អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេណារីយោ​បីយ៉ាង​នៃ​ការចរចា​រវាង​លោក ត្រាំ ជាមួយ​លោក គីម ជុង​អ៊ុន
17, Apr 2018 , 10:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​ខែមេសា និង​ខែឧសភា​ជា​បន្តបន្ទាប់​។ កម្មវិធី​នុយក្លេអ៊ែរ គឺជា​របៀបវារៈ​សំខាន់​នៃ​ជំនួប​ទាំងពីរ ខណៈ​លោក គីម ជុង​អ៊ុន បានលើកឡើង​ម្ដង​ជា​ពីរដង​ថា កូរ៉េខាងជើង​មាន​ឆន្ទៈ​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​។ តើ​កូរ៉េខាងជើង​មាន​ឆន្ទៈ​មែន ឬក៏​គ្រាន់តែ​ប្រើប្រាស់​ការចរចា​ដើម្បី​រក​ផ្លូវ​ដកដង្ហើម​សម្រាប់​សេដ្ឋកិច្ច​របស់ខ្លួន​? ជា​រឿង​ចំឡែក បើ​កម្ទេច​របស់​ដែល​ប្រឹង​ធ្វើ​រាប់សិប​ឆ្នាំ​មក​នោះ​។​

 
​ឆ្នាំ​២០១៨ ខុសពី​ឆ្នាំ​កន្លងទៅ​។ ខុស​ត្រង់​ថា កូរ៉េខាងជើង​ដូរ​អាកប្បកិរិយា​១៨០​ដឺ​ក្រេ សឹងតែ​បត់​តាម​មិន​ចង់​ទាន់​។ ធ្លាប់តែ​សាកល្បង​នុយក្លេអ៊ែរ បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ក្ឌុង​ក្ឌាំង​ផ្អើល​ពេញ​ពិភពលោក កូរ៉េខាងជើង ប្រកាស​ចូលរួម​កម្មវិធី​អូឡាំពិក​រដូវរងា និង​បបួល​កូរ៉េខាងត្បូង និង​អាមេរិក​ចរចា​ថែមទៀត​។ សារ​អបអរ​ឆ្នាំ​ថ្មី​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ពិតជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។​
 
​គេ​មិនដែល​គិត​សោះ​ថា សុខៗ​មេដឹកនាំ​វ័យក្មេង​រូបនេះ​ប្រកាស​ជា​ចំហ​ថា ចង់​ចរចា​ទៅវិញ​។ ក្រៅពី​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ក្នុង​ប្រកួត​អូឡាំពិក​ឆ្នាំ​២០១៨ លោក គីម ជុង​អ៊ុន ក៏បាន​បញ្ជូន​ប្អូនស្រី​បង្កើត​តែមួយគត់ គីម យ៉ូ​ចុង ទៅកាន់​កូរ៉េខាងត្បូង​ទៀត​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់ខ្លួន​។ តាមរយៈ​ប្អូនស្រី លោក គីម បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ ក្រោយ​ការចរចា​ច្រើនលើក ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​នឹងធ្វើ​នៅ​ថ្ងៃទី​២៧ ខែមេសា នៅ​តំបន់​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។​
 
​មិន​ត្រឹមតែ​មេដឹកនាំ​កូរ៉េខាងត្បូង​ឡើយ លោក គីម ជុង​អ៊ុន ក៏​ថែមទាំង​មាន​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​អាមេរិក ដូ​ណា​ល់ ត្រាំ ផងដែរ​។ ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​ប្រទេស​គូសត្រូវ​ទាំងពីរ​នេះ គ្រោង​ធ្វើ​នៅ​ខែឧសភា ដោយ​ផ្ដោតលើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក គីម ជុង​អ៊ុន ប្រកាស​ជំហរ​បោះបង់​នុយក្លេអ៊ែរ​ដែល​អាមេរិក​ទាមទារ​រាប់សិប​ឆ្នាំ​មកហើយ ដែល​រឿងនេះ​ធ្វើ​ឲ្យ​លោក ត្រាំ កាន់តែ​ចង់​ជួប​លោក គីម ខ្លាំង​ឡើង​។​
 
​មាន​សេណារីយោ​បី​អាច​នឹង​កើតឡើង​ក្រោយ​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​អាមេរិក​។ សេណារីយោ​ទីមួយ គឺ​កូរ៉េខាងជើង​សម្រេចចិត្ត​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទាំងស្រុង ព្រមទាំង​កម្ទេច​អាវុធ ឬ​មី​ស៊ី​ល ដែល​បាន​ផលិត​រួចរាល់​។ ក្នុង​បរិបទ​នេះ កូរ៉េខាងជើង​អាច​ទទួលយក​ក្រុម​អ្នកសង្កេតការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដើម្បី​ត្រួតពិនិត្យ​ការកម្ទេច​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បើកទ្វារ​ប្រទេស​រាប់អាន​គេឯង​ឡើងវិញ និង​ឈប់​ធ្វើជា​រដ្ឋ​ឯកោ​ទៀត​។​
 
