ពីនេះ ពីនោះ
ឪទឹន​ស្រា មាន​ប្រវត្តិ​រាប់រយឆ្នាំ​មកពី​សមុទ្រ​ចិន​ខាងត្បូង ដែល​អ្នកស្រុក​តាម​ដង​ទន្លេមេគង្គ​ធ្លាប់ប្រើ​ប្រាស់
11, Apr 2018 , 7:19 pm        
រូបភាព
​ឪទឹន​ដាក់​ស្រា​ដែលមាន​វ័យ​ចំណាស់ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍ ក្នុង​ខេត្តស្ទឹងត្រែង​។​ ​រូប​ថ​តៈ ថោង អូន ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍​
​ឪទឹន​ដាក់​ស្រា​ដែលមាន​វ័យ​ចំណាស់ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍ ក្នុង​ខេត្តស្ទឹងត្រែង​។​ ​រូប​ថ​តៈ ថោង អូន ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍​
ដោយ: ថ្មីៗ

​ស្ទឹងត្រែងៈ កុលា​ភាជន៍ និង​វត្ថុ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផ្សេងៗ ដែលមាន​អាយុកាល​មិនតិចជាង​រយ​ឆ្នាំ​ជាច្រើន​ប្រភេទ ដូចជា​ក្រឡ ឪទឹន​ស្រា​មាត់​តូច​-​មាត់ធំ ប៉ាន់តែ ត្រល់ ថាំង​តែ ប្រអប់​ស្លា ប្រណាក​ឆាកស្លា តុម​កំបោរ ផ្តិលស្ពាន់ ជើងពាន និង​កង់​រទេះគោ​ចាស់ៗ​ជាដើម​។​ល​។ ត្រូ​វា​បាន​ប្រមូល​ទិញ​យកមក​រក្សាទុក ដោយ​ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍ ដែលមាន​ទីតាំង​ស្ថិតនៅ​ប្រប​មាត់​ទន្លេមេគង្គ ក្នុងភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​ព្រំដែន​ឡាវ ពី​ស្ពាន​សេកុង​ប្រ​ម៉ាណ ៣​គីឡូម៉ែត្រ​។


 



​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែលមាន​វ័យ​ចំណាស់ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍ ក្នុង​ខេត្តស្ទឹងត្រែង​។​
​រូប​ថ​តៈ ថោង អូន ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍​

​លោក ថោង អូន អាយុ ៤៧​ឆ្នាំ ជា​ម្ចាស់​រមណីយដ្ឋាន​បក្ស​មេគង្គ​រី​ស​ត៍ បាន​ឲ្យ​ដឹង​ពី​គោលបំណង​របស់លោក​ថា ការប្រមូល​មក​រក្សាទុក (​សមុច្ច័យ​កុលាលភាជន៍​) ទាំងនេះ គឺ​ដោយសារតែ​លោក​ចង់​ចូលរួម​ថែរក្សា​វត្ថុ​ប្រើប្រាស់​ដែលមាន​វ័យ​ចំណាស់​ទាំងនេះ ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​ស្វែងយល់ ជាពិសេស​ជនបរទេស​ដែល​គេ​ចង់ដឹង ចង់​ស្គាល់​វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ​យើង​ផងដែរ​។ លោក ថោង អូន មានប្រសាសន៍ថា​៖ «​ខ្ញុំ​បាន​ប្រមូល​ទិញ​វត្ថុ​ទាំងនេះ​ពី​អ្នកភូមិ​ជនជាតិភាគតិច និង​អ្នកស្រុក​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​។ ភាគច្រើន​ពួកគាត់​ឈប់​ប្រើប្រាស់ ទុកចោល​នៅតាម​គុម្ព​ចេក គុម្ព​ស្មៅ ខ្លះ​ក៏ត្រូវ​បាន​សត្វ​គោ​-​ក្របី​ដើរ​ជាន់ បែកបាក់​អស់​ជា​អន្លើ​ទៀតផង​។ ប៉ុន្តែ នៅ​តំបន់​ខ្លះ អ្នកស្រុក​ក៏​នៅ​បន្ត​ប្រើប្រាស់​ដែរ សម្រាប់​ដាក់​ស្រា​បិត ដាក់​ប្រហុក ផ្អក ឬ​សម្រាប់​អប់​ថ្នាំជក់​។​ល​។ រីឯ​ឪទឹន​មាត់​តូចៗ គេ​ដាក់​កំបោរ សម្រាប់​ចាស់ៗ​ដែល​ពិសារ​ស្លា​ម្លូរ​ជាដើម​»​។
​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក ថោង អូន ពី​ប្រវត្តិ​នៃ​កុលាលភាជន៍​ទាំងនេះ គឺមាន​អាយុកាល​មិនតិចជាង​រយ​ឆ្នាំ​ឡើយ​។ កាលណោះ​មាន​អ្នកជំនួញ​ស្រា​ឪទឹន បាន​នាំ​ស្រា​តាម​ទូក​ពី​សមុទ្រ​ចិន​ខាងត្បូង ចូល​លក់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងអំឡុង​ចុង​សត​វ​ត្យ​រ៍​ទី​១៨ និង​ដើម​សត​វ​ត្យ​រ៍​ទី​១៩ នៃ​គ្រឹ​ស្ត​សករាជ​។ កុលា​ភាជន៍ និង​វត្ថុ​ប្រើប្រាស់​ផ្សេងទៀត ដែលមាន​វ័យ​ចំណាស់​ទាំងអស់នេះ ត្រូវបាន​លោក​ប្រមូល​ទិញ​ពី​ខេត្តកំពង់ចាម និង​ក្រចេះ សរុប​ទាំងអស់​មាន​ជាង ១០០០​មុខ​។ គោលដៅ​បន្ទាប់​របស់​ម្ចាស់​រមណីយដ្ឋាន​រូបនេះ គឺ​សាងសង់​ជា​សារមន្ទីរ​ប្រចាំខេត្ត​ស្ទឹងត្រែង​មួយ ដោយ​ដាក់ឈ្មោះថា «​សារមន្ទីរ​មេគង្គ​» ដោយ​កំណត់​យក​ទីតាំង​នៅក្នុង រមណីយដ្ឋាន​បក្សី​មេគង្គ​តែម្តង​។
 


