ គឺ​ស្នាក់នៅ​បណ្ដោះអាសន្ន បន្ទាប់មក​ដូរ​ទៅ​តំបន់​រលួស ឬ​អាច​ឡើង​ចុះៗ​។



​ព័ត៌មាន​លម្អិត សូម​អាន​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​ប្រធាន​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​កម្មវិធី​ភ្នំ​គូលែន លោក JB-CHEVANCE ដោយមាន​ការបកប្រែ​ពី​លោក សា​ឃឿន សក្ដា បុរាណ​វិទូ អង្គការ ADF​។

​ថ្មីៗ​៖ ហេតុអ្វី​បានជាក្រុមការងាររបស់លោក​មក​ធ្វើ​កំណាយ​នៅទីនេះ​?

ADF៖ បានជា​យើង​មក​ធ្វើ​កំណាយ​នៅទីនេះ ទីមួយ​ដោយសារ យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់​បារាំង​ពីមុនៗ​មក និង​ឯកសារ​របស់​ខ្មែរ​យើង​ផង សន្និដ្ឋានថា​ទីនេះ​ជា​ព្រះបរមរាជវាំង​មួយ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​២ នៅក្នុង​ស​.​វ​ទី​៩ នៅលើ​ខ្នងភ្នំ​គូ​លេន ដែលមាន​សណ្ឋាន​ដី​ប្លែក​ពី​គេ ដល់ពេល​ចឹ​ង​ទៅ​ក៏​យើង​សន្និដ្ឋានថា កន្លែង​នេះ​ជា​រាជវាំង​ដែរ​។ តាម​ការសន្និដ្ឋាន​នោះ មិនទាន់​បានធ្វើ​កំណាយ​នៅឡើយ​ទេ​។ នៅ​ឆ្នាំ​២០០៩ អង្គការ ADF បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ធ្វើ​កំណាយ ដើម្បី​សិក្សា​ពី​រចនាសម្ព័ន្ធ​នៅទីនេះ ដូច្នេះ​នេះ​ជា​លើក​ទី​៤ ហើយ​ឆ្នាំនេះ​យើង​ធ្វើ​ធំ ដើម្បី​ចង់ដឹង​ពី​សំណង់​នៅក្នុង​រាជវាំង​ហ្នឹង តើ​រចនាសម្ព័ន្ធ​វា​យ៉ាងម៉េច និង​មាន​អ្វីខ្លះ​។​



​ថ្មីៗ​៖ តើ​យើង​បាន​រកឃើញ​អ្វីខ្លះ​ពី​កំណាយ​លើក​នេះ ហើយ​ហេតុអ្វី​បាន​យើង​ហ៊ាន​សន្និដ្ឋានថា​វា​ជា​ព្រះបរមរាជវាំង​?

ADF៖ បើ​យើង​មើល​តាម​រចនាសម្ព័ន្ធ​ដែល​បានមកពី​ប្រព័ន្ធ LiDAR នៅ​ឆ្នាំ​២០០៩ យើង​អត់​ទាន់​មាន LiDAR ទេ រហូតដល់​ឆ្នាំ​២០១២ យើង​បានធ្វើ​ម្ដង​ដែរ ឃើ​ង​រចនាសម្ព័ន្ធ​ហ្នឹង​នៅ​កម្រិត​តូច ដល់ពេល​ឆ្នាំ​២០១៥ LiDAR ដែល​គ្របដណ្ដប់​លើ​ភ្នំ​គូលែន​ដល់​ក្បាលស្ពាន​ហ្នឹង ធ្វើឱ្យ​យើង​ឃើញ​ពី​រចនាសម្ព័ន្ធ​តែម្ដង​។ ចឹ​ង​ការរៀបចំ​ក្រុង​ហ្នឹង គឺ​វា​មាន​ទំនប់​បុរាណ ប្រាសាទ សំណង់​សាធារណ ប្រព័ន្ធធារាសាស្ត្រ បារាយណ៍​ជាដើម​ហ្នឹង គឺ​យើង​ឃើញ​រាង​នៅទីនេះ គឺ​យើង​គិតថា​អាចជា​រាជវាំង​ហ្មង​។ សូម្បីតែ​សិលាចារឹក ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទ្រង់​ប្រកាស​រាជ្យ​នៅលើ​ភ្នំ​គូលែន​នេះ ចឹ​ង​ពេល​គាត់​មក​ក៏ត្រូវ​មាន​វាំង ព្រះរាជដំណាក់​គាត់​ដែរ ចឹ​ង​ដល់ពេល​យើង​មើល​សណ្ឋាន​ទាំងអស់​ហ្នឹង ភស្ដុតាង​ដែល​បានមក​ហើយ យើង​គូរ​វា​ទៀត យើង​អាច​សន្និដ្ឋានបានថា កន្លែង​ហ្នឹង​ពិតជា​រាជវាំង ព្រោះ​អត់​មាន​សណ្ឋាន​ដី​ណា​នៅលើ​ភ្នំ​ដូច​កន្លែង​ហ្នឹង​ទេ​។​

