ជាតិ
រដ្ឋាភិបាល បើក​មូលនិធិ​គន្ធបុប្ផា​ជា​ផ្លូវការ ដើម្បី​ថែរក្សា​មន្ទីរ​ពេទ្យ​ជំនួស​លោក Beat Richner
11, Apr 2018 , 10:50 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បើក​ដំណើរការ​មូលនិធិ​គន្ធបុប្ផា​ជា​ផ្លូវការ សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ត​ពី លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ (Beat Richner) ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅឯ​ប្រទេស​ស្វី​ស​។ រដ្ឋាភិបាល បង្កើត​មូលនិធិ​នេះ​ឡើង ក្នុង​គោលបំណង​ការពារ​ថែរក្សា​មន្ទី​ពេទ្យ​មួយ​នេះ មិន​ឲ្យ​ដួល​រំលំ​ឡើយ ។​



​ថ្លែង​ក្នុង​ពិធី​បើក​ដំណើការ​មូលនិធិ​គន្ធបុប្ផា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជា​មិនអាច​ពឹងផ្អែក​លើ​លោក​វេជ្ជបណ្ឌិត Beat Richner រហូត​នោះទេ ក្នុងការ​គៀងគរ​វិភា​គ​ទាន​សប្បុរសធម៌ សម្រាប់​ធានា​ចីរភាព នៃ​កិច្ចដំណើរការ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។

​ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បញ្ជាក់​ដូច្នេះ​ថា​៖«​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វី​ស អាច​នឹង​ថមថយ​ចុះ​នៅពេល​ណាមួយ​។ ម្យ៉ាងវិញទៀត កម្លាំង​សេដ្ឋកិច្ច ធនធាន​ហិរញ្ញវត្ថុ និង​កម្លាំង​ទឹកចិត្ត​សប្បុរសធម៌ របស់​សប្បុរសជន​ក្នុងស្រុក​របស់​យើង ក៏​កាន់​តែមាន​ភាពរឹងមាំ រួមជាមួយ​នឹង​ឧ​ត្ត​ម​គតិ និង​ឆន្ទៈ​គាំទ្រ​របស់​មជ្ឈដ្ឋាន​សាធារណៈ​នៅក្នុង​ប្រទេស ក៏​កាន់​តែមាន​ភាពរស់រវើក​ក្នុងការ​ជំរុញ​សកម្មភាព​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផងដែរ​»​។

​តែ​យ៉ាងណា​រដ្ឋាភិបាល​នៅតែ​យល់ឃើញថា ទោះបី​ជាមាន​«​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​»​ក្តី ប៉ុន្តែ​វា​ក៏​មិនអាច​ជំនួស​ឲ្យ​«​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វី​ស​» ដែរ ពោល​បានន័យថា មូល​និ​ធី​ពី​ប្រទេស​នៅតែមាន​សារៈសំខាន់ សម្រាប់​ដំណើរការ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។ «​ការប្រើប្រាស់​ធនធានរ​បស់​មូលនិធិ ត្រូវបាន​គិតគូរ​រៀបចំ​រួចជាស្រេច និង​ត្រូវបាន​សម្រួល​មិន​ឲ្យ​មាន​ភាពស្មុគស្មាញ តែ​ធានា​រក្សាបាន​នូវ​តម្លាភាព និង​គណនេយ្យភាព​ខ្ពស់ ព្រមទាំង​ធានា​ផងដែរ នូវ​ភាពស៊ីសង្វាក់​គ្នា​ជាមួយ «​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វី​ស​» ដើម្បី​ធានា​នូវ​ចីរភាព របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​បើតាម​ប្រមុខ​រដ្ឋាភិបាល សប្បុរសជន​ដែល​ចូល​វិភាគទាន​៨០​លាន​រៀល​(២​ម៉ឺន​ដុល្លារ​អាមេរិក​)​ឡើងទៅ នឹង​ក្លាយជា​សមាជិក​ស្ថាបនិក​។​អ្នក​ចូល​ថវិកា​៥​ពាន់​ដុល្លារ​ឡើងទៅ​សមាជិក​កិត្តិយស និង​ថវិកា​៥០០០​រៀល​ក្នុង​មួយខែ (៦​ម៉ឺន​រៀល​ក្នុង​មួយឆ្នាំ​) ជា​សមាជិក​គាំទ្រ​។ រដ្ឋាភិបាល ទុក​រយៈពេល​៣​ខែ ដើម្បី​ឲ្យ​សប្បុរសជន​នានា​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នេះ ខណៈ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​វិភាគទាន​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​។​

​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ (Beat Richner) ដែល​កំពុងមាន​ជំងឺ​ជា​ទម្ងន់​នេះ បានប្រកាស​លាលែង​ពី​តំណែង​ជា​អ្នកគ្រប់គ្រង​មន្ទី​ពេទ្យ កាលពី​ថ្ងៃទី​២៨ មីនា កន្លងមក​។ លោក ភី​ត​ធឺរ ស្ទូ​ដឺរ ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​អ្នក​ជំនួស​តំណែង លោក  បេ​អាត រិច​ឆ្នឺ​រ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៤​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៧ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង​៥០០​លាន​ដុល្លារ​ហើយ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា​។ ក្នុងចំណោម​ថវិកា​ទាំងអស់ មាន​៨៦,៤​ភាគរយ ជា​វិភាគទាន​សប្បុរសជន ដែល​ភាគច្រើន​មកពី​ប្រជាជន​រស់នៅក្នុង​ប្រទេស​ស្វី​ស​, ថវិកា​ចំនួន​៤,៧​ភាគរយ បានមកពី​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨,៩​ភាគរយ បានមកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ស្វី​ស​។ បច្ចុប្បន្ន មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា ចំនួន​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បេ​អាត រិច​ឆ្នឺ​រ កន្លងមក​។​

​បើ​ផ្អែកលើ​របាយការណ៍​របស់​មន្ទីរពេទ្យ ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ មាន​កុមារ​ឈឺ​ជាង​១៥​លាន​នាក់​ហើយ ដែល​បានទទួល​ការពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ដែលមាន​ជំងឺ និង​របួសធ្ងន់ៗ ជាង​១,៥​លាន​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​បានជា​សះស្បើយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ របាយការណ៍​ដដែល​នោះ បន្តថា​៨០​ភាគរយ​នៃ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនោះ នឹង​គ្មាន​សំណាងល្អ​ឡើយ​ប្រសិនបើ​មិនបាន​មក​ទទួល​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេនោះ​៕

Tag:
 ហ៊ុន សែន​
  គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com