កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ហេង សៅ​ឌី ទទួលស្គាល់​អ្នក​ទម្លាក់​ខ្លួន​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​មាន​សមត្ថ​ភាពខ្លាំង
14, Apr 2018 , 8:00 am        
រូបភាព
កីឡាករ ហេង សៅឌី ពេលគ្រងសម្លៀកបំពាក់ជាស្តេចអុកចត្រង្គកាលពីឆ្នាំ២០១៧
កីឡាករ ហេង សៅឌី ពេលគ្រងសម្លៀកបំពាក់ជាស្តេចអុកចត្រង្គកាលពីឆ្នាំ២០១៧
ដោយ:
​ក្រោយ​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត នៃ​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ហេង សៅ​ឌី ទទួលស្គាល់ថា កីឡាករ​ចូលរួម​ឆ្នាំនេះ​មាន​សមត្ថ​ភាពកើនឡើង​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ ការធ្វេសប្រហែស និង​ខ្វះ​ភាព​អត់ធ្មត់ ត្រូវបាន​អតីត​ជើង​ឯករូប​ចាត់ទុកថា ក៏​ជា​កត្តារួម​ចំណែក​មួយ​ឲ្យ​រូប​កេ​បាត់បង់​ឱកាស​ផងដែរ​។ តែ​យ៉ាងណា រូបគេ​ហាក់ដូចជា​សប្បាយចិត្ត​ពេល​បានឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​អុកចត្រង្គ​នាពេល​បច្ចុប្បន្ន​។​

 
​ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ ហេង សៅ​ឌី ទទួលស្គាល់ថា កីឡាករ​ដែល​បាន​ទម្លាក់ខ្លួន​ចេញពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ត្រឹម​វគ្គ​ជម្រុះ​ឆ្នាំនេះ​សុទ្ធសឹង​មាន​សមត្ថភាព​និង​បច្ចេកទេស​ខ្ពស់​។ ហើយ​ការធ្វេសប្រហែស និង​ភាព​អំណត់​ក្នុង​ការប្រកួត​ដែល​ធ្វើ​រូបគេ​ចាញ់​ដៃគូ​ផ្នែក​ចិត្តសាស្ត្រ ក៏​ជា​កត្តារួម​ចំណែក​មួយ​ផងដែរ​។​
 
«​ខ្ញុំ​ទទួលស្គាល់ថា ពួកគាត់​ពិតជា​មា​នស​ម​ត្ថ​ភាពខ្លាំងៗ​ពិតប្រាកដ​មែន ពិសេស​ឆ្នាំនេះ​សមត្ថភាព​កីឡាករ​មាន​សន្ទុះ​កើនឡើង​ខ្លាំង​មែនទែន បើ​ធៀប​នឹង​ឆ្នាំមុន​មិនបាន​ប្រហែល​នឹង​នោះទេ​។ ម្យ៉ាងទៀត​ពួកគាត់​មក​ឆ្នាំនេះ គឺ​បាន​ហ្វឹកហាត់​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុងការ​ប្រយុទ្ធ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ហេង សៅ​ឌី ដែល​បាន​បន្ថែមថា ការបរាជ័យ​នេះ​មិនបាន​ជះឥទ្ធិពល​ធ្ងន់ធ្ងរ ឬ​ប៉ះពាល់​អារម្មណ៍​សម្រាប់​ការហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​របស់គេ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​ប្តេជ្ញា​ថា នឹង​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​ផង​។ 
 
​ទន្ទឹមនឹងនេះ ហេង សៅ​ឌី មើលឃើញថា បច្ចុប្បន្ន​សម្រាប់​វិស័យ​កីឡា​អុកចត្រង្គ​ពុំមាន​កីឡាករ​ណា​ម្នាក់​ល្អ​លេចធ្លោ​ដាច់​គេ​នៅឡើយ​ទេ ពោល​គឺមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា បើ​ធ្វេសប្រហែស​អាច​រង​បរាជ័យ​គ្រប់ពេលវេលា​។ «​អ្នកលេង​អុក​នៅ​ខ្មែរ​យើង​គឺ​ប្រហាក់ប្រហែលគ្នា បើ​ប្រហែស​បន្តិច​ដៃគូ​អាច​ឆក់​ឱកាស​បាន យើង​អាច​ចាញ់​គ្រប់ពេល​។ យើង​មិនទាន់មាន​អ្នកណា​ល្អ​ដាច់​គេ​នៅឡើយ​ទេ គឺ​ល្អៀង​គ្នា​បន្តិចបន្តួច​»​។ នេះ​ជាការ​រៀបរាប់​បន្ថែមរ​បស់​កីឡាករ ហេង សៅ​ឌី​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល F កីឡាករ ហេង សៅ​ឌី បាន​ចាញ់​កីឡាករ ប៊ិន គា​សេង ជើងឯក​រង​ដែល​ខ្លួន​ធ្លាប់​យកឈ្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ ក្នុងជំនួប​ទី​១ ហើយ​បាន​បន្ត​ចាញ់​កីឡាករ ឃុ​ត ប្រិមប្រិយ ក្នុងជំនួប​ទី​២​។ ហើយ​បាន​យកឈ្នះ​កីឡាករ សុខ សំបូរ ក្នុងជំនួប​ទី​៣ ដើម្បី​ឈរ​លខ​រៀង​ទី​៣​ក្នុង​ពូ​ល F ដែលជា​លេខ​រៀង​មិនអាច​ទៅ​វគ្គ​បន្ត​។​
 
​កីឡាករ ហេង សៅ​ឌី បាន​បញ្ជាក់ថា រូបគេ​ចាញ់​កីឡាករ ប៊ិន គា​សេង ក្នុងជំនួប​ទី​១​ដោយសារ​ចិត្តសាស្ត្រ ពោលគឺ​រូបគេ​ខ្វះ​ការអត់ធ្មត់​ក្នុងការ​ប្រកួត​។ ហើយ​សម្រាប់​ការ​ចាញ់​កីឡាករ ឃុ​ត ប្រិមប្រិយ គឺ​បណ្តាលមកពី​ការធ្វេសប្រហែស ដោយ​រូបគេ​បាត់បង់​ការ​ផ្តោតអារម្មណ៍​។ 
 
​កីឡាករ​ដែល​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​១/៤​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ខេត្តសៀមរាប រួមមាន​កីឡាករ ឈាវ បូរ៉ា​, សុខ លឹម​ហេង​, កែវ វ​ឌ្ឍ​នា​, ប៊ិន គា​សេង​, ធី​ម ឌី​ណា​, ស៊ីវ ស៊ីន​, អេង សេង​ហៀក និង ប៊ូ ប៉ុណ្ណ​ម៉ូ​លីកា​៕

Tag:
 អុកចត្រង្គ​
  ហេង សៅ​ឌី​
  អង្គរ​សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com