​ជា​ថ្នូរ​មកវិញ សហគមន៍​អន្តរជាតិ​នឹង​លើកលែង​ទណ្ឌកម្ម​រាប់សិប​ជាន់ និង​ផ្ដល់ជំនួយ​ឲ្យ​កូរ៉េខាងជើង​ដើម្បី​ស្ដារ​សេដ្ឋកិច្ច និង​ដោះស្រាយ​ជីវភាព​ប្រជាជន​។ អ្វី​កាន់តែ​សំខាន់​នោះ របប​ដឹកនាំ​កូរ៉េខាងជើង​ក៏​នឹង​ទទួល​បានការ​សន្យាថា សន្តិសុខ និង​ស្ថិរភាព​របស់ខ្លួន​មិន​ត្រូវបាន​គំរាមកំហែង​ឡើយ ហើយ​លោក គីម ជុង​អ៊ុន នៅតែ​អាច​បន្ត​ដឹកនាំ​កូរ៉េខាងជើង​បាន​ដដែល​។ ការរក្សា​អំណាច​ត្រកូល គីម នេះហើយ ជា​មូលហេតុ​សំខាន់​កូរ៉េខាងជើង​ផលិត​នុយក្លេអ៊ែរ​នោះ​។​
 
​យ៉ាងណាមិញ ត្រង់ចំណុច​នេះ យើង​អាច​សួ​របក​ទៅវិញ​ថា បើ​បោះបង់​ដដែល ចាំបាច់​ចំណាយលុយ ធនធាន ហើយ​ត្រូវ​ទណ្ឌកម្ម​សង្កត់​កដក​ដង្ហើម​មិន​ចង់​រួច​ដើម្បី​ផលិត​នុយក្លេអ៊ែរ​ធ្វើ​អ្វី​។​
 
​សេណារីយោ​ទី​ពីរ គឺ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​កម្ទេច​អាវុធ​នុយក្លេអ៊ែរ​ខ្លះ តែ​មិនមែន​ទាំងស្រុង​ឡើយ​។ ជាការ​ពិត កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​អាច​ហោះ​បាញ់​ដល់​គ្រប់​ទីកន្លែង​នៅ​សហរដ្ឋអាមេរិក​ទៀត​។ បើ​យក​នុយក្លេអ៊ែរ​ដាក់​លើ​តុ​ចរចា កូរ៉េខាងជើង​កាន់តែ​មាន​ទឹកមាត់ប្រៃ ដែល​អាច​ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​សម្បទាន​ខ្លះ​។ បើ​គិត​តាមផ្លូវ​នេះ ក្រុង​ព្យុងយ៉ាង​អាច​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​បណ្ដោះ​អាសន្ន ឬក៏​កម្ទេច​នុយក្លេអ៊ែរ​ចោល​ខ្លះ កុំ​ឲ្យ​ពិបាក​ចំណាយ​ថែទាំ​។​
 
​ក្នុងករណីនេះ កូរ៉េខាងជើង​បាញ់​ព្រួញ​មួយ​បាន​សត្វ​បី​ឯណោះ​។ ទីមួយ កូរ៉េខាងជើង​នៅតែមាន​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​ទុក​គំរាម​អាមេរិក​ដដែល គ្រាន់តែ​មិនអាច​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ​បាន ហើយ​ត្រូវ​បោះបង់​អាវុធ​ខ្លះ​ប៉ុណ្ណោះ​។ ទី​ពីរ របប​ដឹកនាំ​ព្យុងយ៉ាង​នឹង​នៅតែ​គ្រប់គ្រង​កូ​រ៉​ខាងជើង​ដដែល​។ ឯ​ទី​បី ទណ្ឌកម្ម​នឹងត្រូវ​ដក ទោះជា​តិច ឬ​ច្រើនក្ដី ឯ​សេដ្ឋកិច្ច​ក៏មាន​ដង្ហើម​ដក​ស្រួល ខណៈ​អាមេរិក និង​អន្តរជាតិ ក៏​មិនអាច​វាយ​ពាង ដោយ​គ្រាន់តែ​លឺ​ផ្គរលាន់​ដែរ ហើយ​ជំនួយ​នឹង​ចូល​កូរ៉េខាងជើង​មិន​ខាន​។ 
 
​សេណារីយោ​ទី​បី គឺ​ការចរចា​គ្មាន​លទ្ធផល ហើយ​កូរ៉េខាងជើង​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​អ្វី​ឡើយ និង​រឹតតែ​ផ្គើន​ដូច​កន្លងមក​។ បើ​ចាំ​មិន​ភ្លេច​ទេ មុននឹង​ប្រកាស​ក្ដែ​ងៗ​ថា​ចង់​បោះបង់​នុយក្លេអ៊ែរ​នោះ កូរ៉េខាងជើង​ប្រកាន់​ជំហរ​ដាច់ខាត​មិន​យក​នុយក្លេអ៊ែរ​ទៅ​ចរចា​ឡើយ​។ សម្រាប់​កូរ៉េខាងជើង និង​លោក គីម ផ្ទាល់ អាវុធ​នុយក្លេអ៊ែរ ជា​យ័ន្ត ជា​អាវ​ក្រោះ​ការពារ​របប​ដឹកនាំ​របស់​ត្រកូល គីម យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​
 
​និយាយ​ឲ្យ​ស្រួល​យល់​ទៅទៀត ឆ្លងកាត់​ព្យុះភ្លៀង​រាប់មិនអស់ គ្មាន​មិត្ត​រាប់រក ក្រីក្រ​រហេមរហាម ទណ្ឌកម្ម​វ័ណ្ឌក គឺ​ដោយសារតែ​នុយក្លេអ៊ែរ​នេះឯង​។ អ៊ីចឹង​តើ​កូរ៉េ​ខាង​សុខចិត្ត​បោះបង់​ដោយ​ស្រួលៗ​យ៉ាងម៉េច​ទៅ​? 
 
 
 
 

Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com