អន្តរជាតិ
លោក ត្រាំ ថា ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​បច្ចុប្បន្ន យ៉ាប់​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​
12, Apr 2018 , 3:31 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១១ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អះអាងថា ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី​បច្ចុប្បន្ន​មាន​ស្ថានភាព​អាក្រក់​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​។ លោក ត្រាំ បាន​បន្ទោស​រដ្ឋអាជ្ញា​ពិសេស Robert Mueller ដែល​ដុត​បញ្ឆេះ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ម​តា​រយៈ​ការស៊ើបអង្កេត​សំណុំរឿង​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ ឯ​អ្នកនាំពាក្យ​សេត​វិមាន​វិញ​លើកឡើងថា ទង្វើ​ច្រើន​ទៀត​របស់​រុស្ស៊ី សុទ្ធតែ​រួមចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង​អន់ថយ​។



​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​សព្វថ្ងៃ កាន់តែ​ល្អក់កករ​ទៅៗ ទោះជា​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ព្យាយាម​ស្ដារឡើងវិញ​ក្ដី​។ អាមេរិក និង​រុស្ស៊ី មានគំនិត​ខ្វែងគ្នា​លើ​បញ្ហា​ជាច្រើន ដែល​រក​ច្រកចេញ​មិនទាន់​ឃើញ​។ ក្រៅពី​ការ​ទាស់​គ្នា​លើ​ឆាក​អន្តរជាតិ ការស៊ើបអង្កេត​លើ​ការពាក់ព័ន្ធ​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ នៅតែ​ជា​បញ្ហា​រាំងស្ទះ​ដល់​ការ​ពូន​ជ្រំ​ទំនាក់ទំនង​ទ្វេភាគី​រវាង​មហាអំណាច​ទាំងពីរ​។​

​ក្នុង​សារ​តាម Twitter លោក ត្រាំ បានចាត់ទុក​ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី​នាពេល​សព្វថ្ងៃ គឺ​អាក្រក់​យ៉ាប់យ៉ឺន​ជាង​ពេលណា​ទាំងអស់ រាប់ទាំង​ក្នុងសម័យ​សង្គ្រាមត្រជាក់​ផង​។ យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក​លើកឡើងថា វា​គ្មាន​ហេតុផល​អ្វីដែល​បញ្ហា​ត្រូវ​កើតឡើង​បែបនេះ​ឡើយ​។


​តាមពិតទៅ ចាប់តាំងពី​ក្រោយ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​មក លោក ត្រាំ បាន​ឲ្យ​អាទិភាព​ខ្ពស់​ក្នុងការ​ពង្រឹង​ចំណង​ការទូត​ជាមួយ​រុស្ស៊ី​។ លោក​មិន​ខ្វល់​សោះឡើយ​ការប្រឆាំង​ក្នុងស្រុក ការចោទប្រកាន់ថា​រុស្ស៊ី​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​អាមេរិក ក៏ដូចជា​សកម្មភាពរ​បស់​រុស្ស៊ី​នៅ​ស៊ី​រី និង​អ៊ុយ​ក្រែ​ន​។ ម្ដង​ជា​ពីរដង លោក​បាន​ព្យាយាម​បោះដៃ​ទៅរក​រុស្ស៊ី ប៉ុន្តែ​បញ្ហា​ជាច្រើន​ខាងលើ​ក្លាយជា​ឧបសគ្គ​សម្រាប់​លោក​ជាខ្លាំង​។​

​ទោះជា​បាន​ហៅ​ទំនាក់ទំនង​អាម​រិ​ក​-​រុស្ស៊ី​ថា អាក្រក់​ក្ដី លោក ត្រាំ បាន​ព្យាយាម​មិន​រិះគន់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ចំឈ្មោះ​ឡើយ​ក្នុង​សារ Twitter របស់ខ្លួន​។ លោក ត្រាំ និង​លោក ពូ​ទីន មាន​គម្រោង​ជួបគ្នា​នៅពេល​ខាងមុខ​ដើម្បី​ជជែក​ពី​កិច្ចការ​ពិភពលោក ទំនាក់ទំនង​ទ្វេភាគី និង​ការ​ប្រណាំងប្រជែង​សព្វាវុធ​។ រឿង​រត់ប្រណាំង​អាវុធ គឺជា​បញ្ហា​ក្ដៅ ដែល​ភាគី​ចោទ​គ្នា​ទៅមក​ថា ភាគី​ម្ខាង​ទៀត​ជា​អ្នក​ចាប់ផ្ដើម​សកម្មភាព​មុន​។

​យ៉ាងណាមិញ លោក ត្រាំ បាន​ចោទ​រដ្ឋអាជ្ញា​ពិសេស Robert Mueller ថា បំផ្លាញ​ការប្រឹងប្រែង​ស្ដារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ លោក​ចង់​សំដៅ​ដល់​ការស៊ើបអង្កេត​ករណី​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​អាមេរិក ដែល​លោក​ចាត់ទុកជា​ការស៊ើបអង្កេត​ក្លែងក្លាយ និង​ពុករលួយ​។ ប៉ុន្តែ​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយ​សម្រួល​ថា មិនមែន​តែ​ការស៊ើបអង្កេត​នេះឡើយ សកម្មភាព​របស់​ក្រេ​ម​ឡាំង​នៅ​ស៊ី​រី និង​អ៊ុយ​ក្រែ​ន​ក៏​ជា​ផ្នែក​ធ្វើ​ឲ្យ​អន់ថយ​ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​ដែរ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  សង្គ្រាមត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com