អន្តរជាតិ
ត្រាំ ប្រាប់​ឲ្យ​រុស្ស៊ី​ត្រៀមខ្លួន​ទទួល​គ្រាប់​មី​ស៊ី​ល​ឆ្លាត​របស់​អាមេរិក​ដែល​នឹង​ផ្លោងចូល​ស៊ី​រី​
12, Apr 2018 , 9:19 pm        
រូបភាព
​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ព្រមាន​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ទី ១១ ខែមេសា​ថា មី​ស៊ី​ល​អាមេរិក​នឹង​ហោះ​ទៅ​រុស្ស៊ី​ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី​។ សារ​ព្រមាន​របស់លោក ត្រាំ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​ការប្រកាស​របស់​រុស្ស៊ី​ថា ខ្លួន​នឹង​បាញ់​ទម្លាក់​រាល់​មី​ស៊ី​ល​ដែល​ចូល​ដី​ស៊ី​រី​។



​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​កាន់តែ​ដុនដាប​មែនទែន​ហើយ ដោយសារ​ការប្រឈមមុខ​គ្នា​រឿង​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី​កាលពី​ចុង​សប្តាហ៍​មុន​។ នៅ​ថ្ងៃ​ពុធ​ទី ១១ ខែមេសា លោក ត្រាំ ស្រាប់តែ​បង្ហោះ​សារ​មួយ​ព្រមាន​រុស្ស៊ី​ចំៗ ថា មី​ស៊ី​ល​អាមេរិក​នឹង​ហោះ​ទៅ​ស៊ី​រី​នៅពេល​ខាងមុខ​។  

​លោក​បានបញ្ជាក់​តាម​គ​ណ​នី Twitter ផ្លូវការ​របស់ខ្លួន​ដូច្នេះ​៖« រុស្ស៊ី​សន្យា​បាញ់​ទម្លាក់​មី​ស៊ី​ល​ទាំងអស់​ដែល​បាញ់​ឆ្ពោះទៅ​រកស៊ី​រី​។ ត្រៀមខ្លួន​ទៅ​រុស្ស៊ី ព្រោះ​មី​ស៊ី​ល​ទាំងនោះ​នឹង​ហោះ​ទៅហើយ មី​ស៊ី​ល​ល្អ ថ្មី ហើយ​ឆ្លាត​ទៀត​។ អ្នកឯង​មិនគួរ​ធ្វើជា​ដៃគូ​ជាមួយ​សត្វ​តិ​រិ​ច្ឆា​ន​ដែល​ប្រើប្រាស់​ឧស្ម័ន​ពុល​សម្លាប់​ជន​ស៊ីវិល​ឡើយ​»​។​

​សារ​គំរាម​ធ្វើសង្គ្រាម​របស់លោក ត្រាំ ជាការ​ឆ្លើយតប​ចំពោះ​សម្តី​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​លី​បង់ ដែល​អះអាងថា រុស្ស៊ី​នឹង​បាញ់​ទម្លាក់​រាល់​មី​ស៊ី​ល​ទាំងអស់​របស់​អាមេរិក​ដែល​បាញ់​ចូល​ស៊ី​រី រួមទាំង​ប្រភព​ដែល​មី​ស៊ី​ល​ទាំងនោះ​បាញ់​ចេញមក​ដែរ​។​

​យ៉ាងណាក៏ដោយ គេ​មិនទាន់​អាច​ដឹងថា យុទ្ធសាស្ត្រ​យោធា​បែបនេះ​ដែល​លោក ត្រាំ​នឹង​ប្រើប្រាស់​ប្រឆាំង​របប​ស៊ី​រី​ឡើយ​។ ប៉ុន្តែ អាមេរិក​អាច​នឹង​បាញ់​ផ្លោង​មី​ស៊ី​ល​ចេញពី​នាវា​របស់ខ្លួន​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដូច​កាលពី​ឆ្នាំមុន​ពេលដែល​លោក ត្រាំ បញ្ជា​ឲ្យ​គេ​បាញ់​មី​ស៊ី​ល ៥៩ គ្រាប់​ស្រោច​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​។​