​យើង​ធ្វើ​កំណាយ​ដំបូង​ក្នុង​ឆ្នាំ​២០០៩ មុននឹង​មាន LiDAR យើង​បានធ្វើ​ប្លង់​រួចហើយ យើង​ឃើញ​ទំហំ​រាជវាំង​ហ្នឹង​គឺ ៤០០X៦០០​ម៉ ហើយ​យើង​មាន​ធ្វើ​កំណាយ​ច្រើនដង​នៅ​កន្លែង​ផ្សេងៗ​គ្នា ហើយ​សព្វថ្ងៃ​យើង​មើលឃើញ​សណ្ឋាន​ដី​នៅ​កន្លែង​នេះ គឺ​គ្របដណ្ដប់​ដោយ​ព្រៃឈើ​។ ហើយ​ទីតាំង​នេះ​ជា​ចំណុច​ដែល​ខ្ពស់​ជាងគេ ទោះ​វា​មិនមែនជា​ចំណុចកណ្ដាល​របស់​វាំង​នោះ​មែន តែ​នៅ​ចំណុច​ពិសេស​ដែលមាន​ទំនប់​ព័ន្ធ​ជុំវិញ​ហ្នឹង​។ យើង​ធ្វើ​កំណាយ​ដំបូង​នៅ​ឆ្នាំ​២០០៩​ម្ដង​រួចមកហើយ​នៅ​កន្លែង​ហ្នឹង ចឹ​ង​២០១០ និង​បន្ដបន្ទាប់​យើង​ពង្រីក​រណ្ដៅ​កំណាយ​នៅ​ជិតៗ​គ្នា ដើម្បី​ដឹង​ពី​រចនាសម្ព័ន្ធ​ពី​សំណង់​មួយ​ទៅ​សំណង់​មួយ​។ នៅ​ឆ្នាំ​២០១៨​នេះ យើង​ត្រឡប់មក​កន្លែង​នេះ​ម្ដងទៀត ដោយសារ​យើង​មើល​ទិន្នន័យ​សិក្សា​បន្ដទៅ គឺ​នៅ​កន្លែង​ហ្នឹង វា​នៅមាន​ចម្ងល់​យើង​សម្រាប់​យើង​ចង់ដឹងថា​តើ រចនាសម្ព័ន្ធ​សំណង់​ហ្នឹង​ធ្វើ​ដោយ​អ្វី មាន​គ្រឹះ​បែបណា ដើម្បីឱ្យ​យើង​ដឹង​កាន់តែច្បាស់​។​

​ថ្មីៗ​៖ ចុះ​ពេល​នេះយើង​បាន​ទិន្នន័យ​អ្វី​បន្ថែមទៀត ហើយ​មាន​អ្វី​ប្លែក​អត់​?