​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែលមាន​វ័យ​ចំណាស់ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍ ក្នុង​ខេត្តស្ទឹងត្រែង​។​
​រូប​ថ​តៈ ថោង អូន ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ​រី​ស​ត៍​

​លោក ថោង អូន មានប្រសាសន៍​៖«​វត្ថុ​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រមូល​ទិញ​មកនេះ ត្រូវបាន​កត់ចូល​ក្នុង​បញ្ជី​របស់​មន្ទីរ​វប្បធម៌​ខេត្ត ជា​បេតិកភណ្ឌ​ជាតិ​អស់ហើយ​។ ខ្ញុំ​ពុំមាន​សិទ្ធិ​លក់​-​ដូរ​វា​ទេ​។ រាល់​ការផ្លាស់ប្តូរ ចល័ត ការយកទៅ​ដាក់តាំង​បង្ហាញ​ក្នុង​ពិ​ព៌​ណ​ផ្សេងៗ ខ្ញុំ​ត្រូវ​ជូនដំណឹង​ទៅ​មន្ទីរ​វប្បធម៌​ខេត្ត​។ ខ្ញុំ​នឹង​សាងសង់​សារមន្ទីរ​មួយ​អំពី​ថ្ម នៅក្នុង​រមណីយដ្ឋាន​ប​ក្សី​មេគង្គ​រី​ស​ត៍​នេះ​តែម្តង​។ បន្ទាប់ពី​សាងសង់​ហើយ ខ្ញុំ​នឹង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​។ ចំពោះ​ថវិកា​ដែល​បាន​ពី​ចំណូល​នៃ​ការលក់​សំបុត្រ​នោះ ខ្ញុំ​នឹង​បង្វែរ​ទៅ​ជួយ​ផ្នែក​មនុស្សធម៌​វិញ​។ ខ្ញុំ​មិន​យក​ទេ​»​។​

​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) នឹង​ខិតខំ​ស្វែងរក គាស់កកាយ​រឿងរ៉ាវ​ផ្សេងៗ​ទៀត ដែលមាន​ការជាប់​ទាក់ទង​នឹង​បឹង​ទន្លេសាប ទន្លេសាប និង​ទន្លេមេគង្គ ជាពិសេស ពី​ជីវភាព​ប្រចាំថ្ងៃ ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ​សាសនា​ផ្សេងៗ របស់​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេ​ទាំងនេះ​ផងដែរ​។​ល​។

 (​អត្ថបទ​៖ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com