​ថ្ងៃ​ពុធ​ម្សិលមិញ​នេះដែរ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស និង​ប្រធាន​ភ្នាក់ងារ​ស៊ី​អាយ​អេ​លោក Mike Pompeo បាន​ជួប​ពិភាក្សាគ្នា​ពី​ជម្រើស​យោធា​ដែល​អាមេរិក​អាច​ប្រើប្រាស់​បាន​ក្នុងការ​ឆ្លើយតប​ចំពោះ​បញ្ហា​ស៊ី​រី​នោះ​។ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ទេ​ថា ជម្រើស​ទាំងនោះ​មាន​អ្វីខ្លះ​ឡើយ​។​
Embed
​ខណៈដែល​ស្ថានការណ៍​កាន់តែ​ក្តៅ ហើយ​ការប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ឡើយ​នោះ​ក្រោយ​ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ​ក្នុងការ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​វិធានការ​ការទូត​នោះ ប្រមុខ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​ភាព​តានតឹង​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដូច្នេះ​៖« ថ្ងៃនេះ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​តំណាង​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​ប្រាំ​ដើម្បី​ប្រាប់​ពួកគេ​ពី​ក្តីបារម្ភ​របស់ខ្លួន​ពី​គ្រោះថ្នាក់​ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​។ ខ្ញុំ​ក៏បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​ចៀសវាង​ឲ្យ​បាន​នូវ​ការ​ប្រ​ឈ​មុខ​គ្នា​និង​ធ្លាក់​ក្នុង​ស្ថានការណ៍​ដែល​គ្រប់គ្រង​លែង​បាន​»​។​

​កាលពី​ថ្ងៃ​អង្គារ ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ​ជាថ្មី​ក្នុងការ​ដាក់ចេញ​ចំណាត់ការ​ក្នុងការ​ស្វែងរក​ការពិត​ជុំវិញ​ព័ត៌មាន​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នេះ​។ អាមេរិក និង​រុស្ស៊ី​ជំទាស់​ដំណោះស្រាយ​ដែល​ពួកគេ​ស្នើឡើង​ទៅវិញទៅមក ព្រោះ​ដំណោះស្រាយ​នោះ​មាន​គោលដៅ​បង្កើត​យន្តការ​ស៊ើបអង្កេត​អន្តរជាតិ​រៀងខ្លួន​ក្នុង​បញ្ហា​ស៊ី​រី​។ ប៉ុន្តែ​ទោះជា​មានការ​បរាជ័យ​ក៏ដោយ អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) បានទទួល​សំណើរ​របស់​រដ្ឋាភិបាល​ស៊ី​រី​ក្នុង​ការចូលទៅ​ស្វែងរក​ការពិត​នៅ​ក្រុង Douma ដើម្បី​ពិនិត្យថា វា​មានការ​ប្រើប្រាស់​អាវុធ​គីមី មែនឬ​អត់​នោះ​។

​ដោយឡែក ទាហាន​រុស្ស៊ី​បានប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ១១ មេសា ផងដែរ​ថា កងទ័ព​ស៊ី​រី​បាន​រំដោះ​ភាគ​ខាងកើត​ក្រុង Ghouta រួម​ទាំ​ក្រុង​ឌូ​ម៉ា រួចរាល់​ហើយ ហើយ​តំបន់​នេះ​នឹង​ស្ថិតក្រោម​ការ​យាមកាម​ពី​សំណាក់​យោធា​រុស្ស៊ី​ផងដែរ​។ ក្រេ​ម​ឡាំង​នៅតែ​បដិសេធ​ដាច់អហង្ការ​ចំពោះ​រាល់​ការចោទប្រកាន់ថា ស៊ី​រី​ឈ្នះ​ក្រុម​ឧទ្ទាម​និង​រំដោះ​បាន​ទឹកដី​នេះ​ដោយសារតែ​ខ្លួន​ប្រើប្រាស់​អាវុធ​គីមី​នោះ​។ មហាអំណាច​នេះ​ក៏បាន​ចោទប្រកាន់ថា ក្រុម​មួ​កស (White Helmet) ដែល​អះអាងថា ខ្លួន​ជា​អ្នក​ជួយសង្គ្រោះ​ជន​ស៊ីវិល​នៅ​តំបន់​ក្រុម​ឧទ្ទាម​កាន់កាប់​នោះ ជា​អ្នក​ដែល​រៀបចំ​សម្តែង​និង​ថត​ពី​ការប្រើប្រាស់​អាវុធ​គីមី​ដើម្បី​ដាក់បន្ទុក​លើ​រដ្ឋាភិបាល​ថែម​ទៀតផង​៕



Tag:
 ដូ​ណា​ល់ ត្រាំ​
  រុស្ស៊ី​
  ស៊ី​រី​
  អាវុធ​គីមី​
  មី​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com