ADF៖ បើ​និយាយ​ពី​លទ្ធផល​វិញ គឺ​នៅ​ឆ្នាំ​២០០៩ ទីនេះ​សុទ្ធតែជា​រណ្ដៅ​កំណាយ ហើយ​កន្លែង​នេះ​ជា​កម្រាល​ឥដ្ឋ បន្ទាប់មកទៀត​គឺមាន​ជញ្ជាំង​ពី​ឥដ្ឋ ហើយ​ចន្លោះ​ហ្នឹង​គឺមាន​ដី​បង្ហាប់ ដល់​២០១៨ គឺមាន​ស្នាម​ជញ្ជាំង ស្នាម​បង្ហាប់ ស្នាម​កម្រាល​ឥដ្ឋ​ចឹ​ង  ដល់ពេល​យើង​ឃើញ​មាន​ស្នាម​ពង្រីក​កន្លែង​នេះ វា​ផុតពី​អាគារ​ឆ្ងាយ​ពេក ចឹ​ង​ប្រហែល​អាគារ​នេះ​គេ​អាចធ្វើ​បន្ថែម​ក្នុងដំណាក់កាល​ណាមួយ​។ ឆ្នាំ​២០១៨​នេះ យើង​បើក​រណ្ដៅ​កំណាយ​ឱ្យ​ធំ​ជាង​ហ្នឹង ដើម្បី​ចង់ដឹងថា តើ​រចនាសម្ព័ន្ធ​នៅ​ចន្លោះ​នេះ​មាន​រាង​បែប​ម៉េច ដោយ​ធនធាន​មាន​កម្រិត ចឹ​ង​យើង​អត់​អាច​បើក​រណ្ដៅ​ទាំងអស់​ទេ​។

​មុននឹង​យើង​ចូលមក​ស្រាវជ្រាវ​នៅ​កន្លែង​ហ្នឹង យើង​ចង់ដឹងថា តើ​សំណង់​ហ្នឹង​ធ្វើ​ពី​សម្ភារ​បែប​ម៉េច បច្ចេកទេស និង​រចនាសម្ព័ន្ធ​បែប​ម៉េច ហើយ​គ្របដណ្ដប់​ដោយ​ក្បឿង ស្លឹក ឬក៏​ស្អី មាន​សំណង់​ឈើ​ឬ​យ៉ាងម៉េច​។ ក្រៅពីនេះ​យើង​ចង់ដឹងថា សំណង់​ហ្នឹង​ធ្វើ​ដោយ​អ្នកណា ដើម្បី​អ្វី​។ ជា​លទ្ធផល​បឋម កន្លែង​នេះ​យើង​ពិបាក​នឹង​សន្និដ្ឋានថា ជា​អ្វី​ឱ្យ​មែនទែន ដោយសារ​រចនាសម្ព័ន្ធ​សង់​បានល្អ​មែន​នៅក្នុង​សម័យ​ហ្នឹង គ្រាន់តែ​ដឹងថា ជា​កន្លែង​ដែល​ខ្ពស់​ជាងគេ​ក្នុង​រាជវាំង ចឹ​ង​យ៉ាងហោចណាស់​ក៏​យើង​អាច​សន្និដ្ឋានថា ជា​កន្លែង​គោរពបូជា ឬ​កន្លែង​សម្រាប់​ស្ដេច​គង់នៅ​ពេលនោះ​ដែរ​។ នៅ​ឆ្នាំ​២០០៩ យើង​បាន​យក​ឃ្យូ​ង​ទៅ​ពិសោធន៍ ហើយ​រក​ពី​សម័យកាល​ហើយ ក្នុង​លទ្ធផល​ហ្នឹង សំណង់​ហ្នឹង​ប្រើប្រាស់​អាច​ចុងក្រោយ​នៅ​ស​.​វ​ទី​៩​។ ហើយ​កន្លែង​នេះ អាចម​នុស្ស​នៅក្នុង​រយៈពេល​បណ្ដោះអាសន្ន​ណាមួយ បន្ទាប់មក​គាត់​បាន​ប្ដូរ​ទៅ​រលួស ឬ​អាច​ឡើង​ចុះៗ​។​



​ថ្មីៗ​៖ ក្រោយពី​បាន​លទ្ធផល​នៅទីនេះ តើ​ក្រុមការងាររបស់លោក​គ្រោង​យក​វា​ទៅធ្វើ​អ្វី​បន្ដទៀត​?

ADF៖ ការងារ​បន្ទាប់ពី​យើង​ធ្វើ​កំណាយ​ហ្នឹង គឺ​ទីមួយ ព័ត៌មាន និង​ទិន្នន័យ​ដែល​យើង​បាន​ពី​ការធ្វើ​កំណាយ ទាក់ទង​ស្រទាប់ដី ធ្វើការ​ចុះបញ្ជី​វត្ថុ​សិល្បៈ​ដែល​រកឃើញ​មាន ពណ៌នា​ពី​ដី កុលាលភាជន៍ តើ​ធ្វើ​ពី​អី រឹង ផុយ ប្រើ​ពេលណា ដើម្បី​យើង​ដឹង​ពី​ពេលវេលា​ប្រើប្រាស់​។ បន្ទាប់មកទៀត យើង​ធ្វើ​ប្លង់​រួម​ពី​សំណង់​ទាំងមូល ដែលមាន​ក្រុម​ដែល​មកជួយ​យើង ពួកគាត់​នឹងធ្វើ​ប្លង់​រួមមួយ បន្ទាប់មក​យើង​ធ្វើការ​សិក្សា​ពី​ស្រទាប់ដី ឃ្យូ​ង រាល់​កុលាលភាជន៍ រាល់​សំណង់ ចុងក្រោយ​យើង​ធ្វើ​របាយការណ៍​ជុំវិញ​កំណាយ​ហ្នឹង​។​

​ថ្មីៗ​៖ ឃើញ​គម្រោង​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ទៀត​លើ​ភ្នំ ដែល​ចេញពី​ស្រុក​ស្វាយ​លើ​មក កាត់​តំបន់​អន្លង់​ធំ​នេះ តើ​វា​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន ដែលជា​ព្រះបរមរាជវាំង​នេះដែរ​ទេ​?

ADF៖ ធម្មតា​ការអភិវឌ្ឍ​វា​មាន​ផលប៉ះពាល់​ហើយ ប៉ុន្តែ​នៅទីនេះ​យើង​មាន​អាជ្ញាធរ​ជាតិ​អប្សរា គាត់​មាន​ជំនាញ​គ្រប់គ្រាន់​ខាង​កំណាយ​សង្គ្រោះ​មុន​ធ្វើ​ផ្លូវ​។ ចឹ​ង​រាល់​ផលប៉ះពាល់​គាត់​បានធ្វើ​ការសិក្សា​រួច​អស់ហើយ គឺ​មើល​ទាំង​បុរាណ​ដ្ឋា​ន និង​បរិស្ថាន បើ​ធ្វើ​កាត់​ត្រូវតែ​ធ្វើ​កំណាយ​ស្រាវជ្រាវ​សិន ចៀសវាង​ផលប៉ះពាល់​ណាមួយ​។​

​ថ្មីៗ​៖ ទាក់ទង​នឹង​កំណាយ​នេះ តើ​យើង​គ្រោង​ធ្វើ​បន្ថែមទៀត​?

ADF៖ ទាក់ទង​នឹង​ទីតាំង​នេះ បន្ទាប់ពី​យើង​ធ្វើ​កំណាយ​រួចហើយ គឺ​យើង​លុប​វា​វិញ ដើម្បី​ការពារ​ឥដ្ឋ ស្រទាប់ដី​អីហ្នឹង អ្វីដែល​ល្អ​គឺ​លុប​វិញ ដើម្បី​រក្សា​ស្ថេរភាព ស្ថានភាព របស់​ឥដ្ឋ​ហ្នឹង​នៅ​ដើម​វិញ ព្រោះ​យើង​ទុក​យូរ​អត់​បានទេ​។ បញ្ហា​ភ្លៀង បញ្ហា​ខ្យល់ វា​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​របស់​ឥដ្ឋ​៕ 




Tag:
 ព្រះបរមរាជវាំង​
  ជ័យ​វរ្ម័នទី​២
  ភ្នំ​គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com